Connect with us

ព័ត៌មានជាតិ

ចិន​ផ្តល់​រថយន្ត​៨​គ្រឿង​និង​សម្ភារៈ​បោសសំអាត​មីន​ដល់​អាជ្ញាធរ​មីន​

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋាភិបាល​ចិន បាន​ផ្តល់​ជំនួយឥតសំណង​នូវ​រថយន្ត​៨​គ្រឿង និង​សម្ភារ​បោសសំអាត​មីន ដែលមាន​តម្លៃ​ប្រមាណ​១​លាន​ដុល្លា​អាមេរិក​ដល់​អាជ្ញាធរ​មីន​សម្រាប់​សកម្មភាព​បោសសំអាត​មីន​នៅ​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ទទួល​ជំនួយ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែមករា​នេះ​នៅ​ទីស្តីការ​អាជ្ញាធរ​មីន លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹងថា ជំនួយឥតសំណង​នេះ គិត​ជា​ប្រាក់​ប្រមាណ ១ លាន​ដុល្លារ​អាមេរិក រួមមាន​រថយន្ត Pick Up ចំនួន ០៨ គ្រឿង ឧបករណ៍​រាវ​មីន ចំនួន ១៣០ គ្រឿង ប្រអប់​សម្ភារ​ចំនួន ១០០ ឈុត ប្រអប់​សម្ភារ​បំផ្ទុះ​គ្រាប់ (EOD) ចំនួន ២០ ឈុត សម្លៀកបំពាក់​ការពារ​ចំនួន ១០ កំ​ផ្លេ មួក​ការពារ​ចំនួន ១០ ដ្រូ​ន (UAV) ចំនួន ០៤ គ្រឿង .​ឯកសណ្ឋាន ស្បែកជើង និង​មួក ចំនួន ៥០០ កំ​ផ្លេ និង​តង់​ចំនួន ៥០០ តង់​។

លោក​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​ចិន ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​គ្រប់​កាលៈទេសៈ ក្នុងនោះ​រួមមាន​ទាំង​ការ​ផ្តល់​ជំនួយឥតសំណង​ដ៏​ថ្លៃថ្លា សម្រាប់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌ ទាំង​សម្ភារៈ​បច្ចេកទេស ហិរញ្ញវត្ថុ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​។ ជាមួយគ្នា កម្ពុជា​នៅតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ជំនួយ​ដ៏​សប្បុរស​របស់​មហាមិត្ត​ចិន សម្រាប់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​សេចក្តី​សប្បាយរីករាយ និង​ពេញចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន គាំទ្រ​ដល់​វិស័យ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ហើយ​ប្រទេស​ចិន នឹង​បន្ត​គាំទ្រ​ទាំង​សម្ភារ ថវិកា និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​អាជ្ញាធរ​មីន ដើម្បី​ឲ្យ​កម្ពុជា​អាច​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​គ្មាន​មីន​ឆ្នាំ​២០២៥​។

លោក​ទូត បាន​បញ្ជាក់​ទៀត​ថា ការងារ​បោសសម្អាត​មីន ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស ហើយ​ឯកអគ្គរដ្ឋទូត នឹង​ជួយ​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​ចិន ឲ្យ​បន្ត​ការ​គាំទ្រ និង​ពិចារណា​រាល់​សំណើសុំ​របស់​អាជ្ញាធរ​មីន​។

គិត​ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​បាន​បោសសម្អាត​ផ្ទៃដី​ចំនួន​២,១៣៨ គីឡូម៉ែត្រ​ក្រឡា បាន​បំផ្លាញ​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស ១,០៩ ៥,៧ ៥០​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ២៥,៤៨៨​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម ២,៨៨ ៥,២៩៤ គ្រាប់ ដោយមាន​អ្នកទទួលផល ៦,៣៥៧,៨៥៣​នាក់៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម