ព័ត៍មានទាន់​ហេតុការណ៏
Search

ទិដ្ឋភាព​ស្ងប់ស្ងាត់ នៃ​ប្រាសាទ កុដិ​គូរ ខេត្តសៀមរាប

 

នៅ​ខេត្តសៀមរាប មាន​ប្រាសាទតូច​មួយ​ឈ្មោះថា ប្រាសាទ “​កុដិ​គូរ​“​។ បើ​តាម​សេចក្តី​ពន្យល់​ខាងក្រោម​នៃ​អត្ថបទ​ទំព័រ​១៣៩ សៀវភៅ​តំបន់​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​លោក កែវ ភួង បាន​ឲ្យ​ដឹង​ថា ពាក្យ​កុដិ​គូរ ជា​ភាសាសំស្ក្រឹត មានន័យថា​ជា​ម្ចាស់​កុដិ​។ តាមរយៈ​ឯកសារ​នេះ​ដដែល បានបញ្ជាក់​អំពី​ប្រវត្តិ​ព័ត៌មាន​សង្ខេបនៃ​ប្រាសាទ​កុដិ​គូរ ដូចតទៅ​នេះ ៖

ប្រាសាទ​កុដិ​គូរ មាន​ទីតាំង​ឋិត​នៅ​ខាងកើត​ប្រាសាទតាព្រហ្ម និង​ខាងជើង​ប្រាសាទ បន្ទាយក្តី​គឺ​នៅក្នុង​ភូមិ​រហាល ខាងលិច​ភូមិ​ស្រះស្រង់​ខាងជើង​។ ប្រាសាទ​នេះ​មានព្រៃ​ដុះ​ព័ទ្ធ​ជិត ហើយ​ដែលមាន​តួ​ប៉ម​ចំនួន​បី កសាង​អំពី​ឥដ្ឋ បែរមុខ​ទៅ​ទិសខាងកើត​។ តាមរយៈ​ភស្តុតាង​ដ៏​សំខាន់​មួយ​គឺ គេ​រកឃើញ​សិលាចារឹក​កាលពី​គ​.​ស​១៩៣០ បានឲ្យដឹងថា ប្រាសាទ កុដិ​គូរ​នេះ​កសាងឡើង​តាំងពី​សតវត្សរ៍​ទី​៩ នៃ​គ្រិស្តសករាជ​គឺ​ក្នុង​រាជ​ព្រះបាទ ជ័យ​វរ្ម័នទី​២ និង​មានការ​សាង​រូប​ថ្មី​ដោយ​មិនដឹង​ជា​រូបចម្លាក់​ឬ​បដិមា ថ្មី​នេះ​ទេ នៅ​សតវត្សរ៍​ទី​១០ ក្នុង​រាជ​ព្រះបាទ​រា​ជិ​ន្ទ្រា​វរ្ម័ន។

