ព័ត៍មានទាន់​ហេតុការណ៏
Search

មនោសញ្ចេតនា​របស់​លោក John ភ្ញៀវទេសចរ​ជនជាតិ​អាមេរិកកាំង ជាមួយ​ចម្លាក់​ថ្ម​ក្បាល​នាគ ស្ពាន​ខ្លោងទ្វារ​ទន្លេ​អ៊ុំ ឬ​ខ្លោងទ្វារ​ខាងត្បូង​ប្រាសាទបាយ័ន ! ! !

 

សៀមរាប ៖ លោក ឡុង ណា​រី ប្រធាន​ក្រុម​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​នៅក្នុង​ឱទ្យាន​អង្គរ និង​បូរាណ​វិទ្យា​បង្ការ របស់​អាជ្ញាធរ​អប្សរា ដែលមាន​ភារកិច្ច​ដឹកនាំ​ការជួសជុល​ចម្លាក់​ថ្ម​ក្បាល​នាគ​ខ្លោងទ្វារ​ខាងត្បូង​ប្រាសាទបាយ័ន ឬ ខ្លោងទ្វារ​ទន្លេ​អ៊ុំ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥​នេះ​ថា ប៉ុន្មាន​ថ្ងៃ​កន្លងមក​ថ្មីៗ​នេះ លោក JOHN ដែលជា​អ្នកទេសចរ​ជនជាតិ​អាមេរិកាំង បានមក​ឃើញ​ការ​ជួសជុល​ចម្លាក់​ថ្ម​ក្បាល​នាគ​នេះ បន្ទាប់ពី​លោក​ខាន​បាន​មកជួប​ចម្លាក់​ក្បាល​នាគ​នេះ អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក។ លោក JOHN បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​គ្រោះធម្មជាតិ ដែល​ធ្វើ​ឲ្យ​ចម្លាក់​ថ្ម​ក្បាល​នាគ ត្រូវ​ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​លោក​ក៏​ត្រេកអរ​ខ្លាំងណាស់ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បានធ្វើ​ការជួសជុល​ចម្លាក់​ថ្ម​ក្បាល​នាគ​នេះ​បាន​ល្អ ប្រហាក់ប្រហែល​នឹង​រូបភាព​ដើម​ទាំងស្រុង។

លោក TOHN បាន​បង្ហាញ​នូវ​ការ​កត់សម្គាល់​យ៉ាងខ្លាំង ព្រោះថា ជា​រាល់​លើក​ដែល​លោក​បានធ្វើ​ដំណើរ​មកកាន់​អង្គរវត្ត គឺ​លោក​ត្រូវតែ​បាន​ថតរូប​ជាមួយ​ចម្លាក់​ថ្ម​ក្បាល​នាគ​មួយ​នេះ ។ លោក JOHN បានប្រគល់​រូប​ស្កេ​ន​មួយ​ផ្ទាំង សម្រាប់​ទុកជា​ភស្តុតាង​បង្ហាញ​ការពិត ថា​លោក កាលពី​ឆ្នាំ​១៩៦៨ លោក​បាន​ថត​ជាមួយ​ចម្លាក់​ថ្ម​ក្បាល​នាគ​ទន្លេ​អ៊ុំ​នេះ​ម្តង ( កាលណោះ​គាត់​នៅ​ក្មេង ) បន្ទាប់មក​នៅក្នុង​ឆ្នាំ ២០០៥ គឺ​៣៩​ឆ្នាំកន្លងមក​ទៀត គាត់​មាន​វ័យ​ចំណាស់​បន្តិច​ហើយ តែ​គាត់​បាន​ថត​ជាមួយ​ចម្លាក់​ក្បាល​នាគ​ម្តងទៀត។ ឥឡូវនេះ ខែមេសា ឆ្នាំ​២០១៥ ជា​សំណាង​របស់​គាត់ ព្រោះ​គាត់​មិនបាន​ឃើញ​ការ​រង​របួស​របស់​ចម្លាក់​ថ្ម​ក្បាល​នាគ​នេះ​ឡើយ តែ​លោក បានឃើញ​ចម្លាក់​ថ្ម​ក្បាល​នាគ​នេះ នៅពេល​ដែល​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ និង​បានជា​សះស្បើយ​ឡើងវិញ​ហើយ​នោះ។ លោក​បាន​បន្ត​ថា ចម្លាក់​ថ្ម​ទាំងនេះ ថែរក្សា​បាន​កាន់តែ​យូរ កាន់តែ​ចាស់​ឆ្នាំ គឺ​កាន់តែ​មានតម្លៃ ចំណែកឯ​រូបគាត់ កាន់តែ​អាយុ​ច្រើន កាន់តែ​ចាស់​មិន​ដឹង​ថា​រូប​គាត់ បាន​ជួប​ចម្លាក់​ថ្ម​ក្បាល​នាគ​នេះ ដល់​ពេលណា​នោះ​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684