ព័ត៍មានទាន់​ហេតុការណ៏
Search
1-5-2015-sp-2

រឿង​«​បេះដូង​ក្រៅ​ទ្រូង​»​បញ្ចប់​ការ​ថត​កំពុង​កាត់ត​ត្រៀម​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ

ភ្នំពេញ ៖ ខ្សែ​វីដេអូ​ភាគ​រឿង​«​បេះដូង​ក្រៅ​ទ្រូង​»​ដែល​ដកស្រង់​ចេញពី​ប្រលោមលោក​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុន​ឈឿន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៩៨​នោះ ត្រូវបាន​ផលិតករ​ភាពយន្ត​ខ្មែរ​ល្បីឈ្មោះ​និង​ពោរពេញ​ទៅដោយ​បទពិសោធន៍​លោក​មុត ថា​រី​សុំ​សិទ្ធិ​យកមក​បំបែក​សេណារីយោ​ធ្វើការ​ផលិត​និង​ដំណើរ​ការថត​អស់​    រយៈពេល​១​ខែ​កន្លងមកនេះ​ត្រូវបាន​បញ្ចប់​ហើយ ហើយ​កំពុងតែធ្វើការ​កាត់ត​និង​ត្រៀម​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​នាពេល​ឆាប់ៗ​នេះ​ផងដែរ​។​

ផលិតករ​ដែល​មានប​ទ​ពិសោធន៍​ខាង​ផលិត​កុន​រូបនេះ​បាន​ឲ្យ​ដឹងថា រឿង​«​បេះដូង​ក្រៅ​ទ្រូង​» ត្រូវបាន​ក្រុមការងារ​របស់លោក​ថ​ត​បញ្ចប់​ហើយ​កាលពី​ម្សិលមិញ​នេះ​ក្នុង​រយៈពេល​ជិត​១​ខែ ហើយ​យើង​កំពុងតែ​រៀបចំ​កាត់ត​ទៅតាម​លក្ខ​ណៈ​បច្ចេកទេស​ដែល​អាច​ចំណាយពេល​រហូត​ទៅដល់​១​ខែ​ទៀត​យ៉ាងយូរ​និង​គ្រោង​សម្ពោធ​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​នា​អំឡុង​ដើមខែ​មិថុនា​ខាងមុខនេះ​។ ការផលិត​ខ្សែ​វីដេអូ​ភាគ​នេះ​ឡើង​គឺ​ស្ថិតក្រោម​ការ​ទំលាក់​ទុន​ពី​លោក​ខៀវ កា​ញ៉ា​រី​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដើម្បី​យកមក​ចក់​ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​ជាតិ ពីព្រោះ​បច្ចុប្បន្ន​ទូរទស្សន៍​មួយ​នេះ​នៅ​មិនទាន់មាន​ខ្សែ​វីដេអូ​ភាគ​ខ្មែរ​បញ្ចាំង​ជូន​ទស្សនិកជន​   ទស្សនា​នៅឡើយ​។​

អ្នកនិពន្ធ​និង​ដឹកនាំ​រឿង​ដែលមាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​រូបនេះ​បន្ថែមថា ទិសដៅ​បន្ត​ផលិតកម្ម​មុត ថា​រី​ភាពយន្ត​នឹង​ខំប្រឹង​សំ​រឹត​សំរាំង​ស្នាដៃ​ជា​បន្ត​របស់ខ្លួន​បន្ថែម​ទៀត​ដើម្បី​បំរើ​អារម្មណ៍​ទស្សនិកជន​ក៏ដូចជា​ដើម្បី​ចូលរួម​លើកស្ទួយ​សិល្បៈ​វប្បធម៌ ជាពិសេស​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​មានការ​រីកចំរើន​ផងដែរ​។​លោក​មុត ថា​រី​សង្ឃឹមថា រឿង​«​បេះដូង​ក្រៅ​ទ្រូង​»​នេះ​នឹង​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​អ្នកទស្សនា​ជាក់​ជាមិនខាន​បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​។​

លោក​មុត ថា​រី ចាងហ្វាង​ផលិតកម្ម​មុត ថា​រី​ភាពយន្ត​បាន​និយាយ​បង្ហើប​ប្រាប់ទៀតថា រឿង «​បេះដូង​ក្រៅ​ទ្រូង​»​យើង​ធ្វើការ​ផលិតឡើង​ចំនួន​១០​ភាគ​ធំ​ប្រកបដោយ​ការ​សំ​រឹត​សំរាំង​បំផុត​និង​មាន​តួ​សំដែង​ដូចជា​លោក​ស៊ិន សំនៀង កញ្ញា​គង់ វិច្ឆិកា តារា​តេ​ក្វាន់​ដូ​លោក​វី វុទ្ធី កញ្ញា​ខុន សម្ផស្ស កញ្ញា​ងួន ពិសី ព្រមទាំង​តារា​សិល្បៈ​ប្រុស​ស្រី​ល្បីៗ​ជាច្រើន​ដួង​ទៀត​៕​ឥន្ទ្រី​យ៍​ទេព​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684