ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​វិទ្យាល័យ​២​នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ទាំង​ថ្ងៃ

 

ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ចាស់​ឆក់​ប្លន់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់​មិន​បាន​សម្រេច ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក​ឃាត់​ខ្លួន​បាន​ភ្លាមៗ​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​នា​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច ស្ដុ​ប​ទួលគោក មុខ​ពន្ធដារ ក្នុង​សង្កាត់​ទឹកល្អក់​១ ​ខណ្ឌ​ទួលគោក។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មាន ទី​១. ឈ្មោះ យ៉​ម វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៥៩៨ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មុខរបរ​ជា​សិស្ស​នៅ​វិទ្យាល័យ​សន្ធរម៉ុក​។ ទី​២. ឈ្មោះ សុវណ្ណ ឧត​ម្ត​រង្សី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ម្ដុំ​បឹងកក់​២ ខណ្ឌ​ទួលគោក និង​មុខរបរ​ជា​សិស្ស​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។ ចំណែក​ជនរងគ្រោះ ឈ្មោះ សែត សោ​ប៉ុណ្ណ​លាភ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៩​អា ផ្លូវ​៣៧១ សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ។

សមត្ថកិច្ច​បាន​បន្ត​ប្រាប់​ឲ្យ​ដឹងទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ស លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-7710 ​មកពីផ្សារ​សូរិយា​គោលបំណង​ទៅផ្ទះ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្រាប់តែ​ដល់ ជិត​ស្តុ​ប​២៦១ ​​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក សង់​សេ​១២៥ ស៊េរី​ ​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ- 0044(​ស្លាក​លេខ​ក្លែងក្លាយ​) មក​អែប​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ម៉ាក iphone 5 ពី​ជនរងគ្រោះ។ ខណៈ​នោះ​ជនរងគ្រោះ​បាន​ស្រែក ថា ចោៗ ដូច្នេះ​កម្លាំង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ដែល​កំពុង​ល្បាត​ក្នុង​គោលដៅ​បាន​សហការ​គ្នា​ជាមួយ​​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក​ដែល​កំពុង​នៅ​តាម​គោលដៅ​ដែរ​នោះ ចេញ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្ដង។

ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​និង​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក បាន​ដណ្ដើម​ជនសង្ស័យ​គ្នា ដោយ​ចែកគ្នា​ម្នាក់​១​ក្នុង​ករណី​តែមួយ។

សូម​បញ្ជាក់​ផង​ដែរ បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក​ម្នាក់ និង​ម្នាក់ទៀត​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សួរនាំ ​និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684