ព័ត៍មានទាន់​ហេតុការណ៏
Search

ថៃ​៥​នាក់​មក​ប្រកួត​នៅ​SEA-TV​ ឈ្នះ​១ ​ចាញ់​២ ​ស្មើ​២

ប្រដាល់ ៖ ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​សង្វៀន​SEA-TV នា​ថ្ងៃទី​៣​ ខែ​ឧសភា ​អ្នក​ប្រដាល់​ថៃ​៥​នាក់​ដែល​ឆ្លងដែន​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​យើង​នោះ មាន​ម្នាក់​មាន​សំណាង​បាន​ឈ្នះ ហើយ​២​នាក់​ស្មើ និង​២​នាក់​ទៀត​ចាញ់​។​
អ្នក​ប្រដាល់​ថៃ​ដែល​វាយ​ឈ្នះ​នោះ គឺ Yort Yuth ដែល​ជា​គូរ​របស់ ​ឯម លី​ថូ ក្លិប​ឫទ្ធី​ពោធិ៍​សែន​ជ័យ ដែល​ការ​ឈ្នះ​របស់​អ្នក​ប្រដាល់​ថៃ​រូប​នេះ ចាត់ទុកថា​ជា​សំណាង​ហើយ ព្រោះ​ចំ​ពេល​ដែល​លី​ថូ​ចង់​ធ្វើ​ចាញ់​នោះ​។​

អ្នក​ប្រដាល់​កម្ពុជា​ ឯម លី​ថូ​ក្លិប​រិ​ទ្ធិ​ពោធិ៍​សែន​ជ័យ​នេះ មិន​ដែល​មាន​អ្នកណា​វាយ​គេ​ឲ្យ​សន្លប់​ណាស់ តែ​លើក​នេះ​គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​នៅ​ទឹក​ទី​៣​។​
ទោះជា​យ៉ាងណា ការ​ចាញ់​របស់​លី​ថូ​ពេលនោះ​ពុំ​មាន​បញ្ហា​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​នោះ​ឡើយ គឺ​ស្ងាត់កំបាំង​ល្អ និង​សម លី​ថូ​ គេ​ក៏​សម្ដែង​បាន​ល្អ​ដែរ គឺ​គ្មាន​នរណា​ដឹង​ឡើយ​។​
អ្នក​ដែល​ដឹង​ជាងគេ គឺ​គ្រូបង្វឹក​របស់​គេ គឺ​លោក​ឯម ចាន់​សុផល ឯណោះ​ទៅវិញ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា គឺ​លោក​ខ្ជិល​និយាយ​……​។​
បើ​ពិនិត្យ​ទៅលើ​ស្ថានភាព​ប្រកួត​របស់ ​ឯម លី​ថូ​ជាមួយ​ថៃ​នោះ គឺ​លី​ថូ​បាន​ព្យាយាម​វាយ​ប្រហារ​ជើង​ក្រោម​អ្នក​ប្រដាល់​ថៃ Yort Yuth ដែលជា​គូប្រកួត​របស់​ខ្លួន ប៉ុន្តែ​មិនអាច​ធ្វើ​ឲ្យ​ជើង Yort Yuth មាន​បញ្ហា​នោះ​ឡើយ​។​ ផ្ទុយទៅវិញ​ត្រូវ Yort Yuth សង​វិញ​ដោយ​កណ្ដាប់ដៃ​ពេញៗ​។​
នៅ​ទឹក​ទី​៣ ​អ្នក​ប្រដាល់​ថៃ​រូប​នេះ បាន​វាយប្រហារ​ជើង​ក្រោម​លី​ថូ​វិញ ធ្វើ​ឲ្យ​លី ថូ​ខូច​ជើង​ឆ្វេង និង​មាន​បញ្ហា​សន្លាក់ដៃ​មិនអាច​ប្រកួត​បន្ត​បាន​។ ឯម លី​ថូ​បរាជ័យ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​។​

លី​ ថូ ក្រោយ​បញ្ចប់​ការប្រកួត​នោះ គេ​បាន​និយាយ​ថា គេ​ឈឺ​ជើង​ឆ្វេង​ដោយសារ​គេ​ទាត់​ចំ​កែងដៃ​របស់ Yort Yuth ទើប​ជើង​របស់​គេ​ឈឺ​មិនអាច​បន្ត​ការប្រកួត​ទៀត​បាន​។​
ឡេះ តើក ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ Chamreun Chhai បន្ទាប់ពី​ពួកគេ​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ​។ តាមពិត​ឡេះ តើក បាន​ស្មើ​នេះ ដោយសារតែ​ពី​ទឹក​ចុងក្រោយ​នោះ ថៃ​អត់​សូវ​វាយ​តែប៉ុណ្ណោះ ដោយ​គេ​អាង​ថា​៣​ទឹក​ដំបូង​គេ​ឈ្នះ​ឡេះ តើក ដាច់​ទៅ​ហើយ​នោះ ។ ឡេះ តើក តែ​ប៉ុណ្ណឹង​ឯង នរណា​មិនដឹង​នោះ គេ​ប្រកួត​បានតែ​ទាត់​និង​រត់​ពេញ​តែ​រេញ​នោះ ដែល​ខុសពី​Chamreun Chhai គេ​វាយ​ចេញ​មួយៗ​តែ​ចំ​គោលដៅ​បាន​ល្អ​តែ​ទោះជា​យ៉ាងណា​ក៏​លទ្ធផល​បានតែ​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ។​

យ៉េន ឌី​ណា អ្នក​ប្រដាល់​ក្លិប​អប្សរា​គុន​ខ្មែរ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Phou Ngen ដោយ​ពិន្ទុ​ដាច់​បន្ទាប់ពី​គេ​ប្រកួត​៥​ទឹក​ពេញ​នោះ​។​
អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា​ផល សុផាត​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣ តែ​ដល់​ប៉ះ​ជាមួយ​ឌី​ណា​មាន​ពេល​ខ្លះ​គេ​មិន​ត្រឹមតែ​វាយ​មិន​ចេញ​ប៉ុណ្ណោះ​ទេ គឺ​គេ​ដកថយ និង​ការពារ​ច្រើនជាង​ទៀត​ផង​។ ​បន្ទាប់ពី​ប្រកួត​ចប់​៥​ទឹក ឌី​ណា​បាន​ទទួល​ជ័យជំនះ​លើ Phou Ngen ដោយ​ពិន្ទុ​។​
ចំណែក ពេជ្រ សីហា អ្នក​ប្រដាល់​កម្ពុជា​សមាគម​កីឡា​ក្រសួងការពារជាតិ ដែល​ប្រកួត​នៅ​ពេល​យប់​ក្នុង​កម្មវិធី​Black Cat​នោះ គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phit Chaloeuk ដោយ​ពិន្ទុ​ដូច​យ៉េន​ឌី​ណា​ដែរ​។​
Pheat Chalek​នេះ មិនជា​ខ្សោយ​នោះ​ឡើយ គឺ​បាន​ធ្វើ​ឲ្យ​សីហា​ជើង​ខ្លាំង​របស់​យើង​លោត​ថយ​ម្តងៗ ដោយសារ​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​ទាត់​របស់​អ្នក​ប្រដាល់​ថៃ នោះ​។ ហើយ​បើ​ខ្លាំង ម្ល៉េះ​សីហា​ចិញ្ច្រាំ​មិន​ឲ្យ​ដល់​ប្រាំ​ទឹក​នោះ​ទេ​។​
អាំង សំអាត អ្នក​ប្រដាល់​កម្ពុជា​ក្លិប​តា​ព្រហ្ម​មានជ័យ​វិញ គេ​ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ​Kham ប៉ុណ្ណោះ​។ Kham​នេះ អាយុ​ទើប​១៧​ឆ្នាំ​ទេ តែ​គេ​បញ្ចេញ​ស្នៀត​បាន​ល្អ ទាំង​ការ​វាយ​លុក​ និង​ការ​ការពារ ដែល​ធ្វើឲ្យ​សំអាត​មិនអាច​ផ្ដួល​គេ​បាន​។​
នៅក្នុង​ទឹក​ទី​៥ អាំង សំអាត​បាន​ដាល់​ត្រូវ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មួយ​ដៃស្តាំ​ចំ​ផ្ទៃមុខ​ខាងឆ្វេង​របស់​Kham ក៏ប៉ុន្តែ​គ្រាន់តែ​រង្គើ​ក្បាល​Kham​ប៉ុណ្ណោះ មិនបាន​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​វ័យក្មេង​រូប​នេះ​ដួល​បាន​ឡើយ​។ ទីបំផុត​ចប់​ការប្រកួត​ប្រាំ​ទឹក សំអាត​ស្មើ ជាមួយ​Kham​។​
*ប្រដាល់​ស្រា​បៀរ​Cambodia
វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ចាញ់​សេក គឹម​ផៃ អ្នក​ប្រដាល់​មកពី​ក្លិប​រដ្ឋ​សែន​ជ័យ​៣១៧​គូ​លេន​ខេត្តសៀមរាប នៅ​ទឹក​ទី​៣ ក្នុង​កម្មវិធី​ប្រដាល់​ស្រា​បៀរ​Cambodia​នៅ​លើ​សង្វៀន SEA-TV ​នា​ល្ងាច​ថ្ងៃទី​៣​ ខែ​ឧសភា​នេះ​ដែរ​។​
ប៊ុន​ឌឿ​ន​ត្រូវ​គឹម​ផៃ​ទាត់​ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨ នៅ​ទឹក​ទី​២ បន្ទាប់មក​រាប់​៨​នៅ​ទឹក​ទី​៣​ទៀត​ទើប​គេ​បង្ខំចិត្ត​ចុះចាញ់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​នោះ​។​
អ្នក​ប្រដាល់​គឿ​ម សុវណ្ណ​នឿ​ត ក្ល​i​ប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ស្មើ​ពិន្ទុ​ជា​មួយ​អ្នក​ប្រដាល់​សេង កំសត់ ក្លិប​គី​សែន​មាន​រិ​ទួ្ធ​នេះ​អាច​និយាយ​បាន​ថា​ កំសត់​ជា​ជើង​ខ្លាំង​មួយ​រូប​ហើយ​ដែល​អាច​តស៊ូ​យក​ស្មើ ពិន្ទុ​ជាមួយ​សុវណ្ណ​ឌឿ​ត​បាន​នោះ​។​
ដោយឡែក ម៉ឺន មេ​ឃា អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ប្រកួត​ឈ្នះ​ម៉ន ខួច អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ​។​
ដោយឡែក​ការប្រកួត​ក្នុង​កម្មវិធី​ប្រដាល់​K.Cement រសៀល​ថ្ងៃទី​២ ខែ​ឧសភា​ លើ​សង្វៀន​SEA-TV​ដដែល​នេះ អ្នក​ប្រដាល់​រិ​ទ្ធ កៅ ក្លិប​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ឈ្នះ​សៅ ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​។​

