ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-2-A-32-Full

ចិន​គ្រោង​នឹង​ចំណាយ​ថវិកា​១០​លាន​ដុល្លា​ជួយ​កម្មវិធីសិក្សា​ ផ្នែក​ជំនាញ​បច្ចេកទេស​នៅ​កម្ពុជា​

 

ភ្នំពេញ ៖ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ ចិន​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដើម្បី​ជួយ​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លើ​កម្មវិធី​សិក្សាអប់រំ​បច្ចេក​ទេស​នៅ​តាម​ខេត្ត​ធំៗ​ចំនួន​៦​នៅ​ប្រទេស​កម្ពុជា​។​

លោក គ្រី ស៊ា​ង​ឡុង អនុប្រធាននាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ យុវជន​បាន​មាន​ប្រសាសន៍​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​លើក​ទី​៣​ ស្តីពី​អភិវឌ្ឍន៍​ការអប់រំ​បច្ចេកទេស​នៅ​មធ្យម​សិក្សា​ទុតិយភូមិ​កាល​ពីពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន​បាន​យល់ព្រម​ថា​នឹង​ជួយ​ក្រសួង​អប់រំ​លើ​កម្មវិធីសិក្សា​បច្ចេកទេស​នៅ​តាម​ខេត្ត​តាម​ការ​ស្នើសុំ​របស់​ក្រសួង​ តែ​គេ​នឹង​មក​សិក្សា​ដោយ​ខ្លួន​គេ​ផ្ទាល់​ជា​មុនសិន​។ គំរោង​នេះ​ចិន​នឹង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១០​លាន​ដុល្លា​អាមេរិក​ក្នុង​នោះ​ជួយ​លើ​ការ​ផ្តល់​សម្ភារៈ បណ្តុះបណ្តាល​គ្រូ​និង​ការសិក្សា​ទីផ្សារ​ការងារ​ ដើម្បី​បង្កើន​សមត្ថភាព​បង្រៀន​លើ​មុខជំនាញ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ស្នើសុំ​ភាគី​ចិន​ ជួយ​លើ​កម្មវិធីសិក្សា​ជំនាញ​បច្ចេកទេស​នៅ​តាម​ខេត្ត​ចំនួន​៦​ខេត្ត​រួមមាន​ខេត្តកំពង់ចាម​,​បាត់ដំបង​,​បន្ទាយមានជ័យ​,​កំពង់ស្ពឺ​,​កំពត​និង​ខេត្តតាកែវ​ដើម្បី​ឲ្យ​សិស្ស​ពេល​រៀន​ចប់​ពី​វិទ្យាល័យ​ គឺ​ចាប់ពី​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២​ ទៅ​មាន​ជំនាញ​ក្នុង​ខ្លួន​អាច​មាន​លទ្ធភាព​រក​ការងារ​ធ្វើ​បាន​។​

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡា​ធ្លាប់បាន មានប្រសាសន៍ថា​កម្មវិធី​សិក្សា​បច្ចេកទេស​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ដែល​អាច​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កម្លាំង​ពលកម្ម​កម្ពុជា​ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារការងារ​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​ខណៈ​សហ​គម​ន៍​សេដ្ឋកិច្ច​អាស៊ាន ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៥​ខាងមុខនេះ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​លើ​កិច្ច​ការសំខាន់ៗ​ជាច្រើន​ជាពិសេស​លើ​ការ​បណ្តុះបណ្តាល​ធនធាន​យុវជន​ឲ្យ​មាន​ជំនាញ​បច្ចេកទេស​ខ្ពស់​មាន​សមត្ថភាព​ពិតប្រាកដ​និង​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កម្ពុ​ជា​កំពុង​ជួបប្រទះ​។​

លោក​គ្រី ស៊ា​ង​ឡុង​បាន​បន្តថា បច្ចុប្បន្ននេះ​ក្រសួង​អប់រំ​បានដាក់​បញ្ចូល​មុខជំនាញ​ចំនួន​៥​មាន​ដូចជា អគ្គិសនី អេឡិចត្រូនិក កសិកម្ម មេកានិក​ និង​គណនេយ្យ​ចូលទៅក្នុង​កម្មវិធីសិក្សា នៅ​តាម​សាលា​មួយចំនួន​រួមមាន​វិទ្យាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ROTA​ខ្សាច់​កណ្តាល​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ខេត្ត​កំពង់ឆ្នាំង​និង​វិទ្យាល័យ​កំពង់​ឈើទាល ខេត្តកំពង់ធំ​ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ​តាមរយៈ​អង្គការ​កូយ​កា​។ លោក​បាន​បន្ថែម​ថា អង្គការ​កូយ​កា​នឹង​ពង្រីក​ការ​ជួយ​នៅតាម​វិទ្យាល័យ​ចំនួន​ពីរ​បន្ថែម​ទៀត ​គឺ​វិទ្យាល័យ​ខេត្តស្វាយរៀង​និង​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​នៅ​រា​ធានី​ភ្នំពេញ​៕

ខ្លាហោះ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684