ព័ត៍មានទាន់​ហេតុការណ៏
Search

សហជីព កម្មករ កម្មការិនី​ជួបជុំគ្នា​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៩

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា​នេះ កម្មករ សហជីព នៅ​តាម​បណ្តា រោងចក្រសហ​គ្រាស​មួយ​ចំនួន នៅ​ភ្នំពេញ និង​ជាយ​រាជធានី​ភ្នំពេញ រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៩ យ៉ាង​គគ្រឹកគគ្រេង​នៅ​ភ្នំពេញ តែ​យ៉ាងណា​ពិធី​ដែល​មាន​លក្ខណៈ​ជា​អន្តរជាតិ​នេះ​ត្រូវ​បាន​ប្រារព្ធ​ពិធី​ជួបជុំ​ផ្សេងគ្នា​។ ការរៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ លោក អាត់ ធន់ បាន​ជួបគ្នា​នៅ​ក្បែរ​ស្ថាន​ទូត​រុស្ស៊ី មាន​គ្នា​ប្រមាណ​៩០០ នាក់ រួចហើយ​បាន​នាំគ្នា​ដង្ហែក្បួន​ទៅកាន់​មន្ទីររដ្ឋសភា ហើយ​ក្រុម​លោក វន់ ពៅ បាន​ជួបគ្នា​នៅមុខ​ក្រសួង​កា​ងារ មាន​គ្នា​ប្រមាណ​៤០០ នាក់។

ដោយឡែក​សហជីព​កម្ម​ករ ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បា​ជួប​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​។ បន្ទាប់​ពិធី​ជួបជុំ​នោះ សហជីព​កម្មករ ក៏​គ្រោង​នឹង​ដង្ហែ​ក្បួន​ដាក់​ញ្ញាត្តិ នៅ​ស្ថានទូត​អាមេរិក សហភាព​អឺរ៉ុប និង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព និង​បញ្ហា​របស់​កម្មករ​ផងដែរ​។​

ចំណែក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី​ជួបជុំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១២៩ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​ប្រធាន “​សាមគ្គីភាព ផលិតភាព និង​ការងារ​” នៅ​ទីស្តី​ការក្រសួង​ការងារ​។ ពិធី​ជួបជុំ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា របស់​ក្រសួង​ការងារ បាន​បើក​ទូលំទូលាយ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​តំណាង​ភាគី​ពាក់ព័ន្ធ ក្នុង​វិស័យ​ការ​ងារ រួមមាន តំណាង​ក្រសួង​-​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​អង្គការ​វិជ្ជាជីវៈ​កម្មករ​និយោជិត​និយោជក អង្គការ​អន្តរជាតិ​ខាង​ការងារ ( ILO ) និង​អង្គការ​សង្គម​ស៊ីវិល​។​

សេចក្តីប្រកាស​ព័ត៌មាន​លើក​ឡើងថា ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹក​នេះ ក្រសួង ក៏​រៀបចំ​នូវ​វេទិកា​ការងារ សំដៅ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​លើ​បញ្ហា​កង្វល់ ឬ​សំណូមពរ​ជា​អាទិភាព​របស់​បងប្អូន​កម្មករនិយោជិត​និង​និយោជក នឹង​មាន​រៀបចំ​កម្មវិធី​វប្បធម៌​ការ​ប្រឡង​ជ្រើសរើស​កម្ម​ការិនី​សម្រស់​ឯក​ផង​ដែរ៕

កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684