ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធ​រខេត្ត​អូស​បន្លាយ​ពេល​ក្នុង​ការ​រក​ដំណោះស្រាយ​រឿង​”​បឹង​តា​អឿ​”

 

បាត់ដំបង ៖ ដំណោះស្រាយ​រឿង​សហគមន៍​បឹង​តា​អឿ ដែល​ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវ​បាន​អាជ្ញាធរខេត្ត​ធ្វើការ​អូសបន្លាយ​ពេល​មិនទាន់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​ទេបន្ទាប់ពី​ស្ថាប័ន​តុលាការ​បាន​សន្យាថា មិន​លូកដៃ​ក្នុង​រឿងនេះ ដោយ​ប្រគល់​នាទី​ជូន​ទៅ​លោក​អភិបាលខេត្ត​ ជា​អ្នកចាត់ចែង​លើ​បញ្ហា​នេះ​។ កន្លងមក​ប្រជាពលរដ្ឋ​ចំនួន​៦៧​គ្រួសារ​ដែល​រស់នៅ​ក្នុង​សហគមន៍​“​បឹង​តា​អឿ​“​ធ្លាប់​បាន​ប្រឆាំង​តវ៉ា​យ៉ាង​ពេញ​ទំ​ហឹង​ទៅលើ​បុគ្គល​មួយ​ក្តាប់​តូច​ដែល​ទំនងជា​ស៊ីស​ស៊ូ​ស ត្រូវរ៉ូវ​គ្នា​ជាមួយ​អង្គភាព​ជំនាញ បាន​ទាញ​យក​ក្បាលដី​លេខ៦៧​ដែល​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​បាន​ចេញ​ប្លង់​ ចងក្រង​ជា​ប្រព័ន្ធ​ព្រមទាំង​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា គឺជា​បឹង​តា​អឿ ដែលជា​ដី​របស់​រដ្ឋ មក​ពុស​ជា​ដី​លំនៅដ្ឋាន​ចំនួន​ពី​ប្លង់​បន្ថែម​ទៀត ព្រម​ទាំង​បាន​ចុះ​ក្បាលដី​ចេញ​ជា​លេខ​1338​និង​1339​។​

ការឃុបឃិត​បំបែក​ក្បាលដី​របស់​រដ្ឋ​នេះ លោក​សួន សា​វ៉េត អភិបាលស្រុក​សង្កែ​ធ្លាប់មាន​ប្រសាសន៍ប្រាប់​កម្ពុ​ជាថ្មី​ថា វា​ជា​រឿង​របស់​លោក​ភឹម លឿ​ត ប្រធាន​ភូមិបាល​ស្រុក​សង្កែ ព្រោះ​ក្រោយពី​មានការ​លូក​ទន្ទ្រាន​ចង់បាន​ដី​រដ្ឋ​នេះ​រួចមក ស្រាប់តែ​មានការ​ផ្ទុះ​តវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ដោយ​មិន​អនុញ្ញាតិ​អោយ​បុគ្គល​ណា​ម្នាក់​ យក​ដី​បឹង​តា​អឿ​ធ្វើជា​កម្មសិទ្ធិឯកជន​បាន​ឡើយ​។ នៅក្នុង​ខណ​:​ដែល​មាន​ប្រជាពលរដ្ឋ​ចូល​មក​តវ៉ា​ពេញ​ក្នុង​សាលាស្រុក​នោះ​ក៏​ស្រាប់តែ​លោក​ភឹម លឿត​ដែល​មាន​នាទី​ដោះស្រាយ​លើ​បញ្ហា​នេះ​បាន​គេច​ទៅកាន់​ខេត្តក្រចេះ​បាត់ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើ​ឲ្យលោក​ជួយ​ដោះស្រាយ​រឿង​ទាំង​អស់នេះ​ផង ដូច្នេះ​ទើប​លោក​សំរេចចិត្ត​ចេញ​ដីកា​មួយ​ដើម្បី​និរាករណ៍​ច្បាប់ដើម ដោយ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ដី​បឹង​តា​អឿ​នេះ​គឺជា​ដី​របស់​រដ្ឋ ដោយ​មិន​អនុញ្ញាតិ​អោយ​អ្នកណាម្នាក់​ឬ​អង្គភាព​ណាមួយ​យក​ធ្វើជា​ដី​កម្មសិទ្ធិ​ឡើយ​។​

