ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-04-full-S

ទិវា​សេរីភាព​សារព័ត៌មាន ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​របស់​អ្នកសារព័ត៌មាន​

ភ្នំពេញ​ ៖ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ «​សូម​ឲ្យ​សារព័ត៌មាន​ចម្រើន​លូតលាស់​» អ្នកសារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

លោក ឆាយ សុផល នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​មានប្រសាសន៍​ថា ការ​ប្រារព្ធ​ពិធី​នៅ​ឆ្នាំនេះ​មាន​គោលបំណង​ដើម្បី​ផ្តល់​វេទិកា​មួយ​សម្រាប់​តំណាង ​និង​អ្នក​ប្រកប​វិជ្ជាជីវៈ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ធ្វើការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​របស់​អ្នកសារព័ត៌មាន ដើម្បី​ទទួល​បាន​ព័ត៌មាន​សាធារណៈ​។ តើ​បទបញ្ញត្តិ​ណាខ្លះ​ក្នុង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​នឹង​ប្រកាស​ឲ្យ​ប្រើ​នា​ពេល​ខាង​មុខ អាច​ជួយ​អ្នកសារព័ត៌មាន​បំពេញការងារ​របស់​ខ្លួន​បាន​ហ្មត់ចត់ ប្រកប​ដោយ​ឯករាជ្យ និង​ទាន់​ពេល​វេលា​? តើ​អ្វី​ជា​ឧបសគ្គ​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​បាន​និង​កំពុង​រារាំង​ទម្លាប់​អនុវត្តន៍​ធ្វើ​សេចក្ដីរាយការណ៍​របស់​អ្នកសារព័ត៌មាន​? មួយ​វគ្គ​ក៏​នឹង​ធ្វើឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ព្រឹត្តិការណ៍​សោកនាដកម្ម​ថ្មីៗ​នេះ​របស់ Charlie Hebdo ផង​ដែរ​។​

លោក​បាន​បន្ត​ថា ការ​ប្រារព្ធ​ទិវា​នេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​សហការ​រួមគ្នា​របស់​អង្គការ​យូ​នី​ស្កូ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​ក្លិប​អ្នកកាសែត​កម្ពុជា សមាគម​កម្ពុជា​ការពារ​អ្នកកាសែត នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​សេរីភាព​នៃ​ការ​សម្ដែង​មតិ​មិនអាច​រង់ចាំ​រហូត​ដល់​សម្រេច​បាន​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​បាន​ឡើយ ដោយហេតុថា​ សារព័ត៌មាន​ដើរ​តួនាទី​ជា​កាតាលីករ ក្នុង​ការ​ធ្វើ​ឲ្យ​សកម្មភាព​ការងារ​របស់​រដ្ឋាភិបាល​កាន់​តែ​មាន​លក្ខណៈ​បើកចំហ មាន​តម្លាភាព និង​គណនេយ្យភាព​ថែមទៀត​។​

ក្នុង​ឱកាស​នៃ​ទិវា​សារព័ត៌មាន​ពិភពលោក លោក បាន គី​មួន អគ្គលេខាធិការ​ អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​សារ ដោយ​គូសបញ្ជាក់​អំពី​សារសំខាន់​សេរីភាព​សារព័ត៌មាន និង​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍន៍ នៃ​សតវត្ស​ទី​២១​នេះ ៖ សម្រាប់​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នោះ គឺ​ចាំបាច់​ត្រូវ​តែ​មាន​ការគោរព​សិទ្ធិមនុស្ស​។ បុគ្គល​គ្រប់រូប ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​ស្វែងរក​ទទួល​ និង​ចែក​រំលែក​ចំណេះដឹង និង​ព័ត៌មាន​នៅ​លើ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ មិន​ថា​តាម​អន​ឡាញ និង​តាម​អ​ហ្វ​ឡាញ​ឡើយ​។ សារព័ត៌មាន​ដែល​មាន​គុណភាព​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​សម្រេចចិត្ត​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ អំពី​ការ​អភិវឌ្ឍ​សង្គម​របស់​ខ្លួន​។
សូម​បញ្ជាក់​ថា ទិវា​សេរី​សារព័ត៌មាន​ពិភពលោក​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ឯ​មហា​សន្និបាត​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣ បន្ទាប់ពី​មាន​អនុសាសន៍​មួយ​ដែល​បាន​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​២៦ នៃ​មហា​សន្និសីទ របស់​អង្គការ​យូណេស្កូ​ក្នុង​ឆ្នាំ​១៩៩១​។ វា​គឺជា​ថ្ងៃមួយ​ដើម្បី​លើកទឹកចិត្ត និង​បង្កើត​គំនិត​ផ្ដួចផ្ដើម​ដើម្បី​គាំទ្រ​សេរីភាព​សារព័ត៌មាន ដើម្បី​វាយតម្លៃ​ពី​ស្ថាន​ភាព​នៃ​សេរីភាព​សារព័ត៌​មាននៅ​ទូទាំង​ពិភពលោក និង​ដើម្បី​រំលឹក​រដ្ឋាភិបាល​ទាំងឡាយ​ពី​សេចក្តី​ត្រូវ​ការ​ក្នុង​ការគោរព​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​សេរីភាព​នៃ​ការ​សម្ដែង​មតិ​។​

លោកស្រី Anne Lemaistre តំណាង Unesco ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា ប្រារព្ធ​ទិវា​សេរី​ភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៥ គឺជា​ការ​រំលឹក​អំពី​សារៈ​សំខាន់​របស់​អ្នកសារព័ត៌មាន ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​អ្នកសារព័ត៌មាន ដើម្បី​ធានា​ដំណើរ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​លើក​ដំកើង​ផ្នែក​សិទ្ធិមនុស្ស​។​ ដូច្នេះ​ថ្ងៃនេះ គឺ​ថ្ងៃ​ដែល​យើង​នាំ​គ្នា​ចូលរួម​អបអរសាទរ សេរីភាព​សារព័ត៌មាន​ពិភពលោក ប៉ុន្តែ​ក៏​ជា​ថ្ងៃ​ដែល​ត្រូវ​ចងចាំ ដែល​មាន​សោកនាដកម្ម​នៅ​អាហ្វហ្គានីស្ថាន​ចំនួន​១១​នាក់ ដោយឡែក​នៅ​កម្ពុជា​អ្នកកាសែត​ក៏​មាន​ការ​គំរាមកំហែង​បំភិតបំភ័យ កាប់សម្លាប់​ពី​សំណាក់​អ្នក​មាន​អំណាច​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684