ព័ត៍មានទាន់​ហេតុការណ៏
Search

ទាក់​ដៃ​ចង្កូត​ជាមួយ​រថយន្ត​ដឹក​ដី ដួល​បោក​ទៅ​នឹង​ថ្នល់ ​ត្រូវ​រថយន្ត​កិន​ស្លាប់​ម្នាក់ ​របួសធ្ងន់-​ស្រាល​ពីរ​នាក់​

ភ្នំពេញ ៖ យ៉ាងហោចណាស់​ក៏​មាន​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ និង​ពីរ​នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​បាន​រង​របួស​ធ្ងន់​ និង​ស្រាល ក្នុង​ខណៈ​ដែល​ពួកគេ​បើក​ម៉ូតូ​លឿន​ជ្រែង​ជាមួយ​រថយន្ត​ដឹក​ដី តែ​ដោយ​មិន​មាន​ការប្រុងប្រយ័ត្ន​ក៏​ទាក់​ដៃ​ចង្កូត​ជាមួយ​រថយន្ត​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់ ហើយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃទី​៣ ​ខែឧសភា ឆ្នាំ​២០១៥ នៅមុខ​វិទ្យាល័យ​ជា ស៊ីម សាមគ្គី តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ជ្រែ ណា​ល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាជាង​បាញ់ថ្នាំ​ឈើ ស្នាក់នៅ​ម្ដុំ​ពោធិចិនតុង ខណ្ឌ​ពោធិ​សែន​ជ័យ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត ១A៥៨៦៩ និង​រួម​ដំណើរ​ជាមួយ​មិត្ត​ភ័ក្ដិ​ប្រុស​២​នាក់​ទៀត​រង​របួស​ធ្ងន់ ​និង​ស្រាល ហើយក៏​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ជន​ភ្លាមៗ​ដែរ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ផុន ណារិន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​សង្កាត់​-​ខណ្ឌ​មានជ័យ បើករថយន្ត​ដឹក​ដី​ម៉ាក​គា ប្រភេទ​១​តោន​កន្លះ ពាក់​ស្លាក​លេខ​៣A០៣៨១ (​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​)​។​

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​១​គ្រឿង​ដឹក​មិត្តភ័ក្ដិ​២​នាក់​ទៀត ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ (​ពី​ខាង​ស្ពាន​អាកាស​ស្ទឹងមានជ័យ )​ លុះ​បើកបរ​មកដល់​ចំណុច​កើតហេតុ​ខាង​លើ ជនរងគ្រោះ​បាន​បើក​វ៉ា​ជាមួយនឹង​រថយន្ត​ដឹក​ដី ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ តែ​មិន​ប្រយ័ត្ន​ក៏​ទាក់​ដៃ​ចង្កូត​ជាមួយ​រថយន្ត​ បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់ ហើយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង​។​
ក្រោយ​កើតហេតុ​រថយន្ត​ដឹក​ដី និង​អ្នក​បើកបរ​ជា​ស្ត្រី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ ។ ​ចំណែកឯ​ជនរងគ្រោះ​ដែល​ស្លាប់​បាត់​បង់ជីវិត​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ទំនាក់ទំនង​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​មិត្តភ័ក្ដិ​២​នាក់​ដែល​រួម​ដំណើរ​​បាន​រង​របួស​ធ្ងន់​និង​ស្រាល ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​
បច្ចុប្បន្ន​ម៉ូតូ​ និង​រថយន្ត ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684