Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម៖ ការផ្តល់​ចំណេះដឹង​ដល់​កូន គឺជា​ទ្រព្យសម្បត្តិ​មិន​ចេះ​រីងស្ងួត និង​មានតម្លៃ​ចាយ​មិន​ចេះ​អស់​

បានផុស

នៅ

​ការចែក​លុយ កាក់ ដីធ្លី ផ្ទះសម្បែង ជាដើម គង់តែ​ថ្ងៃ​ណាមួយ​ទ្រព្យ​ទាំងនោះ​នឹង​អស់ ប្រសិនបើ​មិនចេះ​ថែរក្សា មិនចេះ​ការពារ ប៉ុន្តែ​បើ​យើង​ចែក​ឲ្យ​កូន​នូវ​ចំណេះដឹងៗ​នោះ គឺជា​ទ្រព្យសម្បត្តិ​នេះ​មិនចេះ​រីងស្ងួត​ហើយ​មានតម្លៃ និង​កាន់តែ​មានតម្លៃ​នៅ​ពេល​ដែល​កូន​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​ការសិក្សា​រៀនសូត្រ​ជា​ទ្រព្យសម្បត្តិ​មានតម្លៃ​ ដែល​ចាយ​មិន​ចេះចប់ និង​មិន​ចេះ​អស់​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជា​ប្រសាសន៍​ណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ជូន​ដល់​និស្សិត​ជយលាភី​ថ្នាក់ បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង នា​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១​។

សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ការអប់រំ​អាច​ធ្វើ​ឲ្យ​មនុស្ស​ផលិត​បាន​នូវ​អ្វីៗ​គ្រប់យ៉ាង ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ម​នុស្ស​ជាតិ អាច​និយាយ​ក្នុង​ន័យ​ប្រៀបធៀប​បាន​ថា មនុស្ស​ផលិត​មាស​បាន ហើយ​មាស​ដែល​ផលិត​ចេញពី​ខួរក្បាល​មនុស្ស ​គឺ​មិន​ចេះ​អស់នោះ​ទេ ហេតុនេះ​ការអប់រំ​មនុស្ស​ឲ្យ​មាន​បញ្ញា មាន​ចំណេះដឹង មាន​ជំនាញ មាន​សីលធម៌ មានទ្រព្យ​សម្បត្តិ​និង​រួច​ផុត​ពី​ភាព​ក្រីក្រ​ គឺជា​គោលដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​។ ជា​មួយ​គ្នានេះ សម្តេច​ក្រឡាហោម បាន​លើកឡើងថា ប្រទេស​ដែល​មាន​ការ​រីកចម្រើន និង​អភិវឌ្ឍន៍​ជឿនលឿន​ គឺជា​ប្រទេស​ ដែល​សំបូរ​ដោយ​ធនធានមនុស្ស​គ្រប់​ជំនាញ​ ដែល​បាន​ពី​ការអប់រំ​បណ្តុះបណ្តាល​ត្រឹមត្រូវ និង​ប្រកបដោយ​គុណភាព គឺជា​កត្តា​អាទិភាព​មួយ​ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ឲ្យ​តម្លៃ រួមគ្នា​ទទួលខុសត្រូវ និង​រួមគ្នា​បេ្ត​ជ្ញា​ចិត្ត​ធ្វើ​ឲ្យ​បាន​ក្នុង​ការផលិត​នូវ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព វិជ្ជាជីវៈ​ពិតប្រាកដ​។​

​ក្នុងឱកាស​នោះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ផ្តាំផ្ញើរ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​បន្ថែមទៀត​ ទាំង​ចំណេះដឹង ចំណេះធ្វើ ប្រកាន់ខ្ជាប់​នូវ​សីលធម៌ និង​សិល្បៈ នៃ​ការរស់នៅ​ក្នុង​សង្គម ទន្ទឹមនឹងនេះ​ត្រូវ​ចងចាំ​ថា ចំណេះដឹង​ដែល​ទទួល​បាន គឺ​ចាំបាច់​ត្រូវ​បំពេញ​បន្ថែម​នូវ​បទពិសោធន៍​ ដែល​បាន​ពី​ការអនុវត្ត​ជាក់ស្តែង រួម​នឹង​គំនិត​ច្នៃប្រឌិត​បន្ថែមទៀត ស្របតាម​ស្ថានភាព កាលៈទេសៈ​ជាក់ស្តែង​នៃ​ការងារ ទើប​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ជីវិត​។​

​សម្តេច​ក្រឡាហោម​សម្តែង​ការជឿជាក់ និង​ក្តី​សង្ឃឹមថា សិស្សានុសិស្ស​ទាំងអស់ ដែល​បាន​បញ្ចប់​ការសិក្សា​និង​ខិតខំ​ជម្នះ​រាល់​ឧបសគ្គ ដើម្បី​កសាង​ខ្លួន​ឲ្យ​សាក​សមជា​ពលរដ្ឋ​ល្អ មន្ត្រីរាជការ​ល្អ បុគ្គលិក​ល្អ ដោយ​ប្រើប្រាស់​នូវ​ជំនាញ ចំណេះដឹង ចំណេះ​ធ្វើ​ពិតប្រាកដ​របស់​ខ្លួន​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ ការទទួលខុសត្រូវ​ក្នុង​ការងារ សីលធម៌​ល្អ និង​បម្រើ​ជាតិ​ដោយស្មោះ​ត្រង់​៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម