ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-30-15-s-full

យើង​បង្រៀន​គេ ធ្វើអោយ​យើង​កាន់តែ​ចេះ​ចាំ​ស្ទាត់

 

ទម្លាប់​ល្អ​របស់​សិស្ស​នៅពេល​ទំនេរ​ក្រៅពី​ម៉ោង​សិក្សា តាម​កាលវិភាគ​ប្រចាំ​សប្តាហ៍​នោះ ឬ​ក្រៅពី​ម៉ោង​រៀន​ជាមួយ​គ្រូ​នោះ សិស្ស​តែង​ជួបជុំគ្នា​ហើយ​បាន​នាំ​គ្នា​រៀន​តាមរយៈ​ការ​ធ្វើ​លំ​ហាត់​នានា នៃ​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជាដើម។ សិស្ស​ម្នាក់ៗ​ដែល​បាន​ប្រជុំ​គ្នា​រៀន​ដោយ​ការ​ធ្វើ​ដំណោះស្រាយ​លំ​ហាត់​តែង​បាន​យល់ និង​មាន​ភាពភ្លឺស្វាង ព្រោះ​គេ​បាន​ឡើង​ពន្យល់ ឬ​បង្ហាញ​គ្នា​ម្តងម្នាក់ៗ។

ត្រង់​ចំណុច​នៃ​ការ​រៀន​ដែល​មានការ​ស្តាប់​ការ​ឃើញ និង​ការអនុវត្ត​ផ្ទាល់​នោះ គេ​បានដឹង​តាម​ទ្រឹស្តី​គរុកោសល្យ មួយ​ឃ្លា​ពោល​ថា ការ​ឮ​តែង​ឆាប់​ភ្លេច​ទៅវិញ​។ ឯ​ការ​ឃើញ​នោះ​តែង​មានការ​នៅ​ចងចាំ​ខ្លះ​។ ប៉ុន្តែ​បើ​សិស្ស​បានធ្វើ​ឬ​បាន​អនុវត្ត​ផ្ទាល់ខ្លួន​នោះ​តែង​បាន​ទទួលផល​ល្អ​នៃ​ការសិក្សា​សមតា​ម​បំណងប្រាថ្នា​នោះ​គឺ បាន​ចេះ​ចាំ​ច្បាស់​តែម្តង​។ ជាក់ស្តែង​ការរៀន​របស់​សិស្ស​ក្នុង​លក្ខណៈ​ជា​ក្រុម​នោះ​ក៏​គេ​ឃើញ​សិស្ស​បានធ្វើ​សកម្មភាព​គ្រប់គ្នា​។ ទាំង​សិស្ស​បាន​ស្តាប់​នូវ​យោបល់​គ្នា​ទៅវិញទៅមក ទាំង​សិស្ស​បានឃើញ​ការសរសេរ ឬ​ការ​ស្រាយ​បញ្ជាក់​ពី​មិត្តភក្តិ និង​ទាំង​សិស្ស​បានធ្វើ​ខ្លួនឯង​ដោយ​ការសរសេរ​រៀបចំ​តាម របៀបរៀបរយ​និង​មាន​សណ្តាប់ធ្នាប់​ហូរហែ​ជា​បន្តបន្ទាប់​នោះ​ហើយ​ដែល​ធ្វើអោយ​សិស្ស​នោះ​កាន់​តែមាន​ទម្លាប់​ល្អ ដោយមាន​ការចេះ​ចាំ​ហៅថា បាន​ភ្លឺស្វាង​យ៉ាងច្រើន​។

លក្ខណៈ​ពិសេស​នោះ​គឺ​សិស្ស​មានការ​ឡើង​បង្រៀន​គ្នា ឬ​ជាការ​ពន្យល់​បង្ហាញ​គ្នា​នោះ​ហើយ​ដែល​ហាក់ដូច​ជាការ​រំលឹក​ឡើងវិញ​អោយ​កាន់តែ​ស្ទាត់ជំនាញ​បន្តទៅទៀត​។ ដូច​ទ្រឹស្តី​គរុកោសល្យ​បាន​បញ្ជាក់ថា អ្វីដែល​សិស្ស​បានធ្វើ​ដដែលៗ​នោះ​វា ជា​អាវុធ​នៃ​ការសិក្សា​(La répétion est l’arme de l’éducation)។ ចំពោះ​សិស្ស​ដែល​បាន​បង្រៀន​គេ​ត្រង់ចំណុច​ណា​នៃ​មេរៀន​នោះ​ហាក់ដូចជា​មានឱកាស​នៃ​ការ​រំលឹក​មេរៀន​សា​ឡើងវិញ​នៃ​សិស្ស​ដែល​នោះ​តែម្តង​។ ជាពិសេស​គេ​សង្កេតឃើញ​សិស្ស​ម្នាក់ៗ​ពុំមាន​ការធុញទ្រាន់​ក្នុងការ​បង្រៀន​គ្នា​នោះទេ​។ លើសពី​នេះ​ទៅ​ទៀត​គឺ គេ​ខំ​ប្រឹងប្រែង​សំដែង​ចេញ​អោយ​អស់ពី​សមត្ថភាព​ផ្ទាល់ខ្លួន​ដើម្បី​បង្រៀន​គេ​(​សិស្ស​ដទៃទៀត​)​ដោយ​ពុំ​គិត​ពី​ការនឿយហត់ ឬ​ពុំ​គិត​ពី​ផល​កម្រៃ​អ្វី​ឡើយ។