ក្រៅពី​នេះ​ប្រាសាទ កុដិ​គូរ ពុំ​មាន​ប្រវត្តិ​ព័ត៌មាន​អ្វី​កត់ត្រា សម្រាប់​សម្គាល់​ឲ្យ​បាន​ច្រើន​នោះទេ​។ ប៉ុន្តែ​ប្រាសាទ​នេះ បានបង្ហាញ អំពី​រជ្ជកាល​នៃ​ព្រះមហាក្សត្រ​នៃ​ការកសាង​ឡើង​នោះ ក៏​គេ​អាចធ្វើ​ការសន្និដ្ឋាន​ជា​ជំហាន​មួយ​គួរ​យកជាការបាន​នោះ គឺ​ប្រាសាទ​នេះ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញ សាសនា​។ ដ្បិត​ទាំង​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ និង​ទាំង​ព្រះបាទ រា​ជិ​ន្ទ្រា​វរ្ម័ន សុទ្ធតែជា​ព្រះមហាក្សត្រ​ដែលមាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុង​សាសនាព្រាហ្មណ៍​ជាពិសេស ខាង​និកាយ​ព្រះ​ឥសូរ យ៉ាងពិត​ប្រាកដ​។ ទន្ទឹមនេះដែរ គឺ​ប្រាង្គ​ប្រាសាទ​ទាំងបី​នៃ​ប្រាសាទ កុដិ​គូរ​ក៏​រមែង​មាន​ប្រាង្គ​ប្រាសាទ​កណ្តាល​ជា​ទម្លាប់​ដូចជា​ប្រាសាទបន្ទាយស្រី​ជាដើម ក្នុងការ​តម្កល់​បដិមា​តំណាង​ព្រះ​ឥសូរ​ជាពិសេស​តំណាង​ដោយ​ព្រះ​សិវលិង្គ និង​បល្ល័ង្ក​ឧមាយោនី​តែម្តង​។ លើស​ពី​នេះ​ទៅ​ទៀត​គឺ​ការ​ធ្វើ​សក្ការបូជា​ព្រះ​សិវលិង្គ​នេះ​ហើយ​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រះអង្គ​ទ្រង់​ប្រារព្ធ​ពិធី​ដ៏​សំខាន់​មួយ​ហៅថា ជា​ពិធី​ទេវរាជ​នោះ​។ ប៉ុន្តែ​បើ​ព្រះអង្គ កសាង​ប្រាសាទភ្នំ​មិនទាន់​បាន​ទេ​នោះ​ក៏​ការ​ប្រារព្ធ​ពិធី​ទេវរាជ អាច​ឋិត​នៅត្រង់​ប្រាសាទ កុដិ​គូរ នេះ​តែម្តង​។ ដ្បិត​បើ​តាម​កាលបរិច្ឆេទ​នៃ​ការ​កសាង​ប្រាសាទ កុដិ​គូរ​នេះ ឃើញថា​មុន​ប្រាសាទ បាខែង​ទៅទៀត ព្រោះ​ប្រាសាទ បាខែង​កសាង​នៅ​គ​.​ស​៨៩០ ដោយ​ព្រះបាទ​យ​សោ​វរ្ម័នទី​ទី​១​។ ដោយឡែក​ប្រាសាទ កុដិ​គូរ​ដែល​កសាង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​២​នោះ គឺជា​ពេលមុន​នៃ​ការ​កសាង​ប្រាសាទ បាខែង​ពិតប្រាកដ​។ ប៉ុន្តែ​ចំពោះ​ឯកសារ​នៃ​សិលាចារឹក​បាន​បញ្ជាក់​ថា ប្រាសាទ កុដិ​គូរ​មានការ​កសាង​រូប​ថ្មី​ទៀត​ក្នុង​សតវត្សរ៍​ទី​១០ ក៏​ជា​សម័យ​ដ៏​រុងរឿង​នៃ​ការ​រីកចម្រើន​ក្នុង​ជំនឿ​បែប​ព្រហ្មញ្ញ សាសនា​ផងដែរ​។ តែ​អ្វី​ដែល​ជា​ការ​មន្ទិលសង្ស័យ​នោះ​ត្រង់ចំណុច​ដែល​បាន​បញ្ជាក់​ថា តើ​ការ​កសាង​រូប​ថ្មី​តម្កល់​ក្នុង​ប្រាសាទ កុដិ​គូរ​នោះ​ជា​រូប​អ្វី​ទៅ​? ជា​បដិមា​តំណាង​អ្វី​? និង​ជា​ចម្លាក់​តាម​ជញ្ជាំង​ឬ​?…។​

ចំពោះ​ការវិភាគ​អំពី​ឈ្មោះថា ប្រាសាទ កុដិ​គូរ​ទៀត​នោះ​ដែល​យើង​បាន​បង្ហាញ​ខាងដើម​អត្ថបទ​ថា ជា​ពាក្យ​សំស្ក្រឹត​ប្រែ​ថា ជា​“​ម្ចាស់ កុដិ​“​។ កុដិ​ប្រែ​ថា ជា​លំនៅ​ដ្ឋាន​របស់​អ្នកបួស​ដែល​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។ ដូចនេះ​ប្រហែលជា​ប្រាសាទ កុដិ​គូរ នេះ​ពី​គ្រា​ដំបូង​ឡើយ មាន​អ្នក​នៅ​ថែរក្សា​ដោយ​អ្នកបួស បើតាម​វត្ត​នៃ​ពុទ្ធសាសនា​យើង​វិញ កុដិ​គឺជា​កន្លែង​ព្រះសង្ឃ​គង់នៅ ឬ​ស្នាក់នៅ​។​

សរុប​មក​ទាំង​ប្រាង្គ​ប្រាសាទ ឬ​វត្ត​អារាម​ជា​មូលនិធិ​ខាង​សាសនា សម្រាប់​បម្រើឲ្យ​ផលប្រយោជន៍​សាធារណៈ​ក្នុង​សង្គម និង​ក៏​ជាទី​កន្លែង​ធ្វើ​សក្ការបូជា ប្រកបដោយ​ជំនឿ​ដ៏​មុតមាំ​ក្នុងការ​បង្កើត​នូវ​ក្តីសង្ឃឹម ជឿជាក់​និង​ជោគជ័យ​សមតា​ម​បំណងប្រាថ្នា​ពិតប្រាកដ៕

ឥន្ទ្រី​យ៍​ខ្មៅ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684