ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-02-18-full-O

ស្វែងយល់​ពី​ច្បាប់ ៖ បទល្មើស​បី​ប្រភេទ​ដែល​កើតមុន​ច្បាប់​ថ្មី​ចូល​ជា​ធរមាន បទល្មើស​ភ្លាមៗ

ចំពោះ​បទល្មើស​ភ្លាមៗ​ជា​អំពើ​ដែល​កើតឡើង​នៅ​ថ្ងៃ ដែល​ប្រព្រឹត្ត​បទល្មើស​តែម្ដង​។
ឧទាហរណ៍ ៖ អំពើ​លួច​កើតឡើង​នៅ​ថ្ងៃ​ដែល​ជនល្មើស​បាន​ដក​ហូត​យក​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​។ បទ​ឃាតកម្ម​កើតឡើង​នៅពេលដែល​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​។ បទ​ទ្វេពន្ធភាព​កើតឡើង​នៅ​ពេល​ដែល​ជនល្មើស​បាន​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ថ្មី​មុន​ការ​រំលាយ​អាពាហ៍ពិពាហ៍​ចាស់​។​
បទល្មើស​បន្ត​រៀង​ហូរហែ និង​បទល្មើស​អូស​បន្លាយ ៖​
ចំពោះ​បទល្មើស​បន្ត​រៀង​ហូរហែ និង​បទល្មើស​អូសបន្លាយ គឺជា​ឆន្ទៈ​នៃ​ការប្រព្រឹត្ត​បទល្មើស​នៅតែ​បន្ត​ដរាបណា​បទល្មើស​ពុំទាន់​បាន​បញ្ចប់​។ ដូច្នេះ​នៅពេលដែល​អំពើ​បាន​ចាប់ផ្ដើម​ប្រព្រឹត្ត​មុនពេល​ច្បាប់​ថ្មី​បាន​ចូល​ជា​ធរមាន ក៏ប៉ុន្តែ​នៅតែ​បន្ត​រហូតដល់​ច្បាប់​ថ្មី​ចូល​ជា​ធរមាន ក៏ប៉ុន្តែ​នៅតែ​បន្ត​រហូតដល់​ច្បាប់​ថ្មី​ចូល​ជា​ធរមាន ពេលនោះ​ហើយ​ដែល​ច្បាប់​ថ្មី​មាន​អា​នុភាព​ទៅលើ​អំពើ​នោះ​។​
ឧ​. បុគ្គល​ម្នាក់​បានទទួល​ទិញ​ម៉ូតូ​មួយគ្រឿង​ពី​ចោរ​នៅមុន​ច្បាប់​ថ្មី​ចូល​ជា​ធរមាន ហើយ​បាន​បន្ត​រក្សាទុក​ម៉ូតូ​នោះ​រហូតដល់​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​។ ក្នុងករណីនេះ​ជន​នោះ​ជា​អ្នក​ទទួល​ផល​ចោរកម្ម នៅមុន​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​ផង និង​ក្រោយ​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​ផង​។ ដោយ​អំណាច​នៃ​ច្បាប់​ថ្មី បាន​រកឃើញថា​ជា​បទល្មើស​ទទួលផល​ចោរកម្ម ដូច្នេះ​អំណាច​នៃ ច្បាប់​ថ្មី​គឺមាន​អានុភាព​អនុវត្ត​ទៅលើ​ជន​នោះ​។​
បទល្មើស​កើត​ចេញពី​អំពើ​ប្រព្រឹត្ត​ជា​ទម្លាប់ ៖​
ចំពោះ​បទល្មើស​កើត​ចេញពី​ទម្លាប់​ដែល​ជា​បទល្មើស​នេះ កើតឡើង​លុះត្រាតែ​អំពើ​ត្រូវ​បាន​ប្រព្រឹត្ត​ជា​ទម្លាប់ ពោល​គឺ​យ៉ាងហោចណាស់ ក៏​ត្រូវ​បាន​ប្រព្រឹត្ត​ចំនួន​ពីរ​ដង​ដែរ ទើប​គួរ​ចាត់ទុកថា​ជា​ទម្លាប់​។ ហេតុដូច្នេះ​ប្រសិនបើ​អំពើ​ចុងក្រោយ​ដែល​បាន​បង្កើត​ជា​ទម្លាប់​ដែល​កើតឡើង​ក្រោម​អំណាច​នៃ​ច្បាប់​ថ្មី ដូច្នេះ​ត្រូវ​យក​ច្បាប់​ថ្មី​មក​អនុវត្ត​ទៅលើ​អំពើ​នោះ​។
ឧ​. នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បុគ្គល​ម្នាក់​បាន​គំរាមកំហែង​ថា​នឹង​សម្លាប់​បុគ្គល ម្នាក់​ទៀត​ដែល​ជា​គូ​សត្រូវ​តាម​ទូរស័ព្ទ​។ នៅ​ពេល​នោះ​ច្បាប់​បាន​បញ្ញត្តិ​ពី​បទ​គំរាមកំហែង ជាប់ទោស​ពី​៦​ថ្ងៃ ទៅ​៦​ខែ​។ បន្ទាប់​នៅ​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១១ បុគ្គល​នោះ​បាន​គំរាម​ថា​នឹង​សម្លាប់​ម្ដងទៀត​។ ឧបមា​ថា​នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១០ មានច្បាប់​ថ្មី​បាន​កំណត់​ពី​បទ​គំរាមកំហែង​ថា​សម្លាប់​នោះ ជាប់ទោស​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១០០.០០០​រៀល​ទៅ​១.០០០.០០០​រៀល​។ ក្នុងករណីនេះ​ត្រូវយក​ច្បាប់​ថ្មី​មក​អនុវត្ត​ចំពោះ​អំពើ​របស់​បុគ្គល នោះ ព្រោះ​ការ​គំរាមកំហែង​នោះ​វា​ជា​លើក​ទី​ពីរ​(​ទម្លាប់​) ដែល​បាន​បង្កើត​ជា​បទល្មើស​កើត​ឡើង​ក្រោយ​ច្បាប់​ថ្មី​បាន​ចូល​ជា​ធរមាន​ទៅ​ហើយ​៕​
​អង្គ​កុលបុត្រ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684