ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ិ​ក ប៊ុន​ហុក​ ៖ លោក រ៉ុង ឈុន មិនបាន​អនុវត្តន៍​ត្រឹមត្រូវ​តាមច្បាប់​ទេ​

ភ្នំពេញ​ ៖ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​ថា ករណី​លោក រ៉ុង ឈុន ដែល​ជា​សមាជិក គ​.​ជ​.​ប ដែរ​នោះ មិនបាន​អនុវត្តន៍​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ទេ ពីព្រោះ គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ​មិនអាច​ចូលរួម​ជាមួយ​អង្គការ​សមាគម ឬ​សហជីព​ណាមួយ​នោះ​ទេ ហើយ​ករណីនេះ​នឹង​កោះ​ប្រជុំ​នៅ​ដើម​សប្ដាហ៍ ដើម្បី​ពិភាក្សា​លើ​ករណីនេះ​។​
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក ថ្លែង​បែបនេះ បន្ទាប់ពី​លោក រ៉ុង ឈុន សមាជិក គ​.​ជ​.​ប ដែល​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ចូលរួម​ជាមួយ​អង្គការ​សមាគម សហជីព​នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ នៅមុខ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៥ និង​បន្ទាប់ពី​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​អំពី​វត្តមាន​លោក រ៉ុង ឈុន នេះ​។​
លោក សួស យ៉ា​រ៉ា មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ភ្លាមៗ បន្ទាប់ពី​មាន​ករណី​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​របស់ គ​.​ជ​.​ប​។ លោក​លើក​ឡើង​ថា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៥ ដែល​ជា​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា និង​សកលលោក​ទាំងមូល​បាន​អបអរ​ទិវា​នេះ​យ៉ាង​ឱឡារិក​។ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​ដដែល​នេះ​ដែរ ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុម​សហជីព​បាន​ប្រារព្ធ​ទិវា​នេះ​។ នៅក្នុង​សកម្មភាព​ដង្ហែ​ក្បួន​របស់​សហជីព សង្កេតឃើញ​វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក រ៉ុង ឈុន សមាជិក​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​នៅ​ជាមួយ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។
អ្នកនាំពាក្យ​រូប​នោះ​បាន​លើក​ជា​សំណួរ​ថា តើ​ការចូលរួម​របស់​លោក រ៉ុង ឈុន ពិតជា​សក្ដិ​សម ​និង​មាន​ទំនាស់​ប្រយោជន៍​ដែរ​ឬ​ទេ ក្នុងនាម​លោក​គឺជា​សមាជិក គ​.​ជ​.​ប​។ យើង​នៅ​ចងចាំ​ថា កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​ដ៏​ឧត្តុង្គឧត្តម​ទាំងពីរ​គណបក្ស​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តល់​សេចក្ដីទុកចិត្ត និង​បោះឆ្នោត​គាំទ្រ​លោក រ៉ុង ឈុន និង​សមាជិក​ទាំង​៨​រូប​ផ្សេងទៀត​ជា​សមាជិក​របស់​គ​.​ជ​.​ប ដែល​ត្រូវ​បំពេញ​តួនាទី​អព្យាក្រឹត្យ និង​ផ្ដាច់ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ សហជីព និង​សង្គម​ស៊ីវិល​នានា ចាប់​ពី​ថ្ងៃ​ជាប់​ឆ្នោត​នេះ​តទៅ ប៉ុន្តែ​ផ្ទុយទៅវិញ លោក រ៉ុង ឈុន បែរជា​មក​ចូលរួម​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សកម្មភាព​ហែ​ក្បួន​ជាមួយ​ក្រុម​សហជីព​ទៅវិញ​។​
តាម​អ្នកនាំពាក្យ​បញ្ជាក់​ថា ទង្វើ​បែបនេះ គឺ​បង្ហាញ​នូវ​ទំនាស់​ផលប្រយោជន៍​យ៉ាង​ពិត​ប្រាកដ និង​ប៉ះពាល់​ដល់​តម្លៃ គ​.​ជ​.​ប ដែល​គណបក្ស​ទាំងពីរ​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ ឯករាជ្យ និង​អព្យាក្រឹត្យ​។ អ្នកនាំពាក្យ​បន្ត​ថា កន្លងមក​លោក រ៉ុង ឈុន ពិតជា​បាន​រិះគន់ គ​.​ជ​.​ប និង​ទាមទារ​ឲ្យ គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ ប៉ុន្តែ​ចុះ​ហេតុអ្វី​បានជា​នៅ​ពេល​នេះ លោក​បែរជា​ភ្លេចខ្លួន ហើយ​បង្ហាញ​មុខជា​សាធារណៈ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​? បើ​យ៉ាង​ដូច្នេះ តើ​សាធារណៈ​ជន​អាច​ជឿជាក់​បានទេ​អំពី​អព្យាក្រឹត្យ​ភាព​របស់​លោក​ រ៉ុង ឈុន នៅក្នុង​គ​.​ជ​.​ប​? អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលឹក​លោក រ៉ុង ឈុន ថា សមាជិក​ទាំង​៩​នាក់ របស់ គ​.​ជ​.​ប លែង​ជា​សមាជិក​របស់​គណបក្ស​នយោបាយ សហជីព និង​សង្គម​ស៊ីវិល​នានា​ទៀតហើយ ​ត្រូវ​តែ​រក្សា​ឲ្យ​បាន​នូវ​អ​ព្យា​ក្រឹត្យ​ភាព ដើម្បី​តម្កល់​ស្ថាប័ន​ដ៏​ខ្ពង់ខ្ពស់​នេះ ជា​ឧត្តម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​។​
