ព័ត៍មានទាន់​ហេតុការណ៏
Search
1-5-2015-sp-1

ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ​ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​រួម​ប្តេជ្ញា​រួមគ្នា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​ជួញ​ដូរ​មនុស្ស​

​ ​ភ្នំពេញ ៖ រដ្ឋ​ម​ន្ក្រី អនុរដ្ឋមន្ដ្រី និង​មន្ដ្រី​តំណាង​ក្រសួង​មកពី​ប្រទេស​នៅក្នុង​មហា​អនុតំបន់​មេគង្គ​ទាំង​៦ កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម បាន​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​រួម​ស្តីពី «​ការលុបបំបាត់​រាល់​ទ​ម្រ​ង់ នៃ​ការធ្វើ​អាជីវកម្ម ទិញ លក់ ចាប់​ពង្រាត់ បង្ខំ​ឱ្យ​រៀបការ និង​ការកេងប្រវ័ញ្ច​ធ្ងន់ធ្ងរ ដែល​ប្រាសចាក​ពី​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្សជាតិ​»​។​

​ ​ការចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​រួម​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ដំណើរការ​ខម​មី​ត​លើក​ទី​៤ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដែល​បង្ហាញឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ប្រទេស​ក្នុង​មហា​អនុ​តមបន់​មេគង្គ​ថា​នឹង​បន្ត​សហប្រតិបត្តិការ​គ្នា​ឱ្យ​បានល្អ​ថែមទៀត នៅក្នុង​ការលុបបំបាត់​រាល់​ទម្រង់ នៃ​ការធ្វើ​អាជីវកម្ម ទិញ លក់ ចាប់​ពង្រាត់ បង្ខំ​ឱ្យ​រៀបការ និង​ការកេងប្រវ័ញ្ច​ធ្ងន់ធ្ងរ ដែល​ប្រាសចាក​ពី​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្សជាតិ នាពេល​អនាគត​។​

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​អូ​តែ​ល រ៉េស៊ីដង់​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ ២០១៥​ថា ប្រទេស​ដែលជា​គោលដៅ នៃ​ទេសន្ដរប្រវេសន៍ ត្រូវ​ធានា​នូវ​កិច្ច​គាំពារ និង​លក្ខខណ្ឌ​ការងារ សម្រាប់​ពលករ​ទេសន្ដរប្រវេសន៍​ទាំងនោះ ដើម្បី​បង្ការ​ទប់ស្កាត់​ពី​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​។ ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ប្រកបដោយ​ជោគជ័យ យើង​ទាមទារ​ផងដែរ​ឱ្យមាន​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើឱ្យ​ប្រសើរឡើង សម្រាប់​ការវិនិយោគ​លើ​វិស័យសេដ្ឋកិច្ច ក្នុងប្រទេស​ក៏ដូចជា​តំបន់ ដែលជា​ប្រភព​លំហូរ​ចេញ នៃ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ក៏ដូចជា​មាន​ចំណាត់ការ​ក្នុងការ​ផ្ដន្ទាទោស​ជន​ប្រ​ព្រឹ​ត្ដ​ល្មើស ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

លោកស្រី​រដ្ឋមន្ត្រី​បាន​បង្ហាញថា បច្ចុប្បន្ននេះ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ នៅក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​មាន​ចំនួន​១១៧​លាន​នាក់ ដែល​នេះ​ជា​ចំនួន​ច្រើនជាង​ពាក់កណ្ដាល នៃ​ចំនួន​ជនរងគ្រោះ​សរុប​នៅលើ​ពិភពលោក​។ ក្នុងចំណោម​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​រាប់លាន​នាក់​នេះ មាន​ជនរងគ្រោះ​ធ្លាក់​ចូលក្នុង​ពលកម្ម​ដោយ​បង្ខំ​លើ​ទូក​នេសាទ និង​ឧស្សាហកម្ម​ម្ហូបអាហារ​សមុទ្រ រោងចក្រ កសិកម្ម និង​ផ្នែក​សំណង់​ជាដើម​។ ជនរងគ្រោះ​មួយចំនួនធំ​ជា​ស្ដ្រី និង​ក្មេងស្រី ត្រូវគេ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ទាសភាព​ការ ងារ​តាម​ផ្ទះ ឬ​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ រីឯ​កុមារ​ត្រូវគេ​បង្ខំ​ឱ្យទៅ​សុំទាន​។ សិទ្ធិ និង​សេចក្ដីថ្លៃថ្នូរ​ជា មូលដ្ឋាន​របស់​ជនរ​ង​គ្រោះ ដែល​ភាគច្រើន​ជា​ស្ដ្រី ក្មេងស្រី បុរស និង​កុមារ​ទាំងនោះ​ត្រូវ បាន​គេ​ដកហូត រួមទាំង​ការបាត់បង់​នូវ​ឱកាស​ដើម្បី​រស់នៅក្នុង​អាជីវកម្ម​មួយ ដែល​គ្មាន​អំពើហិង្សា ឬ​ឱកាស​ក្នុងការ​ទទួលបាន​ប្រាក់កម្រៃ​ការងារ​ដោយ​សមស្រប​។​

លោកស្រី អ៊ឹង កន្ថាផាវី បាន​បន្ដថា តាម​ការប៉ាន់ប្រមាណ មាន​មនុស្ស​ប្រមាណ ២០,៩​លាន​នាក់ គឺជា​ជនរងគ្រោះ នៃ​ពលកម្ម​ដោយ​បង្ខំ ឬ​ការកេងប្រវ័ញ្ច​លើផ្លូវ​ភេទ នៅលើ​ទូទាំង​ពិភពលោក ក្នុងនោះ​ស្ដ្រី និង​ក្មេងស្រី​មាន​ចំនួន​ប្រមាណ​៥៥​ភាគរយ និង​កុមារ មាន​ប្រមាណ​២៦​ភាគរយ គឺ​សុទ្ធតែជា​ជនរងគ្រោះ នៅក្នុង​ទម្រង់​អំពើ​ជួញដូរ​មនុស្ស តាមរយៈ​មេខ្យល់ មេក្លោង និង​ការ​លួចលាក់ តាមរយៈ​បោក​បញ្ឆោត និង​តាម​ការសន្យា​ជាដើម​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684