ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​គយ​ចល័ត​ឆ្មក់​ចាប់បាន​រថយន្ត​ដឹកឈើ​របស់​មន្ត្រី​យោធា​១​គ្រឿង​ ដែល​សម្រុក​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម

ក្រចេះ ​៖ មន្ត្រី​គយ​ចល័ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឆ្មក់​ចាប់ រថយន្ត​ដឹកឈើ​ខុសច្បាប់​របស់​មន្ត្រី​យោធា​បាន​ចំនួន​១​គ្រឿង ក្នុងចំណោម​១៤គ្រឿង ​ខណៈ​ដែល​ពួកគេ​សម្រុក​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ស្ថិត​ក្នុង​សភាព​តឹងតែង​ស្ទើរតែ​មាន​ការ​ផ្ទុះ​អាវុធ កាលពី​យប់​ថ្ងៃទី​២ ខែ​ឧសភា​ ស្ថិត​នៅ​ក្បែរ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​វរៈ​ការពារ​ព្រំដែន​ច្រក«​ងាំ​០៦»​។​

ប្រភព​ពី​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា សកម្មភាព​នៃ​ការ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ចូល​ទៅ​ប្រទេស​វៀតណាម ចាប់ផ្តើម​កក្រើក​ឡើង​វិញ​ហើយ បន្ទាប់ពី​មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​មក​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២ ខែ​ឧសភា ក្បួន​រថយន្ត​យី​ឌុប​ដឹកឈើ​ចំនួន​១៤​គ្រឿង​របស់​លោក​ ហ៊ួ​ត ប៊ុន​គីម មេបញ្ជាការ​(​គ​៣)​ និង​មេ​បញ្ជាការ​រង​ម្នាក់ទៀត​បាន​ចរាចរ​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​(​ងាំ​០៦) ថែម​ទាំង​មាន​កម្លាំងយោធា​ជាច្រើន​នាក់​អម​តាម​ក្បួន​រថយន្ត​ដឹកឈើ​ទាំងនោះ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​បាន​១​គ្រឿង ​ស្ថិត​នៅ​ក្នុង​សភាព​តឹងតែង​ស្ទើរតែ​មាន​ការ​ផ្ទុះ​អាវុធ​ទៅ​ហើយ​។​
ប្រភព​បន្ត​ថា ក្នុង​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ខាង​លើ​នេះ អាច​ចរាចរ​ទៅ​បាន​ដោយមាន​ការ​បើក​ដៃ​ពី​សំណាក់ លោក គង់ ងី​ម នាយក​ដែន​ជម្រកសត្វព្រៃ​ស្នួល និង​លោក ធឹ​ម ធឿន នាយ​ប៉ុស្តិ៍​នគរបាល​ដែល​គ្រប់គ្រង​ច្រក​របៀង​ទាំង​៦ នៅក្នុង​ស្រុក​ស្នួល ​ចាំ​ជួយ​សម្រួល​បើក​បារ៉ាស់​ឲ្យ​ក្បួន​រថយន្ត​ដឹកឈើ​ចេញ​ទាំងយប់​ទៅ​ដោយ​រលូន​។

បើ​តាម​ក្រុម​សមត្ថកិច្ច​បាន​និយាយ​ថា ក្នុងចំណោម​រថយន្ត​ដឹកឈើ​ទាំង​១៤​គ្រឿង​នោះ គឺ​បាន​ធ្វើ​ដំណើរ​ចេញផុត​ទៅដល់​​ទឹកដី​វៀតណាម​ចំនួន​១៣​គ្រឿង ហើយ​១​គ្រឿង​ទៀត​រួម​នឹង​ជនជាតិ​វៀត​ណាម​ចំនួន​៣​នាក់​ត្រូវ​បាន​ក្រុម​មន្ត្រី​គយ​ចល័ត​របស់​លោក ព្រាប គា​រ៉ា​ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់​បាន​ទាំង​កណ្ដាលយប់ ហើយ​នាំ​យក​រថយន្ត​ដឹកឈើ​នោះ​ទៅ​ទីស្នាក់ការ​គយ​ទំពាំង​ស្រែ​ដើម្បី​រង់ចាំ​ចំណាត់ការ​ថ្នាក់លើ​។​
នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា លោក ហ៊ួ​ត ប៊ុន​គីម ដែល​មាន​តួនាទី​ជា​មេ​បញ្ជាការ​(​គ​៣)​ចំណុះ​ឲ្យ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​២០៤​ប្រចាំ​ស្រុក​ស្នួល​ហើយក៏ជា​មេ​ឈ្មួញ​យ៉ាងសកម្ម​ក្នុង​ការ​នាំ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ជា​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ បាន​ប្រើប្រាស់​កូនទាហាន​របស់​ខ្លួន​ជាច្រើន​នាក់​ដាក់​ពង្រាយ​តាម​ច្រករបៀង​(​ងាំ​០៦) ដើម្បី​រារាំង​ការពារ​មិន​ឲ្យ​កម្លាំង​បង្ក្រាប​រុល​ទៅ​ចាប់​រថយន្ត​ផ្សេងៗ​ទៀត​បាន​។​

ប្រភព​ពី​ក្រុម​សមត្ថកិច្ច​បាន​ទម្លាយ​ថា នៅក្នុង​ជំនួញ​ឈើ​ខុសច្បាប់ ក្នុង​មួយ​រថយន្ត​ត្រូវ បង់​លុយ​ចំនួន​២​ពាន់​ដុល្លារ​ឲ្យ​លោក ធឹ​ម ធឿន ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ទាំង​៦ ដើម្បី​ជា​ថ្នូរ​នឹង​ការ​បើក​ផ្លូវ​ជូន​ដំណើរ​ក្បួន​រថយន្ត​ដឹកឈើ​ចេញចូល​បាន​។ ​ក្រៅពី​រាប់​ក្បាល​ឡាន​ចាំ​ប្រមូល​លុយ​ពី​បទ​ល្មើស​ព្រៃឈើ​នោះ លោក ធឹ​ម ធឿន ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ខាងលើ ក៏​ជា​មេ​ឈ្មួញ​ម្នាក់ ដែល​សព្វថ្ងៃ​នេះ​បាន​ប្រើប្រាស់​នូវ​រថយន្ត​កែច្នៃ​ចំនួន​៤​គ្រឿង​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​រាល់ថ្ងៃ​ដែរ​ផងដែរ។​
ភ្នាក់ងារ​កម្ពុ​ជាថ្មី មិនអាច​ស្វែងរក​កា​បំភ្លឺ​ពី​សំណាក់​លោក ធឹ​ម ធឿន បានទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់រវល់​រហូត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684