ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជា​ពល​រដ្ឋ​ប្រមាណ​៥០​នាក់ តវ៉ា​ចោទ​លោក​ជា ខៃ រំលោភ​យក​ដី​ផ្នូរ​បូរាណ​របស់​ដូនតា​

ភ្នំពេញ ៖ ប្រជា​ពក​រដ្ឋ​ប្រមាណ​៥០​នាក់ មាន​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ បាននាំគ្នា​ធ្វើការ​តវ៉ា​ដោយ​ចោទប្រកាន់ថា លោក​ជា ខៃ ថៅកែ​ឡឥដ្ឋ​ឃុ​ប​ឃឹ​ត​ជាមួយ​អាជ្ញាធរ​សង្កាត់ ស្វាយប៉ាក​រំលោភ​យក​ដី​ផ្នូរ​បូរាណ​ដូនតា​របស់គាត់​លក់ ដោយ​ពួកគាត់​ទាមទារ​សង​ដី​មកវិញ​ឱ្យបាន​ធំ​ដូចដើម​។​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ទីតាំង​វិមាន​វិហារ​វៀតណាម ស្ថិតនៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយ​ការតវ៉ា​នេះ​រយៈពេល​៣​ថ្ងៃ​មកហើយ គ្រាន់តែ​២​ថ្ងៃមុន​មិនមាន​ទ្រង់ទ្រាយ​ធំ​ដូច​ថ្ងៃនេះ ពោលគឺ​ធ្វើឡើង​បន្ទាប់ពី​ត្រូវ​លោក​ជា ខៃ យក​ដី​នេះ​លក់​ឱ្យ​ឈ្មួញ ។​
​ ​ពួកគាត់​បាន​រៀបរាប់ថា ដី​ទីលាន​កប់ខ្មោច​បូរាណ​នេះ​គឺមាន​តាំង​ពីមុន​ឆ្នាំ​១៩២៧​មកម្ល៉េះ ដែល​ទីលាន​កប់ខ្មោច​នេះ​មាន​ចំរុះ​ជាតិ​សាសន៍ ដូចជា​ជនជាតិ​វៀតណាម ចិន ខ្មែរ​ជាដើម ដោយ​ដី​នេះ​ពីមុន​មាន​បណ្តោយ​២០០​ម៉ែត្រ និង​ទទឹង​២០០​មែត្រ ស្មើនឹង​៤​ហិកតា តែ​មកដល់ពេលនេះ ត្រូវបាន​លោក ជា ខៃ ថៅកែ​ឡឥដ្ឋ​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​អាជ្ញាធរ​សង្កាត់​ស្វាយប៉ាក​យក​លក់​ឱ្យ​ឈ្មួញ​អស់ នៅសល់​ទំហំ​តូចចង្អៀត ដែល​មិនអាច​ទទួលយកបាន។​
​ ​ការតវ៉ា​នោះគេ​ឃើញ​អាជ្ញាធរ​ភូមិ​សង្កាត់​ស្វាយប៉ាក ចុះទៅ​សម្របសម្រួល​ដែរ តែ​មិនអាច​រំងាប់​ចិត្ត​ប្រជាពលរដ្ឋ​បានទេ​  ដោយ​ពួកគាត់​ទាមទារ​យក​ដី​៨​ម៉ែត្រ​ជុំវិញ​ផ្នូរ​នោះមក​វិញ ។​
​ ​លោក​ហ៊ូ សាម៉ន ចៅសង្កាត់​ស្វាយប៉ាក​បានឱ្យ​កម្ពុ​ជាថ្មី​ដឹងថា ក្នុងនាម​គាត់​ជា​អាជ្ញាធរ គឺ​កើត​មានរឿង​បែបនេះ គាត់​មាន​ការជួយ​សម្របសម្រួល​ដើម្បីឱ្យ​ភាគី​ទាំងសងខាង​ត្រូវរ៉ូវ​គ្នា ដោយ​មិន​ចង់ឱ្យមាន​ទំនាស់​គ្នា​ទេ តែ​បែរជា​ប្រជាពលរដ្ឋ​មិនដឹងថា​គាត់​ជួយ​ហើយ​បែរជា​ចោទ​គាត់​ថា​មានការ​ឃុបឃិត​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ទៅវិញ​។

​ ​លោក​បន្ត​ថាបើ​ភាគី​ទាំង​២​មិន​ស្តាប់​ការសម្របសម្រួល​របស់​គាត់​ហើយ​គាត់​ដោះស្រាយ​មិន​ចេញ​មានតែ​បញ្ជូន​ទៅលើ​បន្តទៀត ។​
​ ​ជុំវិញ​ការចោទប្រកាន់​ខាងលើ កម្ពុ​ជាថ្មី​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក ជា ខៃ ថៅកែ​ឡឥដ្ឋ តាម​ទូរ​សព្ទ័​តែ​ទូរស័ព្ទ​ចូល​ជាច្រើនលើក​ពុំមាន​អ្នកទទួល​ឡើយ​៕​ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684