ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាកសិករ​ធ្វើ​ចំការ​តាម​ដង​ទន្លេ ប្រមូល​ផល​ល្ង​បាន​រាប់រយ​តោន​ក្នុងឆ្នាំនេះ​

 

កំពង់ឆ្នាំង ៖ ដំណាំ​ល្ង​នៅក្នុង​ឆ្នាំនេះ ត្រូវ​បាន​ប្រជាកសិករ​ដែល​រស់​នៅតាម​ដង​ទន្លេ​បាន​នាំ គ្នា​ដាំ​ដុះ​យ៉ាង​ផុលផុស ព្រោះតែ​ល្ង​មាន​តំលៃ​ខ្ពស់​។ ជាក់ស្តែង​រយៈពេល​២​ខែ​នេះ ប្រជាកសិករ​បាន​ប្រមូល​ផល​ល្ង​យក​មក​លក់​នៅ​ទីផ្សារ​បាន​រាប់​រយ​តោន ហើយ​ត្រូវ​បាន​ឈ្មួញ កណ្តាល​ដឹកជញ្ជូន​យក​ទៅលក់​នៅ​ភ្នំពេញ និង​បន្ត​ទៅ​លក់​នៅ​ប្រទេសជិតខាង​។​

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ គេ​ឃើញ​នៅ​កំពង់ផែ​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុង​សង្កាត់​ផ្សារឆ្នាំង មាន​កាណូត​ធំៗ​ជាច្រើន​គ្រឿង​បាន​ដឹក​ផល​ល្ង​រាប់សិប​តោន យក​មក​លក់​ឲ្យ​ឈ្មួញ​កណ្តាល​នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង​។ នៅតាម​ផ្ទះល្វែង​មាត់ទន្លេ​ផ្សារ​ក្រោម​ប្រមាណ​ជាង​១០​កន្លែង គេ​ឃើញ​ឈ្មួញ​កណ្តាល​ដែល​ជា​អ្នកទទួល​ទិញ​ផល​ល្ង​ស្តុក​ទុក​ក្នុង​១​ផ្ទះៗ​រាប់សិប​តោន​។​លោក ឡេង សារុន ជា​អ្នកទទួល​ទិញ​ផល​ល្ង​ម្នាក់​បាន​និយាយ​ឲ្យដឹងថា គាត់​បាន​ទទួល​ទិញ​ផល​ល្ង​នេះ​រយៈ ពេល​២​ខែ​ហើយ ប៉ុន្តែ​ផល​ល្ង​ក្នុងឆ្នាំនេះ​បាន​ថយចុះ​ជាង​ឆ្នាំមុន ដោយសារ​តែ​ធាតុអាកាស​ក្តៅ​ខ្លាំង​។ ដោយឡែក​តម្លៃ​ល្ង​នៅក្នុង​ថ្ងៃនេះ ក្នុង​១​គីឡូក្រាម​ទិញ​ចូល​៧៦០០​រៀល ប្រៀបធៀប​នឹង​ឆ្នាំ​ចាស់​ទិស​ចូល​៨០០០​រៀល​។​

អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ សាវុធ ជា​អ្នកស៊ីឈ្នួល​ដឹក​ល្ង​ពី​ខេត្តកំពង់ឆ្នាំង​យកទៅ​ភ្នំពេញ​បាន​និយាយ​ឲ្យដឹងថា ជាង​១០​ថ្ងៃនេះ​គាត់​បាន​ដឹក​ល្ង​ក្នុង​ថ្ងៃ​បាន​១​ជើង និង​ក្នុង​១​ជើង​មាន​ទម្ងន់​១០​តោន យក​ទៅឲ្យ​ថៅកែ​ស្តុក​ទុក​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ល្ង​នេះ​ត្រូវ​ឈ្មួញ​ទិញ​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​និង​ចិន​។ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥​នេះ​ថា តាម​របាយការណ៍​ដែល​លោក​ទទួល​បាន​ពី​បណ្តា​ស្រុក មកដល់​សប្តាហ៍​នេះ ប្រជាកសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដាំ​ដុះ​ល្ង​លើ​ផ្ទៃដី​សរុប​ចំនួន​៥២០​ហិកតា និង​ប្រមូល​ផល​ល្ង​បាន​ចំនួន​២៥០​តោន​ហើយ ស្មើនឹង​៩០%​នៃ​ផល​សរុប​។ ដោយឡែក​ការប្រមូល​ផល​ល្ង​ក្នុង​១​ហិកតា​ប្រមូល​ផល​បាន​ពី​៦០០​ទៅ​៧០០​គីឡូក្រាម​។​

លោក ប៉ាត់ គន ជា​អ្នក​ដាំ​ល្ង​ម្នាក់​រស់នៅ​ក្នុងភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូ ស្រុក​កំពង់លែង​បាន​និយាយ​ឲ្យដឹងថា ការដាំដុះ​ដំណាំ​ល្ង​នេះ ត្រូវមាន​ការថែទាំ​បាញ់ថ្នាំ​ការពារ​សត្វល្អិត បាញ់ថ្នាំ​បំប៉ន​ផ្លែផ្កា​ឲ្យ​បាន​ម៉ត់ចត់​ដែល​ក្នុង​១​ហិកតា ត្រូវ​ចំណាយ​ថវិកា​ទិញ​ថ្នាំ​បាញ់​អស់ប្រាក់​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល ហើយនឹង​ត្រូវ​ទទួលផល​មកវិញ​ក្នុង​រយៈពេល​៣​ខែ​កន្លះ​ទៅ​៤​ខែ និង​បាន​ផល​ពី​៧០០​ទៅ​៨០០​គីឡូ​ក្នុង​១​ហិកតា នឹង​អាច​លក់បាន​ប្រាក់​ក្នុង​១​ហិកតា​ពី​១៥០០​ទៅ​២០០០​ដុល្លា​តាម​តម្លៃ​ថ្លៃ​ឬ​ថោក គឺ​បាន​កម្រៃ​ខ្ពស់ជាង​ដំណាំ​ផ្សេងៗ​ធ្វើអោយ​ជីវភាព​គ្រួសារ​ពួកគាត់​បាន​ធូរធារ​មួយ​កំរិត​ផងដែរ​៕ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684