ព័ត៍មានទាន់​ហេតុការណ៏
Search
3

ឆ្លង​ដ​ទៅ​ទិញថ្នាំ​ញៀន​នៅ​ភ្នំពេញ​ ​ត្រឡប់​​មក​វិញ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

 

កណ្ដាល​ ៖ ​ជន​សង្ស័យ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ខណៈ​ពួកគេ​ទាំងពីរ​នាក់​នេះ​បាន​ឆ្លង​ដ​​​ទៅ​ទិញ​ថ្នាំញៀន​នៅ​ភ្នំពេញ​យក​មក​ប្រើប្រាស់​ លុះ​ត្រឡប់​ពី​ទិញ​វិញ​ក៏​ត្រូវ​កម្លាំង​រៀបចំ​អន្ទាក់​ឃាត់​ខ្លួន​តែម្ដង។

ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៨និង៤៥​នាទី​ល្ងាច​ថ្ងៃទី១ ​ខែ​ឧសភា ឆ្នាំ​២០១៥​នៅ​ចំណុច​កំពង់ចម្លង​ទូកដ​​អរិយ​ក្សត្រ​ភូមិ ឃុំ អរិយ​ក្សត្រ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។
ជន​សង្ស័យ​២​នាក់​ដែលត្រូវឃាត់ខ្លួននោះ​១.ឈ្មោះ​ឯម វិច្ឆិការ​ភេទ​ប្រុស​អាយុ​២៣ឆ្នាំ មុខរបរ​កសិករ ២.​ឈ្មោះ អៃ ចំរើន ភេទ​ប្រុស អាយុ​២០ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្បែកជើង​ជម្ពូ​វ័ន។ ជនសង្ស័យទាំង២​នាក់នេះរស់នៅ​ភូមិ​.​ឃុំ អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល។
ចំណែក​វត្ថុតាង​ដែល​កម្លាំង​ដកហូត​ក្នុង​ពេល​ឃាត់​ខ្លួ​ននោះ​រួមមាន ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​តូច​, ម៉ូតូ​១​គ្រឿង​ម៉ាក ZUZUKI.VIVA ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៨​ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z.6883​, លុយ​ខ្មែរ​១៤១៥០០​រៀល​, លុយ​ដុល្លារ៤០​ដុល្លារ​អាមេរិក​, ទូរស័ព្ទ​ម៉ាក​NOKIA×2​មួយ​គ្រឿង​, កាបូប​តូច​មួយ​ និង​ដែកកេះ​មួយ។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា ​ឆ្លង​តាម​ការ​ប្រើប្រាស់​វិធានការ​ជំនាញ​ កម្លាំង​ក៏​មាន​ការ​សង្ស័យ​​​​ថា​មាន​ករណី​ជនសង្ស័យ​ទៅ​ទិញ​គ្រឿងញៀន​នៅ​ភ្នំពេញ​យក​មក​ប្រើ ទើប​នៅ​កើតហេតុ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ និង​ប៉ុស្តិ៍​​បាន​​​​រៀប​កម្លាំង​ឃ្លាំមើល និង​រៀបចំ​ត្រួតពិនិត្យ​តាម​កំពង់ចម្លង​តាម​កិច្ច​ការ​ជំនាញ​។ លុះ​ដល់​ម៉ោង​កើតហេតុ​ក៏​ឃើញ​មុខ​សញ្ញា​ទាំង​២​ឆ្លង​​តាម​ទូក​ដ​អរិយក្សត្រដល់​ច្រាំង ​កម្លាំងក៏​ត្រួតពិនិត្យ​ឆែក​ឃើញ​ថ្នាំញៀន​ រួច​ក៏​​​បញ្ជូន​មុខសញ្ញា​មក​អធិការដ្ឋាន​នគរបាលស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕

មុន្នី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684