ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-02-18-full-O

ស្វែងយល់​ពី​ច្បាប់ ៖ គោលការណ៍​មិន​ប្រតិសកម្ម​នៃ​ច្បាប់ព្រហ្មទណ្ឌ​ធ្ងន់​ជាង​

គោលការណ៍​នេះ​មាន​បញ្ញត្តិ​នី​ក្នុង​មាត្រា​១០ កថាខណ្ឌ​ទី​២ នៃ​ក្រមព្រហ្មទណ្ឌ និង​ក្នុងមាត្រា​១១ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​បាន​ចែងថា គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ជាប់ទោស​ព្រហ្មទណ្ឌ​ឡើយ​ចំពោះ​អំពើ ឫ​ការធ្វេសប្រហែស​ណាមួយ​ដែល​ពុំមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​នៅ​ក្រោម​ច្បាប់​ជាតិ ឫ​ច្បាប់​អន្តរជាតិ​នៅ​ខណៈ​ពេល​ដែល​អំពើ​នោះ​បាន​ប្រព្រឹត្ត​។
ជា​រួម​មក​យើង​ឃើញថា​ច្បាប់ព្រហ្មទណ្ឌ​ថ្មី​ដែល​ធ្ងន់​ជាង​គឺ ៖
+ ច្បាប់​ថ្មី​បាន​ដាក់​ទោស​លើ​អំពើ​ដែល​ច្បាប់​ចាស់​មិនបាន​ចាត់ទុកថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​។​
​ឧទាហរណ៍​ ៖
​ ក្រមព្រហ្មទណ្ឌ​មាន​បទបញ្ញត្តិ​ដែល​ធ្ងន់​ជាង ដោយបាន​បង្កើត​បទល្មើស​ថ្មីៗ​មួយចំនួន​ដែល​ពុំ​មានចែង​នៅក្នុង​ច្បាប់ព្រហ្មទណ្ឌ​មុន​ដូចជា ៖ បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ការ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ឬ ការ​មិន​គោរព​បទបញ្ជា​(​មាត្រា​៤១៩) បទល្មើស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​(​មាត្រា​៤២៧ ដល់​មាត្រា​៤៣២) បទល្មើស​សម្លុត​កុំ​ឲ្យ​ដាក់​ពាក្យបណ្ដឹង (​មាត្រា​៥២៧) បទ​បំពាន​លើ​កាតព្វកិច្ច​ការងារ​សហគមន៍​(​មាត្រា​៥៨៣)​។​
+ ច្បាប់​ថ្មី​ដាក់ទោស​ធ្ងន់​ជាង​ច្បាប់​ចាស់​លើ​អំពើ​ដដែល (​ក្នុង​ករណី​នេះ​គេ​ត្រូវ​ពិនិត្យមើល​អតិបរមា​នៃ​ទោស​ដែល​ច្បាប់​បាន​ចែង​) ។​
​ឧទាហរណ៍​

-​មាត្រា​៣២ នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល​ផ្ដន្ទាទោស​លើ​អំពើ​មនុស្សឃាត​ដោយ​ចេតនា​ដោយ​ដាក់​ពន្ធនាគារ​ពី​៨​ឆ្នាំ ដល់​១៥​ឆ្នាំ ក៏ប៉ុន្ដែ​មាត្រា​៤​នៃ​ច្បាប់​ស្តីអំពី​ស្ថាន​ទម្ងន់ទោស នៃ​បទឧក្រិដ្ឋ​ដែល​ជា​ច្បាប់​ថ្មី បែរជា​កំណត់​ទោស​សម្រាប់​អំពើ​មនុស្សឃាត​ដោយ​ចេតនា​ជា​ទោស​ដាក់​ពន្ធនាគារ​តម្រូវ​ឲ្យ​ដាក់ទោស​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ ហើយ​ប្រសិនបើ​ការ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​អំពើ​ឃោរ​ឃៅ​ក្នុង​កាលៈទេសៈ និង​ក្នុង​ទីកន្លែង​តែមួយ​បណ្ដាល​ឲ្យ​ជន​ណា​ម្នាក់ ឬ​ច្រើន​នាក់​ស្លាប់ ត្រូវ​ជាប់​ពន្ធនាគា​រត​ម្រូ​វ​ឲ្យ​ធ្វើការ​ដាក់ទោស​ពី​១៥​ឆ្នាំ ទៅ២០​ឆ្នាំ ឬ​អស់​មួយ​ជីវិត​។​

-​មាត្រា​៥១​នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល​កំណត់​ទោស​ដាក់​ពន្ធនាគារ​សម្រាប់​បទ​ល្មើស​ទទួល​ផល​ចោរកម្ម​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ​។ ចំណែកឯ​ក្រមព្រហ្មទណ្ឌ​តម្រូវ​ឲ្យ​ផ្ដន្ទាទោស​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ទទួលផល​ចោរកម្ម​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​។ ក្នុង​ករណី​នេះ​ក្រមព្រហ្មទណ្ឌ​កំណត់​អប្បបរមា​នៃ​ទោស ដាក់​ពន្ធនាគារ​រហូត​ដក់​ទៅ ២​ឆ្នាំ ហើយ​បន្ថែម​នូវ​ទោសពិន័យ​ជា​ប្រាក់​ទៀត​ផង​។​
​ ដូច្នេះ​បើ​ច្បាប់​ថ្មី​មានការ​ចែង​ដាក់​នូវ​ទោស​ធ្ងន់​ជាង​ច្បាប់​ចាស​នោះ​ គឺ ច្បាប់​ថ្មី​នោះ​គ្មាន​អានុ​ភាព​ប្រតិសកម្ម​ឡើយ​គឺ គេ​ត្រូវ​យក​ច្បាប់​ចាស់​ដែល​មាន​ចែង​ពី​ទោស​ស្រាល​ជាង​នោះ យក​មក​អនុវត្ដ​ទៅលើ​បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នោះ​។
ជា​សរុប​មក​តាម​គោលការណ៍ មិន​ប្រតិសកម្ម​នៃ​ច្បាប់ព្រហ្មទណ្ឌ​ធ្ងន់​ជាង​ច្បាប់​ថ្មី អាច​អនុវត្ដ​បាន​តែ​ចំពោះ​អំពើ​ដែល​បាន​ប្រព្រឹត្ត​ចាប់ពី​ពេល​ដែល​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​ទៅ​ខាង​មុខតែ​ប៉ុណ្ណោះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684