ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ខណ្ឌ​ដូន​ពេញ​ចេញ​ប្រតិបត្តិការ​​​ចាប់​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​បាន​ម្នាក់

ភ្នំពេញ ​៖ ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ នគរបាល​ ខណ្ឌ​ដូនពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ​​​បើក ប្រតិបត្តិ​ការ​ចេញ​បង្ក្រាប​ទាន់​ពេលវេលា​ក្រោយពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ ប្លន់​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៣​និង៤០​នាទី​យប់​រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥ ​​ស្ថិត​នៅ​ផ្លូវ សហព័ន្ធ​រុស្សី​ កែង​៣២​(​ផ្លូវ​ចូល វត្ត​នាគវ័ន្ត​) សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។
ក្នុង​ប្រតិបត្តិ​ការ​ចាប់​បង្ក្រាប​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នោះដែរ លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ដោយមាន​បញ្ជា​ពី​សំណាក់​លោកស្នងការ ​នគរបាល រាជធានី​ភ្នំពេញ​ក្នុង​ការ​ចេញ​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា​ពេល​ដែល​កើតមាន​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​។ ជាក់ស្ដែង​នៅ​វេលា​ម៉ោង​កើតហេតុ ក្រុម​មាន​ជន​សង្ស័យ​ដែល​មាន​បក្ខពួក​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មួយ​គ្រឿង ម៉ាក​click ចាស់​ពណ៌​ខ្មៅ​លឿង ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-2156 និង​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AJ-0371 បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ យក​បាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CQ-6079
លោក​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ ខណ្ឌដូនពេញ បាន​បន្តទៀតថា ជនសង្ស័យ ទាំង​៣​នាក់ បានធ្វើ​សកម្មភាព ប្លន់​យក​ម៉ូតូ ពី​ជនរងគ្រោះ ឈ្មោះ ច​ន រតនា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ ផ្ទះ​លេខ​០៨ ផ្លូវ​២៨១ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​ដោយមាន​រួម​ដំណើរ​ជាមួយ ឈ្មោះ សួន ស្រី​ណា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​លក់​ខោអាវ នៅ​ផ្សារ​អូរឫស្សី ស្នាក់នៅ​ផ្ទះជួល (​មុខ​វត្ត នាគ​វ័​ន្ត​)​សង្កាត់​ស្រះចក ខណ្ឌដូនពេញ គឺ​ក្រុមចោរប្លន់​ទាំងនោះ​បានធ្វើ​សកម្មភាព​បាន​សម្រេច។
លោក​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​មាន​ករណី​ប្លន់​បាន​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ចេញ​ប្រតិបត្តិការ​ភ្លាមៗ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ចេក រស់ អាយុ​២៥​ឆ្នាំ មុខរបរ និង​កន្លែង​ស្នាក់នៅ មិន​ពិតប្រាកដ។

ជន​សង្ស័យ​រូប​នេះ​បាន​រង​របួស​​ ​​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​របស់​កម្លាំង​នគរបាល​ព្រោះ ​តដៃ​​​នឹង​កម្លាំង​សមត្ថកិច្ច​ ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​រូបនោះ​រួមមាន​ម៉ូតូ​ពីរ​គ្រឿង​ និង​កាំភ្លើងខ្លី មួយ​ដើម ម៉ាក​K54 និង​ប្រដាប់​កាច់​សោ.ក​ម៉ូតូ​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ជា​របស់​ជនល្មើស ខណៈ​ជនសង្ស័យ​០២​នាក់​ទៀត កំពុង​រត់គេចខ្លួន ដោយ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅជា​មួយ​ផង។
លោក​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បញ្ជាក់​ទៀត​ថា ​ក្នុង​ប្រតិបត្តិការ​ចាប់​បង្ក្រាប​ក្រុម​ចោរប្លន់​នេះ​ដែរ ​លោក​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​រហូត​ឈានដល់​ការ​ចាប់​បង្ក្រាប​បក្ខពួក​ក្រុម​ចោរ​ដែល​នៅ​សេសសល់​២​នាក់​ទៀត​ដើម្បី​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​

រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684