ព័ត៍មានទាន់​ហេតុការណ៏
Search
kpt

ប្លន់​នៅ​សង្កាត់​បឹង​សាឡាង​ យក​លុយ​រាប់​ម៉ឺន​ដុល្លារ​ដោយ​សុវត្ថិភាព​ពី​អាជីវករ​.ដូរលុយ​ផ្សា​របឹង​កេង​កង​

ភ្នំពេញ ៖ អាជីវករ.​ដូរ​លុយ​ និង​លក់​គ្រឿងអលង្ការ​នៅ​ផ្សា​របឹង​កេងកង​២​នាក់​ប្ដី-​ប្រពន្ធ​ ត្រូវ​បាន​ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​គ្រឿង​អលង្ការ​ និង​លុយរាប់​ម៉ឺន​ដុល្លារ​បានសម្រេច ហើយ​ជិះ​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព ប៉ុន្តែ​ក្នុង​អំពើ​ប្លន់​នេះ​ ក្រុម​ចោរ​មិនបាន​បាញ់​ជនរងគ្រោះ​នោះ​ទេ គ្រាន់តែ​ដក​កាំភ្លើង​ភ្ជង់​គំរាម​យក​លុយ​​តែប៉ុណ្ណោះ​។​
អំពើ​ប្លន់​ប្រដាប់​អាវុធ​ខាង​លើ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤១ ផ្លូវ​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​បង្កឡើង​ពី​ក្រុម​ជនល្មើស​មាន​គ្នា​០២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​១​ដើម ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។​

ជនរងគ្រោះ​ឈ្មោះ ឃឹម ឡេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អ្នក​ដូរ​លុយ និង​លក់​ឥវ៉ាន់​នៅ​ផ្សា​របឹង​កេងកង ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ និង​ប្រពន្ធ​ឈ្មោះ ​ហេង ម៉ាលី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ អ្នក​ដូរ​លុយ និង​លក់​ឥវ៉ាន់​នៅ​ផ្សា​របឹង​កេងកង ស្នាក់​នៅផ្ទះ​ជាមួយគ្នា​។​
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​២​នាក់​ប្ដី​-ប្រពន្ធ បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ បាន​ចេញពី​កន្លែង​លក់ដូរ​នៅ​ផ្សា​របឹង​គេង​កង​ដូច​សព្វមួយដង​ ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ នៅក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។ លុះ​ពេល​មក​ដល់​មុខ​ផ្ទះ ជនរងគ្រោះ​ដែល​ជា​ប្ដី​បាន​ចុះ​ពីលើ​រថយន្ត​ដើម្បី​បើកទ្វារ​ចូល​ផ្ទះ ពេលនោះ​ជន​រង​គ្រោះ​ឮ​ប្រពន្ធ​ស្រែក​ឲ្យ​ជួយ​ ក៏​ងាក​ទៅ​មើលស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​មាន​ម្នាក់​ក្នុង​ចំណោម​ពួកវា​មាន​រាង​មិន​ស្គម​ មិន​ធាត់​ គឺ​ល្មម ហើយ​កំពស់​១,៧០​ម៉ែត្រ សម្បុរ​សណ្តែកបាយ ពាក់អាវ​ក្រឡា​ការ៉ូ​ក្រឡា​ល្អិត និង​ស្លៀកខោ​ពណ៌​​ទឹកដោះគោ បាន​ភ្ជង់​ឲ្យ​ប្រពន្ធ​ដែល​ជា​ជនរងគ្រោះ​​អង្គុយ​ចុះ រួច​ជនសង្ស័យ​ក៏បាន​យក​ថង់​គ្រឿង​អលង្ការ និង​កាបូប​ដាក់​លុយ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែម្តង​។

ចំណែក​គ្រឿងអលង្ការ​ដែល​បាត់បង់​ជាមួយរបរ​​របស់​ម្តាយមីង​ផ្ញើ​តាម​ជន​រង​គ្រោះ​ផង​ដែរ ក្នុង​នោះ​មាន​គ្រឿងអលង្ការ​មួយ​ចំនួន​ធំ សរុប​ជា​ប្រាក់​ប្រហែល​៥០.០០០​ដុល្លារ និង​លុយ​ខ្មែរ​១០​លាន​រៀល​។​

ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក​ជនសង្ស័យ​ទាំង​នោះ​មក​ដាក់ទោស​ទៅតាម​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684