កន្លងមក​គេ​តែង​បាន​ដឹង​ថា សិស្ស​ដែល​រៀន​ពូកែ​តែង​សម្បូរ​មិត្តភក្តិ ច្រើនជាង​សិស្ស​ដែល​រៀន​មិនសូវ​ពូកែ​។ ដ្បិត​សិស្ស​ដែល​រៀន​ពូកែ​នោះគេ​យល់ថា អាចធ្វើ​ការសាកសួរ​មេរៀន​ផង និង​ធ្វើ​ការងារ​ក្រុម​ដើម្បីអោយ​សិស្ស​នោះបាន​ឡើង​ពន្យល់​បង្ហាញ​ផង​។ ចំពោះ​ភារកិច្ច​នៃ​ការងារ​រៀន​ជា​ក្រុម​នោះ គឺ​សិស្ស​ម្នាក់ៗ​ដែលជា​សមាជិក​ក្រុម​អាច​ឡើង​បង្រៀន​គ្នា​ទៅវិញទៅមក​។ អ្នក​ដែល​ឡើង​មាន​យោបល់​និង​ជា​អ្នក​ពន្យល់​គេ​នោះ មានន័យថា ជា​អ្នកផ្តល់​ចំណេះដឹង​ឲ្យគេ​។ ចំណែក​អ្នក​ដែល​អង្គុយ​មើល​និង​ស្តាប់​គេ​នោះ​មាន​ឈ្មោះថា ជា​អ្នក​ទទួល​យក​ចំណេះដឹង​ពី​គេ​។ ទាំង​អ្នក​ផ្តល់​ឲ្យគេ​និង​ទាំង​អ្នក​ទទួលយក​ពី​គេ​នោះ​គឺ​ហៅថា ជាការ​ចែករំលែក​បទ​ពិសោធន៍​អោយ​គ្នា​ទៅវិញទៅមក ដែល​សមាជិក​ទាំងអស់​គ្នា​ត្រូវ​បាន​ទទួល​នូវ​ចំណេះដឹង​កាន់​តែ​មាន​ភាព​ភ្លឺស្វាង​ដូចគ្នា។

ជាពិសេស​ចំពោះ​ការចាប់អារម្មណ៍​ទូទៅ​តែង​យល់ថា អ្នកណា​បង្រៀន​គេ​ច្រើន​គឺ អ្នកនោះ​ចេះ​ច្រើន​ឬ​កាន់តែ​យល់​ច្រើន​។ ឧទាហរណ៍​គ្រូបង្រៀន​ដែល​គាត់​ចេញ​ធ្វើការ​បង្រៀន​សិស្ស​ជា​យូរ​ឆ្នាំ​ទៅលើ​មុខវិជ្ជា​ណាមួយ​ដដែលៗ​ដូចជា​គណិតវិទ្យា​ជាដើម​នោះ គឺ​គ្រូបង្រៀន​នោះ​តែង​មាន​បទពិសោធន៍​ជាច្រើន​និង​កើន​ប្រាជ្ញា​ភ្លឺ​ថ្លា ដែល​ធ្វើអោយ​គាត់​ស្ទាត់ជំនាញ​បំផុត​។ ចំពោះ​ទឹកចិត្ត​សិស្សៗ​គឺ​តែង​ចូលចិត្ត​ទៅ​រៀន​ពី​គ្រូ​ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ ព្រោះ​ការ​បង្រៀន​ជាច្រើន​ដង​នេះ​វា​ជា​អាវុធ​ដ៏​ស័ក្តិសិទ្ធិ​នៃ​ការសិក្សា​។ ចំណែក​ឯ​សិស្ស​បង្រៀន​សិស្ស​វិញ​នោះ​ក៏​ធ្វើអោយ​សិស្ស​ជា​អ្នក​បង្រៀន​នោះ​កាន់តែ​មានការ​ស្ទាត់ជំនាញ និង​កាន់តែ​ចេះ​ចាំ​ច្រើនឡើង​ពិតប្រាកដ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684