ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​មក​បុក​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​សន្លប់​ឈឹង​មិនដឹង​ខ្លួន​ ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ឆ្លងផ្លូវ​ទាំង​ទទឹង​ថ្នល់ ប៉ុន្តែ​អ្នក​ត្រូវ​គេ​បុក​រង​របួស​ស្រាល​ ឯ​អ្នក​បុក​គេ​តែ​ជិះ​ប្រកាន់​ស្ដាំ​ត្រឹមត្រូវ​នោះ​បាន​រង​របួស​ធ្ងន់​សន្លប់​ឈឹង​តែម្ដង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ​ថ្ងៃទី​១​ ខែឧសភា ​ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
ម៉ូតូ​បង្ក​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1L 5439 បើកបរ​ដោយ​បុរស​ឈ្មោះ​ ថៅ រដ្ឋា​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ​មុខរបរ​លក់ដូរ​ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។ ​ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1D 8325 អ្នកបើកបរ​បាន​រង​របួស​សន្លប់​ឈឹង​។​
បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ធ្វើដំណើរ​តាមផ្លូវ​បេតុង​ពី​ជើង​ទៅ​ត្បូង​ នៅពេល​មកដល់​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ម៉ូតូ​នេះ​បាន​បើក​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​ទៀត ​ខណៈ​បើក​មិន​ទាន់​បាន​ពាក់កណ្ដាល​ផ្លូវ​ផង ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​វីវ៉ា​ដូចគ្នា ​បាន​បើកបរ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​បាន​បុក​ម៉ូតូ​ឆ្លងផ្លូវ​នោះ​ចំពាក់​កណ្ដាល​ម៉ូតូ​បណ្ដាល​ខ្លួនឯង​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួស​សន្លប់​ឈឹង​តែម្ដង រីឯ​អ្នក​ត្រូវ​គេ​បុក​រង​របួស​ស្រាល​។​
ក្រោយពេល​កើតហេតុ​គេ​បាន​ដឹក​ជនរងគ្រោះ​ទៅកាន់​ពេទ្យ​ឯកជន​ដើម្បី​ជួយសង្គ្រោះ​ ហើយ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕
​វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684