ព័ត៍មានទាន់​ហេតុការណ៏
Search
kpt

ទស្សនៈអាជីព​នយោបាយ

 

នយោបាយបើតាម​ការ​ពន្យល់​នៅក្នុង វចនានុក្រម​ខ្មែរ របស់​សម្តេច​សង្ឃរាជ ជួន​ណាត​ទំព័រ​៤៩៦ បាន​ឲ្យ​ដឹង​ថា ឧបាយ​ក្នុង​ការដឹកនាំ​, កលល្បិច ឬ​មេគំនិត​ដែល​គេ​ផ្តើម​ឡើង​ដើម្បី​ដឹកនាំ​ជន​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅ​រក​ទីដៅ យ៉ាងនេះ ឬ​យ៉ាង​នោះ។ ឯ​ពាក្យ​ថា អាជីពគឺ​មានន័យថា ជា​មុខរបរ​សំរាប់​ចិញ្ចឹមជីវិត​។ ដូច្នេះ​យើង​នឹង​ធ្វើ​កា​របញ្ចូល​គ្នា​ទើប​មានន័យថា ជា​មុខរបរ​ចិញ្ចឹមជីវិត​ខាង​ការងារ​ប្រើ​កលល្បិច​ក្នុង​ការ​ដឹកនាំ​ទៅតាម​គោលដៅ​ដែល​គេ​ចង់បាន។

ផ្តើម​ចេញពី​បញ្ហា​អាជីព​នយោបាយ​ក៏​មាន​ន័យ​ដូចជា​មុខរបរ​ទទួលទាន​ផ្សេងៗ ទៀត​ដែរ គឺ​មាន​គោលបំណង​ឲ្យ​មាន​ទីផ្សារ​ដែល​សំដៅ​ទៅលើ​ការ គាំទ្រ និង​ការ​លើកស្ទួយ​ពី​មនុស្ស​ក្នុង​សង្គម។ រឿង​នេះ​វា​មិន​ខុសពី​បញ្ហា​ក្រុមហ៊ុន​រកស៊ី​មួយ​មានបំណង​លក់ដូរ​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​លក់ដាច់​ច្រើន​នោះ​ទេ​។ បាន​សេចក្តី​ថា គេ​បាន​ជួល​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ធ្វើការ​ឃោសនា​អំពី​បញ្ហា​គុណភាព​នៃ​ទំនិញ​របស់​គេ​ក្នុង​ការ​ធានា​នូវ​ការប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​យ៉ាងណាៗ នោះ​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​នាំ​ឲ្យ​អតិថិជន​និយម​ទិញ និង​មានការ​គាំទ្រ​ក្នុង​ការ​ប្រើប្រាស់​នោះ​គេ​តែង​បានដឹង​ច្បាស់​អំពី​គុណភាព​នៃ​ផលិតផល​នោះ​ពិតប្រាកដ​។ ព្រោះ​គេ​ធ្លាប់​ឆ្លងកាត់​ការប្រើប្រាស់​កន្លងមក ម្ល៉ោះហើយ​គេ​តែ​បាន​ស្គាល់​គុណភាព​យ៉ាង​ជាក់ច្បាស់​ថា តើ​ផលិតផល​ណា​ល្អ ឬ​មិនល្អ​នោះ​ហើយ​។ ចំពោះ​ការឃោសនា​បំប៉ោង​គុណភាព ឲ្យ​ជ្រុល​ហួស​យ៉ាងណា​ក៏​គេ​បានដឹង​រួចជាស្រេច​ទៅ​ហើយ​ដែរ​។ រឿង​នេះ​មិនបាច់​កុហក​ទៀត​ទេ​ព្រោះ​គេ​បានដឹង​បានឮ និង​អ្នកខ្លះ​បាន​ធ្លាប់​ភ្លក្ស​រសជាតិ​ប្រកបដោយ​ការ​ខកចិត្ត កន្លងមក​យ៉ាង​ចុកចាប់ និង​អស់​សង្ឃឹមថា ពិតជា​ដូច​ពាក្យចាស់​ពោល​ថា យល់​លាមក​ថា ជា​ផ្កា យល់​បន្លា​ថា​ជា​ស្បៃមែន។

