ព័ត៍មានទាន់​ហេតុការណ៏
Search

លោកយាយ​ក្រីក្រ​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​ទទួល​អំណោយ​​ ពី​សាខា​កាកបាទ​ខេត្តកំពង់ឆ្នាំង​និង​សប្បុរសជន​នៅ​រាជធានី​ភ្នំពេញ​

 

កំពង់ឆ្នាំង ៖ លោក​​ហ៊ី ណាត​អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ និង​លោក​ប្រាក់ សោភ័ណ្ឌ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត ​នៅ​ថៃ្ង​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៥​បាន​នាំ​យក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត ជូន​លោក​យាយ​តូច​ សារ៉ន​អាយុ​៧៨​ឆ្នាំ ដែលជា​ជន​ក្រីក្រ និង​ចាស់ជរា នៅក្នុង​មន្ទីរពេទ្យ​ខេត្ត។ លោកយាយ​រស់នៅ​ក្នុងភូមិ​គោក​បន្ទាយ ​ឃុំ​គោក​បន្ទាយ​ស្រុក​រលាប្អៀរ​ មានមុខ​របរ​ធ្វើ​កន្ត្រងប្រហុក​លក់ ​ចិញ្ចឹមជីវិត​តែ​លោកយាយ​គ្មាន​ដីធ្លី​ជា​កម្ម​សិទ្ធិ​ទេ​សព្វថ្ងៃ​សុំ​ដី​អ្នកស្រុក​ក្នុងភូមិ​សង់​កូនខ្ទម​រស់នៅ​ជាមួយ​ចៅ​២​នាក់​ និង​កូនស្រី​ម្នាក់​ដែលមាន​ជម្ងឺ​មិនអាច​ធ្វើ​ការកើត​។ លោកយាយ​មក​សំរាក​ព្យាបាលរបួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដោយ​បាន​រងគ្រោះ​ដោយ សារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថៃ្ង​ទី​២៣ ​ខែមេសា ​ឆ្នាំ​២០១៥​កន្លង​ទៅនេះ​។​

លោក​ប្រាក់​សោភ័ណ បានឲ្យដឹងថា អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ផ្តល់​ជូន​លោកយាយ​តូច​ សារ៉ន រួមមាន​អង្ករ​៥០​គីឡូក្រាម មី​១​កេះ​,​ត្រីខ​១០​កំប៉ុង​,​សា​រ៉ុង​១,​មុង​១,​ភួយ​១,​ក្រមា​១​ថវិកា​១០​ម៉ឺន​រៀល​ និង​លោកស្រី​សៅ​សិន​ហួយ​សប្បុរសជន​នៅ​ទីក្រុង​ភ្នំពេញ​តាមរយៈ​កញ្ញា​ចាន់​ម៉ាលី​មន្ត្រី​កាកបាទក្រហម​ខេត្ត​ថវិកា​៤​ម៉ឺន​រៀល​ផង​ដែរ​។

លោក​​ហ៊ី​ ណាត​អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច តែ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ជានិច្ច ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ ​គឺ​ជួយសង្គ្រោះ​ដូចគ្នា​ទាំងអស់​។​

លោកយាយ​តូច ​សារ៉ន​ព្រមទាំង​ចៅៗ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​ប៊ុន រ៉ានី​ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​សូម​ឲ្យ​សម្តេច​មាន​សុខភាព​ល្អ ឈ្នះ​អស់​មាស​ត្រូវ​គ្រប់ទិសទី ​និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ដើម្បី​ដឹកនាំ​កាកបាទក្រហមកម្ពុជា​ជួយ​ដល់​ជន​រងគ្រោះ​បន្ត​ទៀត​៕ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684