ព័ត៍មានទាន់​ហេតុការណ៏
Search
Towns-near-quake-epicenter-devastated

កាកបាទក្រហម​ ៖​ ក្រុង​នានា​ស្ថិតនៅ​ជិត​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​ រង​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង

 

កាកបាទក្រហម​បាន​និយាយ​ថា ទីប្រជុំជន​និង​ភូមិ​ដែល​នៅ​ជិត​ចំណុច​កណ្តាល​នៃ​ការរញ្ជួយ​ដី​កាលពី​ថ្ងៃ​សៅរ៍​ នៅ​កណ្តាល​ប្រទេស​នេ​ប៉ាល់​បាន​ទទួលរងការបំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង។​

នៅពេលនេះ​មនុស្ស​ជាង៦,០០០នាក់​ត្រូវ​បាន​គេ​ដឹងថា​បាន​ស្លាប់​នៅក្នុង​ការរញ្ជួយ​ដី​​កម្រិត៧.៨ រ៉ិ​ច​ទ័​រ ប៉ុន្តែ​ជោគវាសនា​របស់មនុស្ស​​រាប់ពាន់នាក់​បន្ថែមទៀត​នៅក្នុង​តំបន់​ដាច់ស្រយាល​ជាច្រើន​នៅតែ​មិនទាន់​ត្រូវបាន​គេ​ដឹង​។ រដ្ឋាភិបាល​បាន​ព្រមាន​ថា​ ចំនួន​អ្នកស្លាប់​អាច​កើន​ឡើងដល់​ជាង១០.០០០នាក់​។​

ទោះបីជា​ក្រុម​សង្គ្រោះ​មកពី​ប្រទេស​នេ​ប៉ាល់​ និង​សហគមន៍​អន្តរជាតិ​ កំពុង​ប្រតិ​ប​ត្ដិការ​​នៅ​ទីក្រុង Kathmandu និង​ក្នុង​តំបន់​ជុំវិញ​នោះ​​ក៏ដោយ ការ​រអិល​បាក់​ដី​ និង​អាកាសធាតុ​មិន​​ល្អ​បាន​រំខាន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បីឈាន​ទៅដល់​ស្រុក​ដាច់ស្រយាល​។​

ជំនួយ​បន្ទាន់​ ក៏​នៅ​មិនទាន់​ទៅដល់​តំបន់​ជាច្រើន​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ក្រោយ​រយៈពេល​ប្រាំ​ថ្ងៃ​ បន្ទាប់ពី​ការរញ្ជួយ​ដី​នេះ​បាន​វាយប្រហារ។​

មាន​ដំណឹង​ល្អ​ខ្លះ​គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ជាមួយ​ក្មេងប្រុស១៥ឆ្នាំ​ម្នាក់​ និងស្ត្រីអាយុ ២០ ឆ្នាំ​ម្នាក់​ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក ​​នៃ​អគារ​ដែល​ដួលរលំ​ទាំងពីរ​នៅក្នុង​ទី​ក្រុង Kathmandu ។ សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម (IFRC) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ក្រុម​វាយ​តម្លៃ​កាកបាទក្រហម​ចំនួន​ប្រាំមួយ​បាន​រាយ​ការណ៍​​ថា ទីប្រជុំជន​និង​ភូមិ​មួយចំនួន​នៅក្នុង​ស្រុក​ដែល​រង​ផលប៉ះពាល់​អាក្រក់​បំផុត នៅ​ជិត​ចំណុចកណ្តាល​បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​»​។​

Jagan Chapagain ប្រធាន​ក្របខណ្ឌ​អាស៊ី​ប៉ាស៊ីហ្វិក​របស់ IFRC បាន​និយាយថា​:”ក្រុម​ ​មួយ​របស់​យើង​បាន​ត្រឡប់​មកពី​តំបន់ Chautara នៅក្នុង​ស្រុក Sindupalchowk ដោយ​បាន​រាយ​ការណ៍​ថា៩០ភាគរយនៃ​ផ្ទះ​ត្រូវបាន​បំផ្លាញ«​មន្ទីរពេទ្យ​បាន​ដួលរលំ​ និង​មនុស្ស​បាន​កាយ​កម្ទេច​ថ្ម​ដោយ​ដៃ​របស់​ពួកគេ​ជាមួយ​ក្តី​សង្ឃឹមថា ​ពួកគេ​អាច​ស្វែងរក​សមាជិក​ក្រុម​គ្រួសារ​ដែល​នៅរស់»​។​

IFRC បាន​និយាយថា​ មានផ្ទះ​រហូតដល់​ទៅ ៤០,០០០ខ្នង​ត្រូវបាន​គេ​ជឿថា ​ត្រូវបាន​បំផ្លាញ​នៅក្នុង​តំបន់ Sindupalchowk។​

អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ មនុស្ស​ប្រហែល១,៤០០ នាក់​បាន​ស្លាប់​នៅ​ទីនោះ។

ដូចគ្នានេះ​ផងដែរ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​រដ្ឋាភិបាល​បាន​និយាយថា​ ចំនួន​អ្នកស្លាប់​បាន​​កើន​ដល់៦,១៣០នាក់​ និង១៣,៨២៧នាក់​រង​របួស​។ ទន្ទឹមនឹង​នេះដែរ ​ការ​ស្វែងរក​អ្នក​នៅ​រស់​រានមានជីវិត​ត្រូវបាន​បន្ត​។​

ការខ្វះខាត​ស្បៀងអាហារ​ និង​ទឹក​នៅក្នុង​រដ្ឋធានី​ បាន​បង្ខំ​ឲ្យ​កម្មករ​រាប់ពាន់នាក់​ជិះ​រថ​យន្តក្រុង​ ហើយរ​ត់ទៅ​ក្រុង​កំណើត​និង​ភូមិ​របស់​ពួកគេ​។​

កង្វះ​រថយន្តក្រុង​ និង​ការចែក​ចាយ​នៃ​ជំនួយ​យឺតយ៉ាវ​ នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​បាន​រវាង​ក្រុម​បាតុករ​នឹង​ប៉ូលិស​កុបកម្ម​៕

BBC News

វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684