ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​មិត្ត​រួម​ការងារ​ច្រាន​ឪពុក​លេង​ យក​ដុំ​ថ្ម​គប់​អ្នក​ច្រាន​ផុង​លលាដ៍

ភ្នំពេញ ​៖ ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​មិត្ត​រួម​ការងារ​ជាមួយគ្នា​គប់​នឹង​ដុំ​ថ្ម​បណ្ដាល​ឲ្យ​បែក​ក្បាល​ផុង​លលាដ៍​រង​របួស​យ៉ាង​ដំណំ ​ដោយសារ​តែ​ជន​ដៃ​ដល់​​​ខឹង​​​ជនរង​គ្រោះ​ច្រាន​ឪពុក​របស់​ខ្លួន។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ​ថ្ងៃ​ទី​៣ ខែ​ឧសភា ​ឆ្នាំ​២០១៥ ​ស្ថិត​ក្នុង​ភូមិ​ព្រៃជីសាក់ ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ។
ជនរងគ្រោះ​មានឈ្មោះ​អិន ស៊ុន​វ​ឌ្ឍ​នា​ ហៅ​សីហា​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​ភូមិ​កើតហេតុ​ មាន​ស្រុកកំណើត​នៅ​ភូមិ ឃុំ​អរិយ​ក្សត្រ ​ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល។ ចំណែក​ជនដៃដល់​មានឈ្មោះ​ស៊ឹ​ន ភាន​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាមួយគ្នា​មាន​ស្រុកកំណើត​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ និង​មិត្តភ័ក្ដិ​រួម​ទាំង​ឪពុក​ជន​ដៃដល់​បាន​នាំគ្នា​ដើរ​​មកពី​ផឹកស៊ី​នៅ​ក្បែរ​កន្លែង​នោះ។ ពេល​កំពុង​ដើរ​មក ​ជនរងគ្រោះ​បាន​ច្រាន​ឪពុក​ជន​ដៃដល់​របៀប​ប្រឡែង​គ្នា​លេង​ ពេលនោះ​កូនប្រុស​របស់​គាត់​បាន​រករឿង​ចង់​វាយ​ទៅលើ​ជនរងគ្រោះ ​តែ​​​​ឪពុក​ឃាត់​ថា​កុំ​ប្រកាន់​គ្នា​គឺ​កន្លងមក​ធ្លាប់តែ​លេង​អីចឹង​ជាមួយគ្នា​ទេ។ ដោយសា​រឮ​ឪពុក​និយាយ​បែបនេះ​ក៏​ឈប់​មាត់​ទៅ ប៉ុន្តែ​នៅ​ពេល​ទៅដល់​កន្លែង​ស្នាក់នៅ​វិញ​ស្រាប់​ជនដៃដល់​បាន​យក​ដុំថ្ម​គប់​ទៅលើ​ក្បាល​ជនរងគ្រោះ​បណ្ដាល​ឲ្យ​បែក​ផុង​លលាដ៍ ហើយ​ក៏​ត្រូវ​បាន​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ជួយសង្គ្រោះ។
ចំណែក​ជនដៃដល់​ត្រូវ​នគរបា​ល​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684