ជាមួយនឹង​ការ​បរាជ័យ​នេះ សៅ ប៊ុនធឿន នៅ​បាន​ទទួល​រង្វាន់​ពី រិ​ទ្ធ កៅ​នូវ​របួស​២​កន្លែង ​គឺ​លើ​ភ្នែក​ឆ្វេង និង​ក្រោម​ភ្នែក​ស្ដាំ​ ហើយ​ត្រូវ​ពេទ្យ​ដេរ​៨​ថ្នេរ​ថែមទៀត​។ ក្នុង​ការ​ប្រកួត​៥​ទឹក រិ​ទ្ធ កៅ​មានប្រៀប​ស្ទើរ​គ្រប់ទឹក​ទាំង​៥​តែម្ដង​ទើប​គេ​បាន​ទទួល​ជ័យជំនះ​បែបនេះ​។​
មី​ស្លី​ន អា​លី ក្លិប​អាស៊ី​កីឡា តស៊ូ​ជាមួយ​ ពុទ្ធ ផន​កុសល​ក្លិប​ពុទ្ធ​សេរី​វង្ស​បានតែ​២​ទឹក​ប៉ុណ្ណោះ ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត ក្រោយពី​រាប់​៨ ចំនួន​៣​លើក​ក្នុង​ទឹកតែ​មួយ​នោះ ។ នៅ​ទឹក​ទី​១ ​កុសល​មានប្រៀប​ជា​ខ្លាំង​ ហើយ​នៅ​ទឹក​ទី​២​ប្រេង​សាលី​សាលា​ដដែល​លាប​លើ​ខ្លួន​កុសល បាន​ចូល​ភ្នែក​អា​លី​ធ្វើ​ឲ្យ​អា​លី​មិនអាច​ប្រកួត​បាន​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​២​ដង ​បន្ទាប់​មក​ក៏​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត​។​
លី សារ៉ន ក្លិប​សុភា​នូ​មានជ័យ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ទឹក​ទី​៤ បន្ទាប់ពី​អ្នក​ប្រដាល់​រូប​នេះ​មិន​មាន​សមត្ថភាព​តស៊ូ​ជាមួយ​អៀម ដា​វុ​ធ​ក្លិប​កងទ័ពជើងទឹក​បាន​នោះ​។
ម៉ន គឹម​ឡុង ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ចាញ់​ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ ខណៈ គង់ សំបូរ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ឈ្នះ ​ផល សីហា​ក្លិប​សុភា​នូ​មាន​ជ័យ​ដោយ​ពិន្ទុ​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684