ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-30-A-42-Full

ភ្ញៀវ​ទេសចរណ៍​វៀតណាម​សម្រុក​ចូល​មក​កំសាន្ត​នៅ​ប្រទេស​កម្ពុជា​ តាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​យ៉ាងច្រើន​កុះករ

ស្វាយរៀង ៖ ភ្ញៀវ​ទេសចរណ៍​វៀតណាម​និង​ភ្ញៀវ​អាស៊ី​ អឺរ៉ុប​យ៉ាងច្រើន​ជាតិ​សាស្ត្រ​កំពុង​សម្រុក​ចូល​មក​កំសាន្ត​ក្នុង​ប្រទេស​កម្ពុជា​យើង​តាម​ច្រកទ្វារព្រំដែន ​អន្តរជាតិ​បាវិត​យ៉ាងច្រើន​កុះករ​ក្នុង​រយៈពេល​៣​ថ្ងៃៗ​ទី​២៨.២៩.៣០​ខែមេសា​ឆ្នាំ​២០១៥​នេះ​ មាន​រថយន្ត​ប្រភេទ​ទេសចរណ៍​រាប់រយ​គ្រឿង​ដែល​ដឹក​ភ្ញៀវ​ទេសចរណ៍​ប្រទេស​វៀតណាម​មក​កម្ពុជា​គួរ​ឲ្យ​កត់សំគាល់​។ បើតាម​របាយការ​ណ៍​របស់​នគរបាល​អន្តោប្រវេសន៍​នៅ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យ​ឯក​រា​ជាតិ​របស់​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​ ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ​១៩៧៥​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៥​គំរប់​៣៥​ឆ្នាំ​ដូច្នេះ​ប្រទេស​វៀតណាម​ គេ​ត្រូវ​សំរាក​ការងារ​៥​ថ្ងៃ​បានជា​ភ្ញៀវ​ទេស​ចរណ៍​វៀតណាម​សម្រុក​មក​កំសាន្ត​នៅ​ប្រទេស​កម្ពុជា​យ៉ាងច្រើន​បែបនេះ​។ ម្យ៉ាង​ទៀត​ដោយសារ​ប្រទេស កម្ពុជា​មាន​ស្ថានភាព​នយោបាយ​ល្អ​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ ហើយ​សន្តិសុខ​សណ្ដាប់​ត្រូវ​បាន​ធានា​និង​មាន​តំបន់​ទេសចរណ៍​មាន​រថបានីយដ្ឋាន​ធម្មជាតិ​មាន​ប្រាសាទ​បុរាណ​រាប់ពាន់​ប្រាសាទ​ជាពិសេស​ប្រាសាទអង្គរវត្ត​ ហើយ​តម្លៃ​សេវា​ថ្លៃ​សមរម្យ​ទៀត​បានជា​ភ្ញៀវទេសចរ​សម្រុក​មក​កំសាន្ត​បែបនេះ​។ ប្រភព​នោះ​បាន​បន្ត​ថា ភ្ញៀវ​ទេសចរណ៍​វៀតណាម​ចូល​មក​កាលពី​ថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ​២០១៥​សរុប​រួមមាន​ភ្ញៀវ​ចំនួន​៩៥៨៩​នាក់​ក្នុង​នោះ​ជនបរទេស​ចំនួន​៩១០៤​នាក់​វៀតណាម​ចំនួន​៨៣២៩​នាក់​កម្ពុជា​៤៨៥​នាក់​ភ្ញៀវ​ កាស៊ីណូ​១២៣៥​នាក់​រថយន្ត​Bus២២០​គ្រឿង​ចំណែក​ថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥​ភ្ញៀវ​ចូល​សរុប​៥០៦៩​នាក់​ជនបរទេស​ចំនួន​៤៦០៩​នាក់​វៀត​ណាម​៣៩១៦​នាក់​កម្ពុជា​៤៦០​នាក់​ភ្ញៀវ ​ចូល​មកលេង​កាស៊ីណូ​១៣១៦​នាក់​រថយន្ត​Bus១១៤​គ្រឿង​។​ចំណែក​ថ្ងៃទី​៣០​ ខែមេសា​ នេះ​ភ្ញៀវ​វៀតណាម​នៅតែ​សម្រុក​ចូល​មក​ដដែល​ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ពី​ទូរ​លេខ​នៅឡើយ​។​លោក​វ​រះ​សេនីយ៍​ឯក ខាត់ សារ៉ាត់ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរ​ជាតិ​បាវិត​មានប្រសាសន៍ថា កម្ពុជា​មាន​សក្ដានុពល​ធំធេង​ណាស់​សម្រាប់​ការអភិវឌ្ឍ​ទេសចរ​ណ៍វប្បធម៌ ​និង​ធម្មជាតិ​។ បើ​គិត​អំពី​ប្រាង្គ​ប្រាសាទ​បុរាណ​កម្ពុជា​ជា​ប្រទេស​ តែមួយគត់​ក្នុង​តំបន់​អាស៊ី​ដែល​មាន​ប្រាង្គ​ប្រាសាទបុរាណ​ជាង​១​ពាន់​កន្លែង​ ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​និង​គ្រឹះ​ប្រាសាទ​រាប់ពាន់​កន្លែង​ផ្សេងទៀត​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​ភាព​ញញឹម​រាក់ទាក់​របស់​ប្រជា​ជន​យើង​ព្រមទាំង​មរតក​វប្បធម៌​អរូបី​យ​ជាច្រើន​រាប់មិនអស់​។ លើសពីនេះ​ទៀត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​យើង​មាន​ឆ្នេរសមុទ្រ​ដែល​លាតសន្ធឹង​ លើ​ខេត្ត​ចំនួន​បួន​និង​ប្រវែង​៤៤០​គីឡូម៉ែត្រ ​ហើយ​បាន​ក្លាយជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក​តាំងពី​ឆ្នាំ​២០១១​ និង​ត្រូវ​ប្រសិទ្ធ​នាម​ថា ឆ្នេរសមុទ្រ​កម្ពុជា​តារា​រះ​នៅ​ទិសនិរតី ព្រមជាមួយ​សក្ដានុពល​ នៃ​តំបន់​បឹង​ទន្លេសាប សត្វ​ផ្សោត​ទន្លេមេគង្គ​តំបន់​អេកូ​ទេសចរណ៍​ នៅ​ភូមិភាគ​ឥសាន​និង​និរតី​តំបន់​កសិទេសចរណ៍​ទេស​ចរណ៍​ជនបទ​តំបន់​ទីក្រុង​ទេសចរណ៍​ ដែល​មាន​សុទ្ធ​សឹង​ ជា​ផលិតផល​ទេសចរណ៍​ប្រកបដោយ​គុណភាព​ ហើយ​ដែល​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តម​ភាព​ និង​ភាព​ទាក់ទាញ​ខ្ពស់​សក្ដិសម​នឹង​កិត្តិនាម​ជា កម្ពុជា​ព្រះរាជាណាចក្រ​មច្ឆរិយៈ រួមចំណែក​ដល់​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥​ ដើម្បី​អាស៊ាន​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​និង​ប្រកបដោយ​ភាព​កក់ក្ដៅ​។ សក្ដានុពល​ទាំងនេះ​គឺជា​កម្លាំង​ជំរុញ​និង​ទាក់ទាញ​ទេសចរណ៍​យ៉ាង​ខ្លាំង​ឲ្យ​មក​កម្ពុជា​កាន់​តែច្រើន​ថែមទៀត ​តាម​គ្រប់​មធ្យោបាយ​នៃ​ការ​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស ផ្លូវគោក​និង​ផ្លូវទឹក​ដែល​បច្ចុប្បន្ន​កម្ពុជា​មាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចំនួន​២៤​ដែល​ក្នុង​នោះ​មាន​តាមផ្លូវ​អាកាស​ចំនួន​៣​តាមផ្លូវ​គោក​ចំនួន​១៧​ និង​ផ្លូវទឹក​ចំនួន​៤​ផងដែរ​។ លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ថា អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វា​អន្តរជាតិ​បាវិត​ក្រោម​ឱវាទ​របស់​លោក​ខិតខំ​ធ្វើការ​ងារ​ ដោយ​ពុំ​គិតការ​នឿយហត់​យប់​ឬ​ថ្ងៃ​តាម​ជំនាញ​របស់​ខ្លួន​រក្សា​សន្តិសុខ​សណ្ដាប់ ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ពុំ​រាំងស្ទះ​ម្ដងណា​ឡើយ​។​ជាក់ស្ដែង​ដូច​ថ្ងៃទី​២៨.២៩.៣០​ខែមេសា​ឆ្នាំ​២០១៥​នេះ​ភ្ញៀវ​ទេសចរណ៍​វៀតណាម​សម្រុក​ចូល​មក​កំសាន្ត​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងច្រើន​កុះករ ​ក៏​កម្លាំង​នគរបាល​អន្តោប្រវេសន៍​យើង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​អាយ​ធី​មិន​ធ្វេសប្រហែស​នោះ​ទេ​ ក្នុង​បំណង​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ដល់​ភ្ញៀវ​ឆ្លងកាត់​ផង​ និង​សន្តិសុខ​ប្រទេស​យើង​ទាំងមូល​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684