ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធីបុណ្យ​វិសាខបូជា​រាប់​បាត​ប្រគេន​ព្រះសង្ឃ​១២៦​អង្គ​ នៅ​ក្រុង​ស្វាយរៀង​

ស្វាយរៀង ៖ លោក​ជៀង អំ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​វិសាខបូជា ​និង​រាប់​បាត​ប្រគេន​ព្រះសង្ឃ​ចំនួន​១២៦​អង្គ ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត​ក្រុង​មន្ត្រីរាជការ ​ប្រជា​ពុទ្ធបរិស័ទ​រាប់ពាន់​នាក់​។​ពិធីបុណ្យ​ឆ្លងបុណ្យ​វិសាខបូជា​ និង​រាប់​បាត​ប្រគេន​ព្រះសង្ឃ​នេះ​បាន​រៀបចំ​ កាលពី​ថ្ងៃទី​៣ ​ឧសភា​ ២០១៥​ វេលា​ម៉ោង​៨​ព្រឹក ​នៅ​ដើម​ពោធិ​ព្រឹក​សួន​តា​ឌី ​ស្ថិតនៅ​ភូមិ​រោង​បន្លែ ​សង្កាត់​ស្វាយ​រៀងក្រុង ​ស្វាយរៀង​។​

លោក​ចាន់ សុ​គាត​ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត​ បាន​មានប្រសាសន៍ថា​ពិធីបុណ្យ​វិសាខ​បូជា​នេះ​បាន​រៀបចំ​រយៈពេល​២​ថ្ងៃ​ គឺ​ដើម្បី​រំលឹក​កាល​ទាំងបី​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​ម្ចាស់​នៃ​យើង​គឺ​ថ្ងៃ​ព្រះអង្គ​ប្រសូត្រ​ថ្ងៃ​ព្រះអង្គ​ត្រាស់ដឹង​ និង​ថ្ងៃ​ព្រះអង្គ​ចូល​ព្រះ​បរិ​និព្វាន​ គឺ​នៅ​ថ្ងៃ​១៥​កើត​ពេញ​បរ​មី​ខែវិសាខ​។ លោក​ចាន់ ​សុ​គាត​បន្តទៀត​ថា នៅ​ថ្ងៃទី​២​ឧសភា​ត្រូវ​និង​ថ្ងៃ​១៥​កើត​ខែវិសាខ​វេលា​ម៉ោង​៣ៈ០០​រសៀល​ បានរៀបចំ​ពិធី​ដង្ហែ​ក្បួន​ធម្មយាត្ត្រា​រំលឹក​កាល​ទាំងបី​របស់​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​ដោយមាន​ព្រះសង្ឃ​ចំនួន​១២៦​អង្គ ​និង​មន្ត្រីរាជការ​ប្រជា​ពុទ្ធ​បរិស័ទ ​ជិត​១​ពាន់​អ្នកចូលរួម​ដង្ហែ​ចេញ​ពី​រង្វង់​មូល​វិមានឯករាជ្យ​ កាត់​តាម​ខាងមុខ​សាលា​ខេត្តឆ្ពោះទៅកាន់​រូប​រមាស​មក​ខាងមុខ​ផ្សារ​វាល​យន្ត​មកកាន់​សួន​ពោធិ​ ព្រឹក​ពេល​ល្ងាច​វេលា​ម៉ោង​៥ៈ០០​ និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត​និង​សម្តែង​ធម្មធឹក​ទេសនា ​លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣​ឧសភា​វេលា​ម៉ោង​៨ៈ០០​ព្រឹក​ និមន្ត​ព្រះសង្ឃ​១២៦​អង្គ​សូត្រមន្ត​ដា​បង្សុកូល​ឆ្លង​និង​រាប់​បាត​វេ​ប្រគេន​ព្រះសង្ឃ​ ជា​កិច្ច​បង្ហើយ​បុណ្យ​។

លោក​បន្តទៀតថា​ទស្ស​បី​មាន​កំដៅថ្ងៃ​ក្តៅ​យ៉ាងណា​ ក៏​ទឹក​ព្រះភគ្រ័​ និង​ទឹកមុខ​ប្រជា​ពុទ្ធបរិស័ទ​ញញឹម​ និង​រីករាយ​ជ្រះ​ថ្លា​ហើយ​មកដល់​ថ្ងៃបុណ្យ​ឆ្លង ​និង​ពេល​រាប់​បាត​ប្រគេន​ព្រះសង្ឃ​ គឺ​ព្រះអាទិត្យ​មិន​បញ្ចេញ​កំដៅ​នោះ​ទេ​ គឺ​មាន​ម្លប់​ត្រជាក់​រហូត​បញ្ចប់​ពិធី​វេលា​ម៉ោ​១ៈ០០ ​ព្រឹក​ទើប​ព្រះ​អាទិត្យ​រះ​បញ្ចេញ​រស្មី​និង​មាន​កំដៅ​ពិតជា​បារមី​ព្រះពុទ្ធ​បាន​ផ្តល់នូវ​ភាព​ត្រជាក់ត្រជុំ​សុខដុមរមនា​ដល់​ប្រជា​ពុទ្ធបរិស័ទ​ប្រាកដ​មែន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684