តាម​ធម្មតា​រឿង​នយោបាយ ក៏​មិន​ខុសពី​បុរាណាចារ្យ​ខ្មែរ​បាន​បន្សល់ទុក​សុភាសិត​មួយ​ឃ្លា​សម្រាប់​បង្ហាញ​ដល់​ការ​ត្រិះរិះ​ពិចារណា​របស់​កូនចៅ​គ្រប់​ជំនាន់​ឲ្យ​បាន​ចងចាំ​ផង​ដែរ​ថា ខ្លែង​ហើរ ត្បិត​ខ្យល់​…..” ទុកជា​មេរៀន​នៃ​អ្នកធ្វើនយោបាយ​។ បាន​សេចក្តី​ថា រឿង​ធំ​របស់​អ្នកនយោបាយ គឺ​ស្វែងរក​អ្នកគាំទ្រ​នៃ​គោលនយោបាយ​របស់​ខ្លួន​ដូច​ការ​បង្ហោះ​ខ្លែង​ទៅ​បាន​អាស្រ័យ​ដោយសារ​មាន​ខ្យល់​យ៉ាង​នេះ​ដែរ​។ ការពិត​ទាំង​ខ្លែង​តូច​ក្តី និង​ទាំង​ខ្លែង​ធំ​ក្តី​រមែង​ត្រូវការ​ខ្យល់​ដូចគ្នា ទើប​ខ្លែង​នោះ​ហើរ​រួច​។ ផ្ទុយទៅវិញ​បើ​គ្មាន​ខ្យល់​ទេនោះ ឬ​ហៅថា​ផ្ទៃមេឃ​ស្ងប់ខ្យល់​ខ្លែង​ដែល​ត្រូវ​បង្ហោះ​នោះ​ប្រាកដជា​ហើរ​មិន​រួច​នោះទេ​។ ពាក្យចាស់​បានធ្វើការ​ប្រៀបធៀប​នយោបាយ ឬ​អ្នកធំ​ទៅ​នឹង​ខ្លែង ដូច​ពាក្យចាស់​បាន​លើក​បញ្ជាក់​ថា ខ្លែង​ហើរ​ដ្បិត​ខ្យល់ នាយ​ថ្កើង ត្បិត​ពល​យ៉ាង​នោះ​ដែរ​។​

យើង​ងាក​ទៅ​បន្ត​អំពី​ការប្រៀបធៀប​អ្នកនយោបាយ​ទៅ​នឹង​មុខរបរ​រកស៊ី​វិញ គឺ​ក៏​មានការ​ខាត និង​មានការ​ចំណេញ​ដូចគ្នា​ដែរ​។ ឧទាហរណ៍ ដូច​គេ​តែង​និយាយថា ធ្វើ​ហ្នឹង​នាំ​ឲ្យ​ចំណេញ​នយោបាយ និង​ធ្វើ​អ៊ីចឹង​វា​ខាត​នយោបាយ។ រឿង​ចំណេញ និង​រឿង​ខាត​នយោបាយ​នេះ​វា​ជា​មូលដ្ឋាន​នៃ​អាជីព​របស់​អ្នកនយោបាយ ដូច​គេ​តែង​និយាយ​ថា រឿង​រកស៊ី​តែងមាន​ខាត​មាន​ចំណេញ ឬ​ហៅថា ម៉ា​ចាន​ទឹក និង​ម៉ា​ចាន​គោក​។ ឧទាហរណ៍​ជាក់ស្តែង​ចំពោះ​គណបក្ស​នយោបាយ​តូច ក៏​តែង​ប្រវេប្រវា​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ដើម្បី​ទ្រទ្រង់​ទាំង​សម្ភារៈ និង​ថវិកា​ដែរ​។ មាន​ព័ត៌មាន​ពី​ថ្នាក់ក្រោម កន្លងមក​ថា មាន​អ្នកលក់​គោក្របី ស្រែចម្ការ ជ្រូក​មាន់​ទា​ដើម្បី​ជា​ជំនួយ​ទ្រទ្រង់​ដល់​មេ​នយោបាយ​ក្នុង​ការ​ចាត់ចែង​ដំណើរ​អាជីព​នៃ​នយោបាយ​ឲ្យ​បានសម្រេច​ទិសដៅ​។ រហូតដល់​អ្នក​នៅ​ឯ​ស្រុក​ក្រៅ ក៏​មាន​បំណង​ទិញ​កៅអី​ផ្នែក​នេះ​ផ្នែក​នោះ​….។ តាមរយៈ​ការ​ផ្តល់​ជំនួយ​ដ៏​ក្រាស់ក្រែល​តាមរយៈ​ការឃោសនា​នៃ​ពាណិជ្ជកម្ម​របស់​មេ​នយោបាយ​។ ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ​បញ្ហា​នយោបាយ​នោះ​មិនបាន​ទៅដល់​ទិសដៅ​សម​តាម​បំណង​នោះ​ទេ​។ នេះ​ហើយ​ដែល​ជា​ការ​ខកចិត្ត​មិន​ស្ទើរ​ទេ ឬ​រក​និយាយ​មិន​ចេញ​ទេ​ព្រោះ​វា​ចូលក្នុង​រឿង ខុស​ព្រោះ​ខ្ញុំពិតប្រាកដ។

ជា​មួយ​នេះ​ដែរ​ចំពោះ​អ្នក​ដែល​ក្លាយ​ខ្លួន​ជា​អ្នកមាន​អ្នក​បាន​នោះ គឺ​ផលប្រយោជន៍​ដែល​បាន​ពី​ការ​ទ្រទ្រង់​នោះ​ត្រូវ​មូល​ទៅលើ​មេ​នយោបាយ​តូចតាច​នោះ​ហើយ​ដែល​ជា​អ្នកចាត់ចែង​ក្នុង​ការ​បន្ត​អាជីព​នយោបាយ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​បន្ត​ទៀត​ថា ត្រូវតែ​ប្រឹង​ឲ្យ​បាន​ដល់​ទិសដៅ​។ តើ​មាន​នរណា​ជឿ​ទៀត​?….

លីហាក់សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684