ទាក់ទង​បញ្ហា​នេះ ការិយាល័យ​របស់​យើង​នៅ​មិនទាន់​សុំ​ការ​បញ្ជាក់​ពី​លោក រ៉ុង ឈុន បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នកទទួល ប៉ុន្តែ​លោក ហង្ស ពុទ្ធា មន្ត្រី​អ្នកនាំពាក្យ គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ថា គ​.​ជ​.​ប មាន​បទបញ្ជា និង​នីតិវិធី បើ​ទោះ​បីជា​មិនទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ក៏ដោយ ក៏​បទបញ្ជាផ្ទៃក្នុង​ស្ថិតនៅ​ជា​ធរមាន ខណៈ​ដែល​បទបញ្ជា​ថ្មី​មិន​ទាន់​មាន “​ដូច្នេះ​ការយល់​យ៉ាងណា​នោះ លោក រ៉ុង ឈុន ពិតជា​បានដឹង​ហើយ អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​….​ខ្ញុំ​មិន​វិភាគ​ថា ខុស​ទៅលើ​អ្វី​ទេ ហើយ​ទុក​ឲ្យ​បទបញ្ជា និង​នីតិវិធី​ថ្មី ហើយ​សង្ឃឹមថា គ​.​ជ​.​ប នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា និង​សម្រេច​ជា​គោលការណ៍​រួម ដើម្បី​ឲ្យ​អង្គភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​យើង​មាន​សំឡេង​តែមួយ បទបញ្ជា​តែមួយ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត ដែល​ទទួល​យក​បាន​ទាំង​គណបក្ស​ដែល​ចូលរួម​ប្រកួត​ប្រជែង និង​ប្រជាពលរដ្ឋ​ផង​ដែរ​”​។​
ចំណែក​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ដើម​សប្ដាហ៍​ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រជុំ​ពិនិត្យមើល​បញ្ហា​លោក រ៉ុង ឈុន ដែល​បាន​ចូលរួម​ជាមួយ​សហជីព និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅមុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៥​។ ​លោក​បន្ត​ថា “​លោក រ៉ុង ឈុន គឺ​គាត់​ធ្វើ​មិនបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ទេ ពីព្រោះ​គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ​មិនអាច​ចូលរួម​បានទេ គឺ​ត្រូវ​លាលែង​ពី​អង្គការក្រៅរដ្ឋាភិបាល ពី​គណបក្ស ពី​មន្ត្រីរាជការ​ជាដើម សូម្បីតែ​តំណាងរាស្ត្រ​ក៏​ត្រូវ​លាលែង​ដែរ ហើយ​ចំពោះ​បញ្ហា​នេះ លោក​បាន​រំលឹក​ម្តង​រួចហើយ នៅក្នុង​កិច្ចប្រជុំ​គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥ គឺ​សមាជិក គ​.​ជ​.​ប ត្រូវ​ស្គាល់​ទីតាំង​ខ្លួន​នៅ​ត្រង់ណា ហើយ​មិនអាច​ទៅ​និយាយ​អ្វី​ទៅតាម​មតិ​របស់​ខ្លួន​ទេ គឺ​មាន​នៅក្នុង​បទបញ្ជាផ្ទៃក្នុង នៅ​មាន​ជា​ធរមាន​នៅឡើយ​។
បើ​តាម​មាត្រា​ទី​៨ នៃ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​សរសេរ​ថា ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​សមាជិក ឬ​/​និង​ជា​អ្នកដឹកនាំ​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម សហជីព ឬ​/​និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម ឬ​/​និង​មន្ត្រីរាជការ ត្រូវ​សុំ​លាលែង​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម សហជីព ឬ​/​និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម ឬ​/​និង​ត្រូវ​ដាក់​ពាក្យសុំ​ទៅ​បម្រើ​ការងារ ក្រៅ​ក្របខណ្ឌ​ដើម រហូតដល់​ថ្ងៃ​ចប់​អាណត្តិ​។​
សូម​បញ្ជាក់​ថា លោក រ៉ុង ឈុន គឺជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ប្រធាន​សហជីព​កម្មករ ដែល​តែងតែ​ដឹកនាំ​ធ្វើបាតុកម្ម​ជា​ញឹកញាប់ នៅ​រាជធានី​ភ្នំពេញ ដូច្នេះ​លោក​អាច​ភ្លេចខ្លួន ដោយសារ​នៅ​មានការ​អាឡោះអាល័យ​អ្នក​ដែល​ធ្លាប់​ចូលរួម​បាតុកម្ម​ជាមួយគ្នា ដែល​សកម្មភាព​នេះ​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​នៅពេល​លោក​បាន​ក្លាយជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕
កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684