ព័ត៍មានទាន់​ហេតុការណ៏
Search
kpt

ទស្សនៈ បើ​អត់ គឺ​ឃ្លាន​!

 

ពាក្យចាស់​តែង​ទុកជា​បណ្តាំ​ថា បើ​អត់ គឺ​ឃ្លានបើ​មាន គឺ​ឆ្អែត។ ជា​ការពិត​ជាក់ស្តែង​ដូច​យើង​ធ្លាប់​រស់នៅ និង​បាន​ឆ្លងកាត់​ក្នុង​របប​ប៉ុល​.​ពត​រួច​មក​ហើយ​ដែល​យើង​បាន​ស្គាល់​នូវ​អត្ថន័យ នៃ​ពាក្យចាស់​មួយ​ឃ្លា​នេះ​ពិតប្រាកដ​នោះ។

ពាក្យចាស់​លោក​បាន​បញ្ជាក់ អំពី​ការ​ឃ្លាន និង​ការ​ស្រេក នូវ​ចំណីអាហារ​សម្រាប់​ចម្អែត​ក្រពះ​ដែល​នៅ​ពេល​ដែល​យើង​ក្រខ្សត់ រក​បាយ​ហូប​មិនបាន​នោះ​គឺ​ពេលនោះ​ហើយ​ដែល​យើង​បាន​ស្គាល់​នូវ​តម្លៃ​បាយ​បាន​ច្បាស់​។ ប៉ុន្តែ​ក្នុងពេលដែល​យើង​មាន​បាយ​សម្បូរពោរពាស​នោះ គឺ​យើង​មិនបាន​ផ្តល់​នូវ​តម្លៃ​បាយ​នោះ​ទេ​ព្រោះ​យើង​គិតថា វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ ដោយឡែក​ចំពោះ​មនុស្ស​ពិការ​អវយវៈ និង​មានការ​បាត់បង់​ទ្វារ វិញ្ញាណ​ណាមួយ​នោះ គឺជា​ប្រការ​ដែល​គួរ​ឲ្យ​មានការ​សោក​ស្តាយ ព្រមទាំង​ផ្តល់​តម្លៃ​ខ្ពស់​តាមរយៈ​ការ​ស្គាល់​តម្លៃពិត​របស់​វា​ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ។

ការ​ខ្វះខាត​នេះ​ហើយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​កាន់តែ​មានការ​ស្រេកឃ្លាន ខ្លាំង​ឡើងៗ។ នេះ​ហើយ​ដែល​ពាក្យចាស់​បាន​ពោល​ថា រោគ អ្វី មិន​ស្មើនឹង រោគ​ឃ្លាន។ មាន​ឧទាហរណ៍ ក្នុង​រឿង​ពុទ្ធិ​សែន​នាង ក​ង្រី នៅ​ពេល​ដែល​នាង ទាំងពីរ​ដណ្តប់​ត្រូវ​យក្ស​សន្ធិ​មារ ចាប់​យក​ទៅ​ទុក​ក្នុង​អណ្តូង​នោះ ហើយ​ដែល​ជា​ពេល អត់​អាហារ​បរិភោគ​ផង​ដែរ​ពេលនោះ​សូម្បីតែ​ទឹកចិត្ត​ស្នេហា​បុត្រ​ក៏ រលាយ​សាបសូន្យ អស់​ដែរ​ព្រោះតែ​អំណាច​នៃ​រោគ​ឃ្លាន​បាន​បៀតបៀន​យាយី​ក្នុង​ខ្លួន និង​ក្នុង​ចិត្ត។ ពេលនោះ​ហើយ​ដែល សាច់រឿង​បានបង្ហាញ​អំពី​សកម្មភាព​នៃ​មាតា​ទាំងពីរ​ដណ្តប់​បាន​ហែក​កូន​ខ្លួនឯង​បរិភោគ ចំអែត​ក្រពះ។

