ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​យុវជន​២​នាក់​ពាក់ព័ន្ធ​​ករណី​រក្សាទុក​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​(​ដាវ​)

កណ្ដាល​ ៖ ​យុវជន​ពីរ​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​ក្រុង​តាខ្មៅ​សហការ​​​ជាមួយ​ប៉ុស្តិ៍​កំពង់​សំណាញ់​ធ្វើ​ការ​ឃាត់ខ្លួន ខណៈ​ពួក​គេ​រក្សា​ទុក​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​(​ដាវ​)​ បន្ទាប់​ពី​ឈ្លោះ​ជាមួយ​ភាគី​មួយ​ក្រុម​ទៀត​នោះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្លូវលំ​ជិត​ផ្សារ​ដើម​អំពិល ភូមិ​ខ្ពប​វែង​ សង្កាត់​តា​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល។
ជនល្មើស​ទាំង​០២​នាក់​នោះ​មាន​ទី១-​ឈ្មោះ ដាំ ធារ៉ា ភេទ​ប្រុស អាយុ​២២ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ​ មុខរបរ ​ជាងឈើ។ ២-​ឈ្មោះ សុខ មា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ផ្សារ​ដេប៉ូ​១ ​ខណ្ឌ​ទួល​គោក ភ្នំពេញ​ មុខរបរ ជាង​លាបថ្នាំ។
វត្ថុ​តាង ​ដែល​ដកហូត​ក្រោយ​ពី​ឃាត់​ខ្លួន​នោះ​រួម​មានៈ ​ដាវ​ចំនួន​០១ ​ដង​ដែក ប្រវែង ​៥៥ ស​.​, ម៉ូតូ​០១​គ្រឿង​ម៉ាក Wave i ពណ៌​ខ្មៅ ​ស្លាក​លេខ ភ្នំពេញ ១Q-៦៣៤៥​មួយ​គ្រឿង។
ប្រភព​បាន​ឲ្យ​ដឹង​ថា ​កាលពី​ពេលវេលា​កើតហេតុ​ខាងលើ​ កម្លាំង​សមត្ថកិច្ច ​ក្រុង​តាខ្មៅ​សហការ​​​ជាមួយ​ប៉ុស្តិ៍​កំពង់សំណាញ់​បាន​ចេញ​ល្បាត​តាម​មូលដ្ឋាន លុះ​​ដល់​គោលដៅ​ខាងលើ ​ក៏​ជួប​​​ជនល្មើស​កំពុង​ជិះ​ម៉ូតូ​ ដោយ​មាន​កាន់​ដាវ។ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនល្មើស​ទាំង​០២ រួម​ទាំង​វត្ថុ​តាង​​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ។

ជនល្មើស​បាន​សារភាព​ថា ក្រុម​ខ្លួន​បាន​ចេញពី​ក្លិប​VIP​ក្នុង​សង្កាត់​តាខ្មៅ ​ក្នុង​គោលបំណង​ចេញទៅ​ផ្ទះ តែ​​​បាន​ឈ្លោះ​ជាមួយ​បក្ខពួក​មួយ​ក្រុម​ទៀត ហើយ​ក៏​យក​ដាវ​ដើម្បី​ការពារ​ខ្លួន។ បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង។
ជនល្មើស​ទាំង​ពីរ​ខាងលើ ​សមត្ថកិច្ច​ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684