ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-1-A-31-Full

អភិបាល​ខណ្ឌដង្កោ​ជួសជុល​ផ្លូវ​១​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ ក្នុងភូមិ​ត្រពាំង​ចក​សង្កាត់​ព្រៃវែង​

 

ភ្នំពេញ ៖ ឆ្លើយតប​ចំពោះ​ការសន្យា ក្នុង​ការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​សិស្សានុសិស្ស ដែល​កន្លងមក​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ ទៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រៃវែង លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ឧបត្ថម្ភ​ការ​ជួស​ជុល និង​ពង្រីក​ផ្លូវ​មួយ​ខ្សែ​ប្រវែង ៦៦៤​ម៉ែត្រ ទទឹង ០៦​ម៉ែត្រ ដោយ​ចាក់ដី​ចំនួន ៧០​ឡាន ឈូស​ឆាយ និង​កិន​បង្ហាប់​ឡើងវិញ​។​

ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​ព្រៃ​ស ទៅដល់​ផ្លូវ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ជា​ផ្លូវ​អម​ប្រ​ឡាយ ដែល​ប្រើប្រាស់​ក្នុង​ការ​ធ្វើដំណើរ​របស់​សិស្ស មក​សិក្សា​នៅ​សាលាបឋមសិក្សា និង​អនុវិទ្យា​ល័យ​សម្តេច ហ៊ុនសែន ព្រៃវែង ហើយ​មុន​ពេល​ជួសជុល បាន​រង​ការខូចខាត​យ៉ាង​ខ្លាំង ដោយ​ដី​បាក់​ចូល​ទៅក្នុង​ប្រឡាយ បណ្តាល​ឲ្យ​មានការ​លំបាក​ដល់​កុមារ​ក្នុង​ការ​ធ្វើដំណើរ និង​ជា​ការ​ព្រួយ​បារម្ភ​របស់​អាណាព្យាបាល​សិស្ស​។

នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ លោក​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ការ​ជួសជុល និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ជា​អាណាព្យាបាល​សិស្ស និង​ជា​អ្នកប្រើប្រាស់​ផ្លូវ​នេះ ដោយ​បាន​លើកឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ ចំពោះ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន ហើយ​ជានិច្ចកាល រដ្ឋបាល​ខណ្ឌ​តែង​បាន​ដោះស្រាយ​បញ្ហា និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។ ក្នុង​ឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា ក៏បាន​លើកឡើង​អំពី​ការ​អភិវឌ្ឍ​រីកចម្រើន​ក្នុង​មូលដ្ឋាន​ទាំង​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត និង​អរូបវ័ន្ត ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​អំណរ​សាទរ និង​កោតសរសើរ ព្រមទាំង​ថ្លែងអំណរគុណ​ជ្រាល​ជ្រៅ​ជូន​ចំពោះ​លោក​អភិបាលខណ្ឌ ដែល​លោក​តែងតែ​គិតគូរ​ អំពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​របស់​ពួកគាត់​បាន​ទាន់​ពេលវេលា​៕

រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684