ព័ត៍មានទាន់​ហេតុការណ៏
Search

ទេស សំខាន់ ​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ស្រា​បៀរ Black Panther ​ទម្ងន់​៦៣,៥០០​ឝ​.​ក្រ​ ចំណែក សារឿន ច័ន្ទ ចាញ់ ឯ​ឡៅ ចន្ទ្រា​ ឈ្នះ​ថៃ​

ប្រដាល់ ៖ ទេស សំខាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ស្រា​បៀរ Black Panther ទម្ងន់​៦៣,៥០០​គីឡូក្រាម បន្ទាប់ពី​ប្រកួត​ឈ្នះ​ ឈិន ក្វាន់​ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍​ដោយ​ពិន្ទុ នៅក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​លើ​សង្វៀន TV3 ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​។ សំខាន់ បាន​ប្រើ​យុទ្ធសាស្ត្រ​វាយ​ប្រយោល​ពី​ចម្ងាយ តាមរយៈ​កណ្ដាប់ដៃ និង​ជើង​ទាត់ ទៅលើ​អ្នក​ប្រដាល់​ ឈិន ក្វាន់​ង៉ុ​យ ហើយ​គេ​បន្លាស់​ទី​គេច​ពី​ការ​ដេញ​របស់​ក្វាន់​ង៉ុ​យ សន្សំ​បាន​ពិន្ទុ​រហូតដល់​ឈ្នះ​ក្រោយ​បញ្ចប់​ការប្រកួត​ប្រាំ​ទឹក​ពេញ​នោះ​។

ឈិន ក្វាន់​ង៉ុ​យ ដែល​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ជើងឯក​ស្រា​បៀរ Black Panther ទម្ងន់​៦៣,៥០០​គីឡូក្រាម ​ឆ្នាំ​២០១៤​នោះ លើក​នេះ​ចង់​យក​ទៀត​មិនបាន​សម្រេច​។ ទោះបីជា​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ គេ​ដេញ​សម្រុក​វាយ​ទៅលើ​ទេស សំខាន់​យ៉ាងណាក៏ដោយ ក៏​ជា​ការ​ឥតអំពើ​ដែរ ព្រោះ​ក្វាន់​ង៉ុ​យ​ចូល​ទៅ​ឲ្យ​តែ​សំខាន់​ដាល់​មុខ ​និង​ទាត់​ចូល​កណ្ដៀតក្អម​ពេញៗ​នោះ​។ ទីបំផុត ក្វាន់​ង៉ុ​យ​ចាញ់​ពិន្ទុ​ទេស សំខាន់ បាត់បង់​ឱកាស​បាន​ខ្សែក្រវាត់​។ ទេស សំខាន់ ក្នុង​ឋានៈ​ជា​អ្នកឈ្នះ​នោះ គេ​ទទួល​បាន​តំណែង​ជើងឯក ដោយ​ទទួល​ខ្សែ​ក្រវាត់​ស្រា​បៀរ Black Panther ទម្ងន់​៦៣,៥០០​គ​.​ក្រ និង​បាន​លុយ​ចំនួន​២,០០០​ដុល្លារ​អាមេរិក ជា​មួយ​នឹង​ស្រា​បៀរ​អង្គរ​២០​កេស​ថែមទៀត។ ចំណែក ឈិន ក្វាន់​ង៉ុ​យ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​២ ជា​មួយ​នឹង​ប្រាក់​រង្វាន់​១,៥០០​ដុល្លារ ស្រា​បៀរ​១៥​កេស​។​ ចំពោះ ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​ក្លិប​ក្រសួង​ការពារ​ជាតិ ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​វិញ​នោះ សារ៉ាន់ ឈ្នះ​ក្នុង​ទឹក​ទី​២ បន្ទាប់ពី​ទាត់​ឲ្យ​សោ​ភ័​ណ្ឌ​ខូចដៃ​ឆ្វេង មិនអាច​បន្ត​ការ​ប្រកួត​ទៀត​បាន​នោះ​។ សារ៉ាន់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ បាន​ប្រាក់​រង្វាន់​១.០០០​ដុល្លារ​ និង​ស្រា​បៀរ​១០​កេស ហើយ តក់ សោ​ភ័​ណ្ឌ បាន​រង្វាន់​លើកទឹកចិត្ត​៥០០​ដុល្លារ ​និង​ស្រា​បៀរ​៥​កេស​។

គួរ​បញ្ជាក់​ថា លោក ​គួច ណាវ នាយក​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស បាន​ឧបត្ថម្ភ​នាលិកាដៃ​ម៉ាក​Tissot ម្នាក់​១​គ្រឿង​ដល់​កីឡាករ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ និង​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​មួយ​គ្រឿង​ផង​ដែរ​។ ចំពោះ​ការប្រកួត​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​TV3 ​ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ប្រដាល់​កម្ពុជា​អ្នក​ប្រដាល់​សារឿន ច័ន្ទ ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ត្រូវ​អ្នក​ប្រដាល់​ថៃ Naruto ទាត់​ឲ្យ​ខូចដៃ​ប្រកួត​លែងកើត​នៅ​ទឹក​ទី​៣​។​
សារឿន ច័ន្ទ ព្យាយាម​វាយ​គ្រប់​ល្បិច​អស់​ពេល​២​ទឹក ក្នុង​ខណៈ​ដែល Naruto ខិតខំ​ទាត់​ខ្លាំង​សំដៅ​រក​កញ្ចឹងក​សារឿន​ច័ន្ទ តែ​ត្រូវ​សារឿន​ច័ន្ទ​ការពារ​បាន​ល្អ​។ ប៉ុន្តែ​នៅ​ទឹក​ទី​៣​ ដោយសារ​ទម្ងន់​ជើង​ដ៏​ធ្ងន់​របស់ Naruto ធ្វើ​ឲ្យ​សារឿន ច័ន្ទ មាន​បញ្ហា​ដៃ ដោយសារតែ​គេ​យកដៃ​ទៅ​រង​នឹង​ទម្ងន់​ជើង​របស់​អ្នក​ប្រដាល់​ថៃ​នោះ​។ សារឿន​ច័ន្ទ ប្រកួត​លែងកើត ទោះបី​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ហើយក៏​ដោយ​។ សារឿន​ច័ន្ទ ជា​អ្នក​ប្រដាល់​ទី​៣ ហើយ​ដែល​ត្រូវ Naruto បង្ក្រាប​បាន​នោះ ដែល​អ្នក​ទី​១ គឺ​យ៉េន ឌី​ណា ​ក្លិប​អប្សរា​គុន​ខ្មែរ អ្នក​ទី​២ អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ និង​អ្នក​ទី​៣ គឺ​សារឿន ច័ន្ទ នេះឯង​។

ចំណែក អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​រប​សើ​កម្ពុជា ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​វិញ គេ​បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Narit Nunkeaw ដោយ​ពិន្ទុ បន្ទាប់ពី​ពួកគេ​តស៊ូ​ជា​មួយ​គ្នា​៥​ទឹក​ពេញ​នោះ​។​
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ព្រំ វី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ វាយ​ឈ្នះ​ហ៊​ល ដា​រ៉ា អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ​។ ឯ ឡុង សំណាង​អ្នក​ប្រ ដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដែរ​នោះ ប្រកួត​ចាញ់ ​ញ៉េ សិទ្ធ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ខណៈ​ដែល​ថៃ សាក់​សារៈ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក ក៏​ប្រកួត​ឈ្នះ​កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684