ក្រៅ​អំពី​រោគ ឃ្លាន​អាហារ គឺ​រោគ​តណ្ហា​ដទៃទៀត​ក៏​កាច​សាហាវ​ណាស់​ដែរ ដូចជា​រោគ​ឃ្លាន​ទ្រព្យសម្បតិ្ត និង​រោគ​ឃ្លាន​អំណាច​បុណ្យ​សក្តិ​ជាដើម​។ អ្វី​ដែល​កំពុង​ឋិត​ក្នុង​សេចក្តី​ប៉ងប្រាថ្នា តែ​មិនទាន់​បានសម្រេច​នោះ គឺជា​ក្តី​កង្វល់​អន្ទះអន្ទែង ច្រាស់ច្រាល់​ឆ្លេឆ្លា ក៏​វា​មិន​ខុសពី រោគ​ឃ្លាន​អាហារ​នោះដែរ​។ នៅក្នុង​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​បាន​ចែង​ថា អ្វី​ដែល​ជា​ការ​ប៉ងប្រាថ្នា នៅ​មិនទាន់​បានសម្រេច​នោះ វា​ជា​ទុក្ខ​កង្វល់ ឬ​ជា​ទុក្ខ​ព្រួយ​ដ៏​ក្រៃលែង​។ រីឯ​អ្វី​ដែល​បានសម្រេច​ហើយ​តែ​ជា​ការ​បានមក​នូវ​រប​ស់​មិន​ជាទី​គាប់ចិត្ត​នោះ​ក៏​វា​ជា​ទុក្ខ​ព្រួយ​យ៉ាង​ជូរចត់​បំផុត​ដែរ។

ទាំង​ការងារ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​គ្រប់​ប្រភេទ​ហើយ​ដែល​រាប់ទាំង​អ្នក​ធ្វើអាជីវកម្ម​ខាង​នយោបាយ ឬ​ហៅថា ជាការ​រកស៊ី​ខាង​ធ្វើ​នយោបាយ បញ្ច្រាសស្រកី យ៉ាង​ទទឹងទិស ផង​ក៏​វា​បណ្តាល​មក​ពី​ការស្រេកឃ្លាន បាន​បញ្ជា​មក​ដែរ​។ ការស្រេកឃ្លាន​ទ្រព្យសម្បតិ្ត និង​បុណ្យ​សក្តិ​ព្រមទាំង​អំណាច​នេះ​វា​បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សេចក្តី​សុខ​របស់​អ្នកដទៃ​ជាច្រើន ឲ្យ​លង់លុះ​ទៅជា​មួយ​ខ្លួន​ក្នុង​ការ​ចូលរួម​ប្រជែង​យក​ផលប្រយោជន៍​របស់​ខ្លួន​ផង​ដែរ​។ អ្នកនយោបាយ​ខ្លះ​បាន​ធ្វើ​អាជីវកម្ម​ខាង​ការ​បង្ក​ជា​ជម្លោះ​បង្កើត​ជា​វិបត្តិ​ផ្ទៃក្នុង បណ្ដាល​ឲ្យ​មានការ​ប្រេះឆា​ហែកហួរ​ផ្ទៃក្នុង​រហូត​ឈាន​ដល់​មាន​ភ្លើងសង្គ្រាម​ឆាបឆេះ ឲ្យ​អន្តរាយ​ស្រុកទេស​ផង​។ គេ​តែង​និយាយ​ថា បើ​ជេរ ឬ​ឈ្លោះ​ទើប​គេ​ឲ្យ​លុយ​។ ផ្ទុយទៅវិញ​បើ​នៅ​ស្ងៀម ឬ​មិន​ជេរ​បញ្ចោរ ច្រាស​ឆ្អេះ​គេ​ទេ នោះ​ប្រាកដជា​មិនមាន​ជំនួយ​ដល់ដៃ​នោះទេ។

យ៉ាងនេះ​ហើយ​ទើប​ជន​ដែលជា​អ្នកធ្វើអាជីវកម្ម​នយោបាយ​របៀបនេះ​តែង​ខំប្រឹង​ជេរ ឬ​ធ្វើការ​ប្រឆាំង​ទាំង​ងងើល​បំផុត ដូច​មាន់​ខ្វាក់​នៅក្នុង​សង្វៀន​បញ្ជល់​យ៉ាង​នោះដែរ​។ ដ្បិត​ជន​នោះ​មិនមែន​ឆោតល្ងង់​ឯណា គឺ​គេ​ធ្វើការ​ប្រឆាំង​ដើម្បី​ប្រមូល​លុយ​ពី​ក្រៅ​យកទៅ​ឲ្យ​ស្រី​រាប់​ភ្លេច យកទៅ​ទិញ​ផ្ទះ ទិញ​ដី​….​សប្បាយ​ហ៊ឺហា ព្រោះ​គេ​រកស៊ី​បាន​កាក់កប​យ៉ាងនេះ​ទើប​គេ​ចេះតែ​ប្រឹង​ស្ទុះស្ទា​ហាក់ដូចជា​កំពុង​ស្រេកឃ្លាន​យ៉ាង​ដាច់ដាប​បំផុត​ដោយ​គេ​ស្រេកឃ្លាន​ទ្រព្យ និង​អំណាច​យ៉ាង​តក់ក្រហល់ ឈរជើង​មិន​នឹង​នោះ​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684