ព័ត៍មានទាន់​ហេតុការណ៏
Search

ចន ច័ន្ទ​លក្ខិណា កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​សង្សារ​អ្នកជំនួញ​ឈ្មោះ​ហេង ​ឡុង

 

ភ្នំពេញ ៖ រឿងរ៉ាវ​ចំណង​ស្នេហ៍​ថ្មី​ចាក់ទឹកមិនលិច ​របស់​តារា​សំដែង​អ្នកនាង​ចន ច័ន្ទ​លក្ខិណា​បាន​ក្លាយ​ទៅជា​ផ្ទាំង​ស៊ីប​សម្រាប់​អ្នកសារព័ត៌មាន ​និង​បាន​ក្លាយ​ទៅជា​ខ្សែ​វីដេអូ​ភាគ​សម្រាប់​មហា​ជន​តាម​ដាន​និង​ទស្សនា​ផងដែរ​។ នៅ​ពេលនេះ​នាង​កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​នៅ​ភាព​ស្និទ្ធស្នាល​ផ្អែម​ល្ហែម​ជាមួយ​សង្សារ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​បុរស​អ្នកជំនួញ​ពោះម៉ាយ​ម្នាក់​ឈ្មោះ​ហេងឡុង​។ ទំនាក់ទំនង​ស្នេហា​ដ៏​ស្អិត​រមួត​ ជាង​ស្ករ​តាំង​ម៉ែ​រវាង​តារា​សំដែង​ជើងចាស់​អ្នកនាង​ចន ច័ន្ទ​លក្ខិណា​ និង​បុរស​ឈ្មោះ​ហេង ឡុង​នេះ​ដែរ ​គឺ​បាន​ដុះ​ពន្លក ​និង​លាស់​ត្រួយ​ឡើង​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ ពោល​ក្រោយ​ពេល​ដែល​អ្នកនាង​ចន ច័ន្ទ​លក្ខិណា​ បាន​លែងលះគ្នា​ជាមួយ​លោក​យុត្ថារ៉ា ឆានី​។ ចាប់តាំងពី​បាន​បណ្តុះ​មនោសញ្ចេតនា​ដ៏​ល្អូកល្អិន​ជាមួយគ្នា​មក​ តារា​សំដែង​ជើង​ចាស់​សាច់​នៅចាំ​រូប​នេះ​ និង​បុរស​ពោះម៉ាយ​ទើប​លែងប្រពន្ធ​ឈ្មោះ​ហេង ឡុង​នោះ​តែងតែបាន​នាំ​គ្នា​ដើរ​កំសាន្ត​ដើម្បី​បង្កើត​ចំណង​អនុស្សាវរីយ៍​ នៅ​តាម​បណ្តា​ខេត្ត​នានា ​និង​ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​ជាមួយគ្នា​ថែមទៀត​ផង​។ រហូតមកដល់​ពេលនេះ​កំសួល​ស្នេហ៍​ដែល​ប្រៀប​បាន​នឹង​ភ្លើង​ចំបើង​របស់​តារា​សិល្បៈ​នាង​ចន ច័ន្ទ​លក្ខិណា​ និង​បុរស​ឈ្មោះ​ហេង ឡុង​បាន​នឹងកំពុង​តែ​ឆាបឆេះ​ឡើង​ទប់​មិន​ឈ្នះ ហើយ​បើ​តាម​ប្រភព​ពី​មជ្ឈដ្ឋាន​ចង្កោម​សិល្បៈ​បាន​និយាយ​ថា ច​ន ច័ន្ទ​លក្ខិណា​នាង​កំពុងតែ​បង្ហាញ​ឲ្យ​ឃើញ​នៅ​ភាព​ស្និទ្ធស្នាល​ខុសប្លែក​ ពី​ការ​រាប់អាន​ដែល​នាង​ធ្លាប់​ប្រកាសប្រាប់​គេឯង​ក្តែង​កន្លងមក​ថា​ ជា​មិត្តភក្ដិ​នោះ ពោល​ខុសគ្នា​ឆ្ងាយ​រហូតដល់​១៨០​ដឺ​ក្រេ​វា​មិនដែល​មិត្តភក្តិ​ឯណា​នាំគ្នា​ដើរ​កំសាន្ត​ទៅ​ក្រៅប្រទេស​តែ​ពីរ​នាក់​ប្រុស​ហើយ​ និង​ស្រី​នោះទេ​។

