ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-01-15-i-full

សិស្ស មិន​មាន​ចិត្ត​មានះ ទើប​រៀន​ពូកែ

 

សិស្ស​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​នោះ គឺ​សំដៅ​ទៅលើ​សិស្ស​នេះ​ស្តាប់​យោបល់​គ្នា​ទៅវិញទៅមក​។ បាន​សេចក្តី​ថា ក្នុង​សន្ទនា​គ្នា ឬ​ហៅថា ជា​ការ​ផ្លាស់ប្តូរ​យោបល់​គ្នា​នោះ​តែង​កើតឡើង​ជាធម្មតា​នៅក្នុង​សមូហភាព​សិស្ស​ហើយ​ដែល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ដំណើរ​ការល្អ​នោះ​លុះត្រាតែ​ភាគី​ម្ខាងៗ​ផ្តល់​តម្លៃ​ថា​អោយគេ​ត្រូវ​ផង ទើប​ចេះតែមាន​ញាតិមិត្ត​រាប់អាន​ក្នុងការ​ចូលរួម​ជជែក​គ្នា​។ ផ្ទុយទៅវិញ​បើ​ភាគី​ម្ខាងៗ​មានការ​ប្រកាន់​នូវ​អស្មិមានះ​ដោយ​ចាត់ទុក​យោបល់​របស់ខ្លួន​ថា ត្រឹមត្រូវ​ជាងគេ ឬ​ដោយ​ការ​ច្រាន​យោបល់​គេ​ចោល​នោះ​ប្រាកដជា​សិស្ស​នោះ​នឹង​រស់នៅ​ឯកោ​ពិតប្រាកដ។

ក្នុង​ខណៈ​នេះ​យើង​លើកយក​ការសន្ទនា​តែ​រវាង​សិស្ស​២​នាក់​មក​បង្ហាញ​ជា​ឧទាហរណ៍​តាម​ករណី​២​យ៉ាង​គឺ​ទី​១ សិស្ស​ចេះ​ស្តាប់​យោបល់​គ្នា​។ នៅពេល​ដែល​មាន​សិស្ស​ម្នាក់​និយាយប្រាប់​ឬ​និយាយ​បញ្ជាក់​បង្ហាញ​អំពី​បញ្ហា​អ្វីមួយ​នោះ គឺ​សិស្ស​ម្នាក់ទៀត​រង់ចាំ​ស្តាប់​ឬ​ទ្រាំ​ចាំ​ស្តាប់​ឲ្យ​គេ​និយាយបាន​ចប់​សិន​ទើប​សិស្ស​ម្នាក់ទៀត​មាន​យោបល់​វិញ​ម្តង​ទៅតាម​ការយល់ឃើញ​រប​ស់​ខ្លួន​។