ប៉ុន្តែ​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋនៅក្នុង​សហគមន៍​ទាំងអស់​កំពុងតែ​សហការ​គ្នា​ ដើម្បី​ស្តារ​បឹង​នេះ​ឡើងវិញ តាម​លិខិត​អនុញ្ញាតិ​របស់​លោក​អភិបាល​នៃ​គណ​:​អភិបាលខេត្ត ក៏​ស្រាប់តែ​មាន​ការ​រារាំង​ពី​តំណាង​អយ្យការ ដោយ​បញ្ជា​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ផ្អាក​សកម្មភាព​សិន​ដោយ​សារតែ​មានការ​ប្តឹង​ពី​សំណាក់​ភាគី​ម្ខាង​ទៀត​ ដែល​មាន​បំណង​យក​ដី​បឹង​នេះ​ធ្វើជា​សម្បត្តិ​ឯកជន ដែល​ក្រុម​នេះ​មាន ឈ្មោះ​លោក​ហេង ហុង និង​អ្នកស្រី​ម៉ាក់ ចាន់ថន គឺមាន​អាស័យដ្ឋាន​នៅឯ​ស្រុក​គាស់ក្រឡ​ព្រមទាំង​មាន​តំណាង​មួយ​រូប​ជា​អ្នក​ចេញមុខ​ គឺ​ឈ្មោះ​ឡេង ស្រ៊ុន​។​

លោក​ចៅ គឹម​អូន អតីត​អនុប្រធាន​មន្ទីរ​សុរិយោដី​ដែល​ទើបនឹង​ចូលនិវត្តន៍​នា​ពេល​ថ្មីៗ​នេះ​ក៏​ធ្លាប់​បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ទៅលើ​បុគ្គល​ដែល​ចង់​ច្បាម​យក​ដី​បឹង​នេះ ដោយ​លោក​បាន​លើក​ឡើងថា កន្លងមក​ក្រុមការងារ​ដែល​ចុះ​វាស់វែង​ដី​ដើម្បី​ចេញ​ប្លង់​ចងក្រង​ជា​ប្រព័ន្ធ​នោះ​គឺ​រូបលោក​ផ្ទាល់​ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ ហើយ​លោក​ក៏បាន​បញ្ជាក់​យ៉ាង​ច្បាស់​ត្រង់​ក្បាលដី​លេខ​៦៧​គឺជា​ដី​“​បឹង​តា​អឿ​“​យ៉ាង​ពិត​ប្រាកដ​ព្រោះ​លោក​បានដឹង​ច្បាស់​អំពី​ចំនុច​នេះ​។ តែបើ​អស់លោក​ខាង​ជំនាញ​គិតថា​ជា​ដី​គ្មាន​ទិន្នន័យ​ហើយ​ប្រគល់​ឲ្យទៅ​បុគ្គល​ណា​ក៏បាន​ដោយ​មិន​គិតថា​ជា​ដី​រដ្ឋ ចុះ​ម៉េច​ក៏​មិន​ប្រគល់​ដី​ត្រង់​រង្វង់​មូល​លោកតា​ដំបងគ្រញូង​ថែមទៀត​ទៅ ព្រោះ​ទីនោះ​ក៏​ជា​ដី​គ្មាន​ទិន្នន័យ​ដែរ​។​

បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា ​បាន​ចូល​ជួប​ប្រជុំ​ជាមួយនឹង​លោក​អភិបាលខេត្ត​រួចមក​ គឺ​លោក​អភិបាលខេត្ត​ច័ន្ទ សុផល បាន​ស្នើ​សុំ​ទៅ​លោក​ព្រះរាជអាជ្ញា​អោយ​ប្រគល់​រឿងនេះ​ទុកឲ្យលោក​ជា​អ្នក​ដោះស្រាយ ទើប​លោក​ព្រះរាជអាជ្ញា​ដកខ្លួន​ចេញ​ដោយ​មិន​ជ្រៀតជ្រែក​លើ​កិច្ចការ​របស់​អាជ្ញាធរ​ខេត្ត​ឡើយ ដោយ​ទុកឲ្យ​លោក​ជា​អ្នកសម្រេច ប៉ុន្តែ​អ្វី​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​បឹង​តា​អឿ​ទាំងអស់​មានការ​ងឿងឆ្ងល់​នោះ​គឺ លិខិត​អនុញ្ញាតិ​របស់លោក​អភិបាលខេត្ត​ដោយមាន​វ៉ៃ​ត្រា​ប៉ុនណា​ណី តើ​ត្រូវ​និរាករណ៍​ចោល​ឬ​យ៉ាងណា បានជា​បឹង​ដែល​ស្តារ​បាន​ជិត​ពាក់​កណ្តាល​ទៅ​ហើយ​នោះ​ត្រូវ​ផ្អាក​ទាំង​កណ្តាល​ទី​បែបនេះ​ទៅវិញ​?

ទន្ទឹមនឹង​ការប្រឈមមុខ​ដែល​កន្លងមក​នៅក្នុង​តំបន់​នេះ​គ្មាន​ប្រភពទឹក ហើយ​បច្ចុប្បន្ននេះ​រដូវភ្លៀង​កាន់តែ​ខិត​ជិត​មកដល់​ទៅហើយនោះ ប្រជាពលរដ្ឋ​ទាំងអស់​កំពុងតែ​អន្ទះសា​ជាទីបំផុត​ដោយ​ទន្ទឹងរង់ចាំ​មើល​ការដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់​ស្ងាត់​ទៅៗ​

ហើយ​មាន​ពេលខ្លះ​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ផ្ទាល់​ទៅ​លោក​អភិបាលខេត្ត​ គឺ​បានត្រឹមតែ​ទទួល​ពាក្យ​ថា​កុំ​ទាន់​ធ្វើ​អ្វី​ឲ្យសោះ​ចាំ​លោក​ដោះស្រាយ​។​

សព្វថ្ងៃនេះ​តាំងពី​ប្រជាពលរដ្ឋ​ធ្វើការ​ប្រឆាំង​តវ៉ា ទាម​ទាយក​ដី​បឹង​ទុកជា​សម្បត្តិ​រដ្ឋ​រហូតដល់​លើក​បដា​ចង់​រហែក​ទៅវិញ​ហើយ ហើយ​ភ្លៀង​ក៏បាន​ធ្លាក់​មក​ម្តងម្កាល​ទៅហើយ​ដែរ តែ​ដំណោះ​ស្រាយ​នៅ​មិនទាន់​ឃើញ​ចេញ​ជា​លទ្ធផល ឬ​ចេញ​ជា​ផ្លែផ្កា​នៅឡើយ​ទេ​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ទាំង​៦៧គ្រួសារ​មិន​ហ៊ាន​ចេញទៅ​ប្រកបការងារ​អ្វី​នៅ​ទី​ឆ្ងាយៗ​នោះ​ឡើយ ដោយ​ម្នាក់​រង់ចាំ​មើល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត ពិសេស​គឺ​នៅ​ចាំមើល​ខ្លាច​ភាគី​ដែល​ទន្ទ្រាន​នោះ​លួច​ឆ្មក់​ចុះទៅ​តា​ញ​ម៉ែត្រ​វាស់​មាត់បឹង​ដូច​គ្រា​កន្លងមក​ទៀត​៕

សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684