ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-01-15-j-full

ប្រវត្តិ នៃ​ព័ត៌មាន អំពី​ប្រាសាទ​ជ្រុង

 

ប្រាសាទ​ជ្រុង​ជា​ប្រាសាទ តូច​ដែល​មិន​សូវ​មាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ​។ ប្រាសាទ​នេះ​មាន​រាង​ចតុកោណកែង​ដែល​មាន​បណ្តោយ​១៥​ម៉ែត្រ ទន្ទឹង​១០​ម៉ែត្រ មាន​កំពស់​ប្រហែល​៥,៧​ម៉ែត្រ បែរមុខ​ទៅ​ទិសខាងកើត​ហើយ​ដែល​សាងសង់​ឡើង​ដោយ​ថ្មភក់ និង​ថ្មបាយក្រៀម​។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ដោយ​ព្រះមហាក្សត្រ​គឺ ព្រះ​បាន​ទ​ជ័យ​វរ្ម័នទី​៧។

ចំពោះ​ទីតាំង​នៃ​ប្រាសាទ ជ្រុង​គឺ​ឋិត​នៅក្នុង​បរិវេណ​នៃ​កំពែង​ខាងក្រៅ​ប្រាសាទបាយ័ន នៅត្រង់​កន្លែង​កាច់ជ្រុង​នៃ​ទន្លេ​អុំ​។ តាមរយៈ​ខ្លោងទ្វារ​ចូល​ផ្នែក​ខាងត្បូង​នៃ​ប្រាសាទ អង្គរ ធំ ហើយ​មាន​ការ​បត់​ទៅ​ខាង​ឆ្វេង​ដៃ ដោយ​ធ្វើដំណើរ​តាម​មាត់ទន្លេ អុំ នោះ​ឆ្ពោះទៅ​ទិស​ខាងលិច​ដល់ កន្លែង​កាច់ជ្រុង​នៃ​កំពែង​ប្រាសាទ​យើង​ឃើញ​មាន​ប្រាសាទតូច​មួយ គឺ​ប្រាសាទ​នោះ​ហើយ​ដែល​មាន​ឈ្មោះថា ប្រាសាទ​ជ្រុង​។ បើ​តាម​មតិ​ភាគច្រើន​យល់ថា តាម​ទម្លាប់​ដែល​គេ​ហៅ​ឈ្មោះ​ប្រាសាទ​នេះ​ថា ជា​ប្រាសាទ ជ្រុង​នោះ ព្រោះ​ប្រាសាទ​នេះ​មាន​ទីតាំង​ឋិត​នៅ​ចំ​ជ្រុង ឬ​ចំណុច​កែង​នៃ​ប្រាសាទ​អង្គរ ធំ​តែម្តង​។ ប៉ុន្តែ​បើតាម​ការកំណត់​ឈ្មោះ​ប្រាសាទ​នោះ​កាលសម័យ​អង្គរ ឬ​កាលពី​កសាង​រួចមក​នោះ​គេ​បាន​ចាត់ទុក​ប្រាសាទ​នេះ​ជា​ហោត្រ័យ ឬ​ជា​បណ្ណាល័យ​សម្រាប់​តម្កល់​ទុក​ផ្ទាំង​សិលាចារឹក ដ៏​សំខាន់​ដែល​បាន​បញ្ជាក់​អំពី​ការ​ពណ៌នា​យ៉ាង​ពិស្តារ នៃ​ការស្ថាបនា មហាកំពែង​និង​កសិណ​ទឹក​ព័ទ្ធជុំវិញ អង្គរ ធំ ព្រមទាំង​ព័ត៌មាន​ស្តីពី​ទ្វារ​ចូល​នៃ​រាជធានី អង្គរ ធំ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។​

មកដល់ពេលនេះ​ប្រាសាទ ជ្រុង មានការ​ទ្រុឌទ្រោម​ទៅតាម​ពេលវេលា ឬ​អាយុកាល​នៃ​សំណង់ អស់​ដោយ​អន្លើៗ​ខ្លះ​ទៅហើយ ប៉ុន្តែ​ចំពោះ​ប្រាង្គ​ប្រាសាទ​ដែលមាន​ជញ្ជាំង​តម្រៀប​ដោយ​ថ្មភក់​នោះ​នៅ​មានការ​បន្សល់​រូបចម្លាក់​អប្សរា នៅ​អម​សងខាង​នៃ​ថ្ម​បង្អួច​បញ្ឆោត និង​នៅតាម​ជ្រុង​ប្រាសាទ​គួរឲ្យ​គយគន់​លាយ​ចម្រុះ​ទៅដោយ​ក្បាច់​ភ្ញី​ឆ្លាក់​នៅលើ​ថ្ម​យ៉ាង​រស់​រវើក​ដែល​មិន​ចាញ់​ប្រាសាទ​នានា​ប៉ុន្មាន​នោះ​ទេ​។ ប្រការ​ដែល​គេ​តែងមាន​ការចាប់អារម្មណ៍​ម្យ៉ាងទៀត​នោះ​គឺ​គេ​យល់ថា ការ​គយគន់​ពន្លឺព្រះអាទិត្យ​ជិត​អស្តង្គត​នៅ​ប្រាសាទ ជ្រុង​ឃើញ​មាន​ទេស​ភាពល្អ​ប្រណីត​មិន​ខុសពី​ភាពល្អ​ឆើតឆាយ​នៃ​ផ្ទាំង​ទេសភាព​ពីលើ​កំពូលភ្នំ​នៃ​ប្រាសាទ​បាខែង​ឡើយ។