ប្រភព​បង្ហើប​ទៀត​ថា មិនតែប៉ុណ្ណោះ​គេ​ឧស្សាហ៍​ឃើញ​បុរស​ឈ្មោះ​ហេង ឡុង​នោះ​តែងតែ​ទៅណា​មក​ណា​ជាមួយ​នាង​ច​ន ច័ន្ទ​លក្ខិណា​ស្ទើរ​គ្រប់​កម្មវិធី​និង​ឮ​បុរស​នោះ​ហៅ​នាង​អូន​សម្លាញ់​ពេញៗ​មាត់​ទៀតផង ហើយ​ថ្មីៗ​នេះ​ក៏មាន​លេចឮ​ព័ត៌មាន​បន្ថែមទៀតថា គូស្នេហ៍​ថ្មី​របស់​តារា​សិល្បៈ​ដ៏​ស្រស់​សោភា​រូបនេះ​គឺជា​ប្អូនធម៌​អតីត​ស្វាមី​នាង​ថែម​ទៀតផង​។ គេ​និយាយទៀតថាប្រសិន​បើ​ដូច្នេះ​មែន​ការ​លែងលះ​ប្តី​របស់​នាង​ដែល​ធ្លាប់​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ​គឺ​ដើមចម​ដោយសារតែ​នាង​សម្លឹង​ឃើញ​ទ្រព្យ​របស់​គូស្នេហ៍​ដែលជា​អ្នក​ជិតដិត​អតីត​ស្វាមី​ទៅវិញ​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្ទៀង​ត្រចៀក​ចង់​ដឹង​រឿង​គេ​បាន​នាំគ្នា​និយាយ​ខ្សឹបខ្សៀវ​ដោយ​ភាព​ងឿង​ឆ្ងល់​ថា តើ​ចំណង​ស្នេហ៍​ថ្មី​របស់​តារា​សិល្បៈ​នាង​ច​ន ច័ន្ទ​លក្ខិណា​ជាមួយ​បុរស​ឈ្មោះ​ឡុង​ជា​អ្នក​ជំនួញ​ផ្នែក​សូ​ឡា​និង​ដីធ្លី​នោះ អាច​ឈាន​ដល់​ដំណាក់​ការ​ចូល​រោងការ​ក្រាប​ផ្ទឹម​ជាមួយគ្នា​ដូច​តារា​សិល្បៈ​មួយចំនួន​និង​មាន​អាយុកាល​ស្ថិតស្ថេរ​បាន​យូរ​អង្វែង​ដែរឬទេ​?«​កម្ពុ​ជាថ្មី​»​មិនអាច​ស្វែងរក​ការ​ឆ្លើយតប​ណាមួយ​បាន​ទេពី​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​និង​បុរស​ឈ្មោះ​ហេង ឡុង​ទាក់ទង​នឹង​ការ​និយាយ​លើកឡើង​ខាងលើនេះ​។ តែបើ​តាម​អ្វី​ដែល​តារា​សំដែង​ច​ន ច័ន្ទ​លក្ខិណា​ធ្លាប់​បាន​បដិសេធ​កន្លងមក​ថា វា​មិនមែនជា​ការពិត​ទេ ហើយ​ក្រៅពី​ច្រានចោល​នូវ​ព័ត៌មាន​ដែល​កំពុងតែ​វាយប្រហារ​មក​លើ​នាង​យ៉ាង​សន្ធាប់​នេះដែរ​នាង​ក៏​ថែមទាំង​បាន​ព្រមាន​ដល់​អ្នកកាសែត​ផង​ដែរ​ថា សូមអ្នក​សារ​ព័ត៌មាន​ទាំងអស់​ធ្វើការ​ឲ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​រាយការណ៍​មិន​ច្បាស់ ​អំពី​ជីវិត​ឯកជន​របស់​នាង​៕

ឥន្ទ្រីយ៍​ទេព​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684