ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្លាឃ្មុំ​ចេញពី​ព្រៃ​ខាំ​បុរស​ម្នាក់​រង​របួស​ធ្ងន់ នៅ​ភ្នំ​ដំបង​

ប៉ៃលិន ៖ បុរស​ម្នាក់ បាន​រង​របួស​ធ្ងន់ ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ខណៈ​ពេល​រូប​គាត់​បណ្តើរ​សត្វ​ឆ្កែ​៣​ក្បាល ចេញពីផ្ទះ​ទៅ​មើល​ចម្ការ​របស់​ខ្លួន​ ដែលមាន​ប្រវែង​ប្រហែល​២​គឺ​ឡូ​ម៉ែត្រ​ពី​ផ្ទះ ក៏​ប្រទះឃើញ​មាន​សត្វ​ខ្លាឃ្មុំ​ខ្មៅ​១​ក្បាល ទម្ងន់​ប្រហែលជា​១០០​គីឡូក្រាម​ស្ទុះ​ចេញពី​ក្នុង​ព្រៃ​មាត់​អូរ រត់​យ៉ាង​លឿន​មក​សង្គ្រុប​លើ​រូប​គាត់ រួច​ខាំ​ជាច្រើន​ចង្កូម តែ​សំណាងល្អ ដោយ​ជនរងគ្រោះ​មាន​ស្មារតី​រឹងប៉ឹង ក៏​ទាញ​ពូថៅ​ដែល​នៅ​ជាប់​នឹង​ដៃ កាប់​តទល់​ជា​មួយ​ខ្លាឃ្មុំ​ចំនួន​២​ពូថៅ បណ្តាល​ឱ្យ​សត្វ​ខ្លាឃ្មុំ​រង​របួស រួច​រត់​ចូល​ព្រៃ​បាត់ស្រមោល។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ព្រៃ​អូរ​តា​វ៉េ​ត ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

បុរស​ជនរងគ្រោះ​ដែល​ជ្រូក​ខ្វះ​ឈ្មោះ​សឿន ម៉ុ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្តុល ឃុំ​ក្តុល ស្រុក​បវេល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ។ ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នៃ​ថ្ងៃកើតហេតុ រូបគាត់​បាន​ចេញ​ពីផ្ទះ​ម្នាក់ឯង​បណ្តើរ​ឆ្កែ​ចំនួន​៣​ក្បាល ក្នុង​គោលបំណង​ទៅ​មើល​ចម្ការ​ដំឡូង​មី​របស់​ខ្លួន ដែល​បាន​ដាំ​រួចរាល់​កាលពី​បី​ថ្ងៃមុន ក្រោយពី​មាន​ភ្លៀង​មួយ​មេ​ធំ។ គាត់​បន្ត​ទៀតថា ពេល​ដើរ​តាម​ក្បែរ​ព្រៃ​មាត់​អូរ ជិត​ដល់​ចម្ការ​ទៅ​ហើយ ស្រាប់តែ​ឮសូរ​សំឡេង​សត្វ​ឆ្កែ​របស់​គាត់​ព្រូស ហើយ​ពួកវា​បាន​រត់គេច​ព្រោងព្រាត។ គ្រាន់តែ​ឃើញ​ដូច្នេះ គាត់​នឹក​ស្មានថា ឆ្កែ​ឃើញ​សត្វ​ជ្រូកព្រៃ​ទើប​ដើរ​លបៗ​ទៅ​ក្បែរ​នោះ មិនទាន់​ទៅដល់​ផង ស្រាប់តែ​សត្វ​ខ្លាឃ្មុំ​១​ក្បាល​យ៉ាង​ធំ មាន​កម្ពស់​ជាង​១​ម៉ែត្រ ទម្ងន់​ប្រហែល​១០០​គីឡូក្រាម វែក​ព្រៃ​ស្ទុះ​រត់​តម្រង់​មក​រក​គាត់ ក៏​ទះ​ចំក្បាល​១​ដៃ​ខាំ​ដោះ​មុត​៤​ចង្កូម និង​ខាំ​ស្មា​ដៃស្តាំ​៨​ចង្កូម ញី​ផ្ទប់​ទៅ​នឹង​ដី​បម្រុង​ហែក​ស៊ី​តែ​សំណាងល្អ ដោយ​រូប​គាត់​មាន​ស្មារតី​រឹងប៉ឹង ក៏​ទាញ​ពូថៅ​ដែល​នៅ​ជាប់​នឹង​ដៃ កាប់​តទល់​ជាមួយ​ខ្លាឃ្មុំ​ចំនួន​២​ពូថៅ បណ្តាល​ឱ្យ​សត្វ​ខ្លាឃ្មុំ​រងរបួស រួច​រត់​ចូល​ព្រៃ​បាត់ស្រមោល។

ក្រោយពេល​កើតហេតុ​រូបគាត់ ត្រួវបាន​សាច់ញាតិ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ផងដែរ។ ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ឲ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​មាន​ករណី​សត្វ​ខ្លាឃ្មុំ​ខាំ​មនុស្ស បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ ដែល​ពីមុនមក​ធ្លាប់​តែ​មាន​ករណី​ជ្រូកព្រៃ​ខ្វេះ​ខាំ​បុរស​ជាច្រើន​នាក់ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ តែ​មិន​មាន​អ្នកណា​បាត់​បង់​ជីវិត​នោះ​ឡើយ៕

សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684