ព័ត៍មានទាន់​ហេតុការណ៏
Search
3583_2

ខ្យល់​កន្ត្រាក់​សម្លាប់​មនុស្ស​៥​នាក់​របួស​៣៩​នាក់​ និង​បំផ្លាញ​លំនៅដ្ឋាន​រាប់ពាន់​ខ្នង​ក្នុង​រយៈពេល​៤​ខែ

 

ភ្នំពេញ ​៖​ នៅ​ក្នុង​រយៈពេល​៤​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ​ខ្យល់​កន្ត្រាក់​ បាន​កើត​ឡើង​ចំនួន​៤២​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ ​រង​របួស​ចំនួន​៣៩​នាក់​ និង​ប៉ះពាល់​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​​​​​ប្រមាណ​ជាង​២​ពាន់​ខ្នង​នៅ​ទូទាំង​ប្រទេស។

បើ​តាម​លោក កែង វី មន្ត្រី​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៤​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ​ប្រទេស​កម្ពុជា​ទទួលរង​គ្រោះ​ដោយ​បាតុភូត​ភ្លៀង​ និង ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន​៤២​លើក​នៅ​ក្នុង ខេត្ត​-​ក្រុង​ចំនួន​២០​បណ្ដាល​​​ឲ្យ​មនុស្ស​ចំនួន​៥ នាក់​ស្លាប់ និង​៣៩​នាក់​ទៀត​រង​របួស។ លើស​ពី​នេះ​បាន​បង្ក​ការខូចខាត​ លំនៅស្ថាន​ពលរដ្ឋ​ទាំង​ស្រុង​មាន​ចំនួន​៤៥៨​ខ្នង​ក្នុង​នោះ​ខូចខាត​មធ្យម​មាន​ចំនួន​ជិត​២​ពាន់​ខ្នង​ រួម​ទាំង​សាលារៀន និង អគារ​ផ្សេងៗ​មាន​ចំនួន​១១​អគារ។

លោក​បន្ត​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុងពេល​ហេតុ​ការណ៍​ដែល កើតឡើង​នោះ​គឺ​អាជ្ញាធរ​នៅតាម មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​ដែល​ទទួល រងគ្រោះ​ឲ្យ​មាន​សុវត្ថិភាព​មាន​ទីជម្រក​ជាមុន​បន្ទាប់មក​សាខា​កាកបាទក្រហម​ថ្នាក់​ជាតិ នឹង​ជួយ​ដោះ ស្រាយ​នៅ​ពេល​ក្រោយ បន្តបន្ទាប់​ទៀត។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​សាខា​កាកបាទក្រហម និង អាជ្ញាធរ​ខេត្ត​បាន​ជួយឧបត្ថម្ភ​ជូន​ជនរងគ្រោះ​បន្ថែម​បន្ទាន់​ជា​ចាំបាច់ ដូចជា​សំពត់​តង់​របស់​ប្រើប្រាស់ ផ្សេងៗ​គ្រឿង​ឧបភោគ​បរិភោគ ​ដែល​ជា​ជំហាន​ជួយសង្គ្រោះ​បឋម​ដើម្បី​ឲ្យ​ពួកគាត់​មាន​ទីជម្រក​សមរម្យ​ជាមុន​ ហើយ​ថ្នាក់ជាតិ​នឹង​ចុះជួយ​ដោះស្រាយ​នៅតាម​ក្រោយ​ជាមួយ​សប្បុរសជន​បន្ថែម​ទៀត។ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​នេះ​ខេត្ត​ដែល​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ខេត្តកំពង់ចាម កំពង់ធំ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និង​ខេត្ត ឧ​ត្ត​រ​មានជ័យ។

នៅ​ឆ្នាំ​២០១៤ ខ្យល់ព្យុះ​បាន​សម្លាប់​មនុស្ស​ចំនួន​៩​នាក់ និង​៤​នាក់​ទៀត​រង​របួស​គឺ​ថយ​ចុះ​ជិត​បួន​ដង​បើ​ធៀប​ឆ្នាំ​២០១៣ ដែល​មាន​អ្នក​ស្លាប់​រហូត​ដល់​៣៥​នាក់ និង​របួស​១៣៦​នាក់។

សូម​បញ្ជាក់​ថា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ថា ក្នុង​ខែ​មេសា និង​ខែ​ឧសភា​នេះ​មាន​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​រាយប៉ាយ​ពី​កម្រិត​តិច​ទៅ​បង្គួរ ដែល​ក្នុង​នោះ​មាន​លាយឡំ​ទៅ ដោយ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ​មាន​កើតឡើង​ច្រើន​នៅ​ក្នុង​នោះដែរ។ ដូច្នេះ​ដើម្បី​ជា​វិធាន​ការ​ការពារ​គ្រោះថ្នាក់​នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ទៅ​លើ​បាតុភូត​គ្រោះធម្មជាតិ​នេះ ដោយ​កុំ​ចេញ​ក្រៅ​ផ្ទះ ឬ​កាន់​ឧបករណ៍​ ចម្លង​អគ្គិសនី ពិសេស ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង ខ្យល់​ខ្លាំង និង​មាន​ផ្គរ​ផ្លេកបន្ទោរ​ហើយ​ប្រជា​នេសាទ​ក៏​កុំ​ចេញ​ទៅ​នេសាទ​តាម​សមុទ្រ​ដែរ៕

សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684