បាន​សេចក្តី​ថា ទេសភាព​ទាំងឡាយ​នៅពេល​ថ្ងៃ​ជិត​លិច​បើ​យើង​បាន​ឋិត​នៅ​កំពុង​ទស្សនា​ប្រាសាទ ជ្រុង​នោះ​គឺ​បណ្តាល​ឲ្យ​អារម្មណ៍​យើង​ទទួល​នូវ​ភាពល្អ​ប្រណិត​នៃ​ផែន​ធម្មជាតិ​ទាំងនោះ​ធ្វើអោយ​យើង​មាន​ភាព​រីករាយ​ស្រងេះស្រងោច​នឹក​ដល់​អតីតកាល​ដ៏​រុងរឿង​នៃ​សម័យ​អង្គរ​ពិតប្រាកដ។

បើ​ផ្អែក​តាម​ព័ត៌មាន​ដែល​បាន​បញ្ជាក់​ថា ប្រាសាទ ជ្រុង​ជា​ហោត្រ័យ ឬ​ជា​បណ្ណាល័យ​ក្នុងសម័យ​អង្គរ ជាពិសេស​ក្នុងសម័យ​បាយ័ន ឬ​សម័យ​អង្គរ ធំ​នោះ គឺ​ចាត់ទុកជា​មជ្ឈមណ្ឌល​នៃ​ការសិក្សា និង​បណ្តុះបណ្តាល​សិល្បករ​វិចិត្រករ​ឬ​ជាងសំណង់​អំពី​ថ្ម ក៏ដូចជា​ជាងចម្លាក់​ដែរ​។ នេះ​ជា​ព្រះរាជតម្រិះ​ដ៏​ឈ្លាសវៃ​ភ្លឺស្វាង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក្នុងការ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​អោយ​កាន់​តែមាន​វឌ្ឍនភាព គ្រប់​ជំនាន់​ក្រោយ​បន្តទៀត​ក្នុង​ការ​កសាង​អរិយធម៌​ជាតិ​អោយ​កាន់តែ​មានការ​រីកចម្រើន​ខ្លាំងក្លា​ដែល​អាស្រ័យ​ដោយ​ការសិក្សា ឬ​វិស័យ​អប់រំ​ពិតប្រាកដ។

ជាក់ស្តែង​តាម​ប្រវត្តិ​ព័ត៌មាន​បាន​បញ្ជាក់​អំពី​បញ្ហា​ឯកសារ​ដែល​បាន​តម្កល់ទុក​ក្នុង​ប្រាសាទ​ជ្រុង​កាលណោះ​គឺ​សិលាចារឹក​ដែល​ជា​សំណេរ​អក្សរ​របស់​ដូនតា​ដោយ​ចារ​លើ​ថ្ម​មាន​សេចក្តី​បញ្ជាក់ប្រាប់ ឬ​បង្ហាញ​អំពី​ហេតុផល​នានា​នៃ​ការកសាង​មហាកំពែង​ព័ទ្ធជុំវិញ​អង្គរ ធំ​ដែល​កំពែង​នោះ​ធ្វើ​អំពី​ថ្មបាយក្រៀម​, ការស្ថាបនា​គូ​ទឹក​ហៅថា ទន្លេ អុំ និង​ការកសាង​ខ្លោងទ្វារ​ទិស​ទាំង​៤ ចូល​ប្រាសាទ​អង្គរ ធំ​ដែល​ពី​ខាងមុខ​ខ្លោងទ្វារ​មាន​បដិមា​យក្ស​និង​ទេវតា​ទាញព្រ័ត្រ​ផង។

បច្ចុប្បន្ន​នេះ​មិន​ដឹង​ថា តើ​ឯកសារ​នៃ​សិលាចារឹក​ទាំងអស់​ក្នុង​ប្រាសាទ ជ្រុង​ដែលមាន​ការរៀបចំ​ថែរក្សា និង​ប្រើប្រាស់​នៅ​សម័យអង្គរ​នោះ​ឋិត​នៅទីណា​ខ្លះ​នោះទេ​។ ព្រោះ​កាលណា​បាត់បង់​ឯកសារ​សិលាចារឹក​នោះ​ក៏​យើង​ជំនាន់​ក្រោយ​មាន​ភាព​ងងឹត​ដែរ បាន​សេចក្តី​ថា មរតក​វប្បធម៌​នេះ​ហើយ​ដែល​ធ្វើអោយ​ជាតិ​មាន​រស្មី​ពណ្ណរាយ ព្រោះ​របស់​ថ្មី​តែង​កើតឡើង​ពី​របស់​ចាស់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684