ប៉ុន្តែ​ប្រសិនបើ​សិស្ស​ទី​១ កំពុងនិយាយ ឬ​និយាយ​មិនទាន់​ចប់​ផង​បែរជា​សិស្ស​ទី​២​និយាយ​កាត់​គេ ឬ​ប្រជែង​យក​តាម​យោបល់​របស់​ខ្លួន​ដោយ​ចិត្ត​មានះ​នោះ​ឃើញថា ជា​ការ​សន្ទនា​គ្នា​ពុំ​បានល្អ​នោះទេ​។ បាន​សេចក្តី​ថា ការ​ពិភាក្សាគ្នា​មិនបាន​ផ្តល់​សិទ្ធិ​អោយ​គ្នា​នោះ​ទេ ឬ​គេ​ហៅថា ជាការ​សន្ទនា​ដូចជា​ផ្សារ​លក់ដូរ​ទៅវិញ​។ ប្រការ​សំខាន់​ម្យ៉ាង​បើ​សិស្ស​ម្នាក់​កំពុងមាន​យោបល់ ប៉ុន្តែ​ចំពោះ​សិស្ស​ជា​ដៃគូ​ម្ខាង​ទៀត​មិនមាន​ការចាប់អារម្មណ៍​ទៅលើ​សំដី​គេ​នៃ​អ្នក​និយាយ​ទេនោះ​ប្រាកដជា​គេ​ឈប់​និយាយ ឬ​គេ​មិន​មាន​ចេតនា​ក្នុង​ការ​និយាយ​ទៀតឡើយ​។ ប្រការ​ល្អ​នៃ​ការសន្ទនា​របស់​សិស្ស​នោះ​គឺ​ត្រូវ​ដកចេញ​ពី​ក្នុង​ចិត្ត​ម្នាក់ៗ​នូវ ភាព​អស្មិមានះ​ចោល​ចេញ​។ បានសេចក្តីថា អ្នក​បញ្ចេញយោបល់​ប្រាប់​គេ​ក៏​មិន​គិតថា យោបល់​របស់ខ្លួន​ត្រឹមត្រូវ​ល្អ​មួយរយ​ភាគរយ​នោះដែរ គឺ​តែងមាន​ចំណុច​ខ្វះខាត​ដែល​ត្រូវមាន​ការជួយ​កែលំអ​ឡើងវិញ​។ រីឯ​អ្នក​ស្តាប់​គេ​និយាយ​វិញ​នោះ​ក៏​មិនត្រូវ​ច្រាន​យោបល់​គេ ឬ​បដិសេធ​យោបល់​គេ​ចោល​ជា​អសារ​បង់​នោះដែរ​។ បើ​ធ្វើ​របៀបនេះ​ហៅថា មាន​ភាព​អស្មិមានះ ឬ​ហៅថា ជាការ​ប្រណាំងប្រជែង​យក​ត្រូវតែ​រៀងខ្លួន ឬ​យល់ថា​យោបល់​របស់ខ្លួន​មាន​ភាពប្រសើរ​ជាង​យោបល់​របស់គេ​។ បើទោះជា​មានការ​លើសខ្វះ​គ្នា​បន្តិចបន្តួច​ល្មម​អាច​សម្របសម្រួល​គ្នា​បាន​នោះ​ក្តី​ក៏​សិស្ស​ដែលមាន​ចិត្ត​អស្មិមានះ​នោះ​នៅតែ​ប្រកាន់​គំនិត​និង​យោបល់​របស់ខ្លួន​ថា​ប្រសើរ​ជាង​យោបល់​របស់គេ​ជានិច្ច​។ ការពិភាក្សា ឬ​ការសន្ទនា​បែបនេះ​ឃើញថា មិនមាន​ការបន្ត​និរន្តរភាព​បានយូរ​អង្វែង​ជាមួយគ្នា​នោះឡើយ​។ មានន័យថា សិស្ស​មាន​សិទ្ធិ​មានះ​បែបនេះ​តែង​បាត់បង់​ញាតិមិត្ត​រាប់អាន ឬ​បាត់បង់​មិត្តភក្តិ​ស្និទ្ធស្នាល​អស់ហើយ​។ សិស្ស​ដែលមាន​ទិដ្ឋិ​មានះ យ៉ាងនេះ​មានតែ​មនុស្ស​ថ្មី ឬ​អ្នក​ដែល​គ្រាន់តែ​និយាយ​គ្នា​ហៅថា កូរៗ​កុំឲ្យ​ខ្លោច​ប៉ុណ្ណោះ​។ គេ​និយាយ​ថា សិស្ស​ដែលមាន​ការ​មានះ​អួតអាង​និង​លើកតម្កើង​តែ​យោបល់​របស់ខ្លួន​នោះ គឺជា​មនុស្ស​ឆោតល្ងង់​ទេតើ​ដែល​គ្រាន់តែ​គេ បញ្ជោរ ឬ​បញ្ចើចបញ្ចើ​ហៃអើៗ​តាម​ក្រោយ​ដូច​រឿង​អា​ជ័យ​ធ្លាក់ទឹក​អ៊ីចឹង​។​

ជាការ​ពិត ចំពោះ​អ្នក​និយាយ​មានន័យថា ជា​អ្នកផ្តល់​ឲ្យ​គេ​នូវ​អ្វីមួយ​។ ឯ​ចំពោះ​អ្នក​ស្តាប់​គេ​និយាយ​នោះ​គឺជា​អ្នក​ទទួល​យក​អ្វីមួយ​ពី​គេ ដូចជា​ទទួលយក​គំនិត​និង​ព័ត៌មាន​ជាដើម​។ លោកអ្នក​ប្រាជ្ញ​ខាង​ចិត្តសាស្ត្រ​តែង​និយាយ​ថា តើ​យើង​ចូលចិត្ត​ផ្តល់​ឲ្យ​គេ ឬក៏​យើង​ចង់​ទទួល​ពី​គេ​? បើ​យើង​ចង់​ទទួលយក​ពី​គេ​គឺ​យើង​ត្រូវ​ខំ​ស្តាប់​គេ​និយាយ​ឲ្យ​បាន​ដឹង​ហេតុផល​ច្បាស់​សិន នោះ​ទើប​គេ​ជា​អ្នក​និយាយ​កាន់​តែ​មាន​កម្លាំងចិត្ត​ចង់​និយាយ​បន្ត​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​ហើយ​ដែលជា​ការនិយាយ​ប្រកបដោយ​មានការ​ប្រឹងប្រែង​និង​ចង់បង្ហាញ​ឬ​បញ្ចេញ​ប្រាប់​គេ​ផង។

ប៉ុន្តែ​ក្នុងករណី​ដែល​អ្នក​ស្តាប់​បែរជា​វាយឫក​ធំ​ធ្វើ​ព្រងើយកន្តើយ​តាមបែប​អស្មិមានះ​នោះ​ក៏​គេ​មិន​ចង់​និយាយប្រាប់​ដែរ​។ រីឯ​អ្នក​និយាយ​វិញ​បើ​មិន​ទទួលយក​យោបល់​ពី​អ្នក​ស្តាប់​ទេ​គឺ គិតតែ​ទេសនា​ប្រឹង​ប្រទាញ​គំនិត​គេ​ទាំង​ដុល​នោះ​ក៏​ជា​អស្មិមានះ​យ៉ាងខ្លាំង​ដែល​មិនអាច​ទៅរួច​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684