ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ប្រមាញ់​បាន​រថយន្ត​របស់​មន្ត្រី​អង្គការ​ការពារ​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន​ម្នាក់ ដែល​​ចរាចរ​ឈើ​ក្រញូង​ខុសច្បាប់

 

ក្រចេះ​ ៖ ​រថយន្ត​ដឹក​ឈើ​គ្រញូង​របស់​មន្ត្រី​ការពារ​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន ​ប្រចាំ​ខេត្ត​ព្រះវិហារ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ក្រចេះ​ ធ្វើការ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​២​និង​៣០​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​ក្រចេះ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ឈើ​គ្រញូង​ខាង​លើ​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​អង្គការ​ការពារ​ព្រៃឈើ​សត្វព្រៃ​ម្នាក់​ឈ្មោះ​ខេន វ៉ៃ រស់នៅ​ភូមិ​គីឡូ​១២ ឃុំ​កោះ​សា​ពាយ ​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ​មាន​តួនាទី​ជា​អនុប្រធាន​ទី​១​ ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​ និង​ការពារ​ព្រៃឈើ​សត្វព្រៃ​ប្រចាំខេត្ត​ព្រះវិហារ ​បាន​ប្រើប្រាស់ នូវ​រថយន្ត​ម៉ាក កាមរី​ស្វិត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ង​៩៩៩៥ ភ្នំពេញ​២ ដឹក​ឈើ​គ្រញូង​ចេញពី​ខេត្ត​ស្ទឹងត្រែង ឆ្លងកាត់​ខេត្ត​ក្រចេះ ​ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចម្រុះ​តាម​ប្រមាញ់​បាន​នៅ​ចំណុច​ខាងលើ។

ប្រភព​បន្ត​​ថា​ បន្ទាប់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការ​​​ មួយ​ថា​រថយន្ត​របស់​មន្ត្រី​អង្គការ​ខាងលើ បានធ្វើ​សកម្មភាព​ដឹក​ឈើ​គ្រញូង​ខុសច្បាប់​នោះ សមត្ថកិច្ច​បាន​ដាក់​​កម្លាំង​ តាម​ប្រមាញ់​ចាប់ពី​ចំណុច​ឃុំ​អូរគ្រៀង ទៅដល់​ស្រុក​ឆ្លូង។ ខណៈ​ក្រុម​សមត្ថកិច្ច​តាម​ប្រមាញ់​ពីក្រោយ​ រថយន្ត​ដឹក​ឈើ​របស់​អង្គការ ខាងលើ​នោះ​បាន​បើក​កៀរ​រថយន្ត​សមត្ថកិច្ច ចំនួន​ពីរ​គ្រឿង ហើយ​ព្យាយាម​បន្ត​​បើក​រត់គេច ​បញ្ច្រាស​ទិស​ត្រឡប់​ចូល​មក​ទី​រួម​ខេត្ត​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន រួម​នឹង​មនុស្ស​ស្រី​ម្នាក់ ចំណែក​មន្ត្រី​ខាងលើ និង​បក្សពួក​គេ​ម្នាក់ ទៀត​គេច​ខ្លួន​បាត់។

ឈើ​គ្រញូង​ជាង​១០០​ដុំ ស្មើ​នឹង​១៨៩​គីឡូក្រាម រួម​នឹង​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​រក្សាទុក​នៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​ចាប់​ឃាត់​បាន​ ហើយ​មន្ត្រី​ជំនាញ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684