ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណើរ​ទស្សនាចរណ៍​ដោយ​ការ​ជិះ​ដំរី​គយគន់​ប្រាសាទបុរាណ​ និង​ទេសភាព​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប​

 

សៀមរាប ៖ ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ​ប្រាកដជា​ប្លែក​អារម្មណ៍​ និង​រំភើប​មែនទែន​ក្នុង​ពេលដែល​បាន​មកដល់​តំបន់​អង្គរវត្ត ហើយ​ជ្រើស​រើស​យក​ដំណើរ​ទស្សនាចរណ៍​បន្ត​ដោយ​ការជួល​ដំរី​ជិះ​គយគន់​ប្រាសាទបុរាណ ​និង​សម្រស់​ទេសភាព​ធម្មជាតិ​ដ៏​ប្រណីត​នៅ​លើ​ដែនដី​មច្ឆរិយៈ​មហា​អង្គរ​ខេត្តសៀមរាប​។ នៅ​លើ​ទឹកដី​ខេត្តសៀមរាប​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង ជាពិសេស​ប្រាសាទបុរាណ​ដែល​ភ្ញៀវ​ទេសចរ​មិនអាច​រំលង​បាន​។ នា​អំឡុងពេល​ធ្វើដំណើរ​ដោយ​ជិះ​ដំរី​នោះ​អ្នកទេសចរ​ក៏​អាច​ពិនិត្យមើល​ពី​ប្រពៃណី​ជំនឿ​ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​រួមទាំង​ទស្សនា​ទេសភាព​ដ៏​អស្ចារ្យ​ដែល​មាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឯក​ផុស​អណ្តែត​ឡើង​លាយឡំ​នឹង​ព្រៃ​ព្រឹក្សា​។ នៅពេល​ឡើងលើ​ខ្នង​ដំរី​ភ្លាម​គេ​ប្រាកដជា​រំភើប​ណាស់​ក្នុង​ដំណើរ​ឈាន​ឆ្ពោះ​មួយៗ​របស់​សត្វ​ដំរី​ដ៏​ធំ​ជង្គ្រឹង​ដែល​មាន​ការ​តុបតែង​លំអ​ និង​មាន​ហ្មដំរី​ក្នុង​សំលៀកបំពាក់​បុរាណ​ជា​អ្នក​នាំ​ផ្លូវ​ឆ្ពោះទៅ​ទស្សនា​តំបន់​អង្គរវត្ត​។​

ក្នុង​រយៈពេល​ជាច្រើន​ម៉ោង​សំរាប់​ដំណើរ​កំសាន្ត ​ដោយ​ការ​ជិះ​ដំរី​នៅ​តំបន់​ប្រាសាទអង្គរវត្ត​នោះ​ពោល​ គឺ​អ្នកទេសចរ​ទាំងឡាយ​មិនបាន​ជិនណាយ​ឡើយ​ជាមួយនឹង​យាន​ប្រភេទ​នេះ ពីព្រោះ​វា​បាន​ធ្វើ​ឲ្យ​យើង​មើលឃើញ​សំណង់​អច្ឆរិយៈ​នានា​យ៉ាង​ច្បាស់​ ដែល​កំពុងតែ​បង្ហាញ​នូវ​ភាព​រស់រវើក​ស្ថិត​ក្នុង​លក្ខណៈ​ល្អ​វិចិត្រ ​នៃ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​បំផុត​។​ភ្លាមៗ​នោះ​ គឺ​យើង​ហាក់​មាន​អារម្មណ៍​ត្រេក​ត្រអាល​មួយ​រំពេច​ទៅ​នឹង​ទិដ្ឋភាព​ទាំងឡាយ​ ដែល​ចោល​សម្រស់​ឆើតឆាយ​រង់ចាំ​ទទួល​ស្វា​គមន៍​អ្នកទេសចរ ហើយ​ប្រសិនបើ​យើង​ធ្វើដំណើរ​នៅ​លើ​ខ្នង​ដំរី​នៅ​លើ​ដង​វិថី​ឆ្ពោះ​ទៅកាន់​ប្រាសាទ​អង្គរវត្ត​វិញ​នោះ​គេ​សង្កេតឃើញ​មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ ​ជា​គ្រឿង​ចម្លាក់​បែប​បុរាណ​ផ្សេងៗ​និង​ការ​ដាក់​តាំង​លក់​របស់របរ​យ៉ាង​សំបូរ​បែប​សំរាប់​ដាក់​លក់​អ្នកទេសចរ​។ អ្វី​ដែល​រឹតតែ​រំភើប​និង​អស្ចារ្យ​នោះ​ គឺ​ការ​ថត​ផ្តិត​យក​រូបភាព​ពីលើ​ខ្នង​ដំរី​ នៃ​ទេសភាព​ព្រៃឈើ​ពណ៌​បៃតង​ដែល​គ្រប់​ដណ្តប់​ព័ទ្ធជុំវិញ​នៅ​តំបន់​អង្គរ ​និង​ស្វែង​យល់បាន​កាន់​តែច្រើន​ពី​ការរស់នៅ​របស់​បងប្អូន​យើង​ក៏ដូច​ជា​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​យ៉ាង​ត្រជាក់​ភ្នែក​។

ដូច្នេះ​នៅ​ពេលដែល​លោកអ្នក​បាន​មក​ដល់ទី​ក្រុង​ទេសចរណ៍​អង្គរ​សៀមរាប ​ហើយ​នោះ​សូមកុំ​ភ្លេច​ និង​សាកល្បង​ធ្វើដំណើរ​កំសាន្ត​បន្ត​ ដោយ​ការជួល​សត្វ​ដំរី​របស់​ប្រជាជន​ជិះ​ដើរ​ទស្សនា​ម្តង​មើល​ថា តើ​នឹង​បាន​សប្បាយ​យ៉ាងណា​? ហើយ​បើ​តាម​ការ​និយាយ​រៀបរាប់​ប្រាប់​របស់​ហ្មដំរី​វ័យ​៤៥​ឆ្នាំ​រស់នៅ​ស្រុក​អង្គរធំ​បាន​ឲ្យ​ដឹង​ថា គាត់​ប្រកបមុខរបរ​ដឹក​ភ្ញៀវទេសចរ​ ដោយ​សត្វ​ដំរី​នៅ​តំបន់​អង្គរ​នេះ​ជិត​ប្រាំ​ឆ្នាំ​ហើយ​។ លោក​សុភា​រ័ត្ន​និយាយ​បន្ត​ថា គាត់​មាន​ដំរី​មួយ​ក្បាល​ឈ្មោះ​ចំរើន​ដែល​គាត់​ចិញ្ចឹម​ជាង​២០​ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​ចំរើន​បាន​ជួយ​គាត់​ច្រើនណាស់​ក្នុង​ការ​រក​ប្រាក់​កំរៃ​សំរាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ដែល​ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​ប្រពន្ធ ​និង​កូន​៣​នាក់​ដែល​ត្រូវការ​ប្រាក់​ដើម្បី​រៀន​សូត្រ​។​

ហ្មដំរី​រូប​នេះ​និយាយ​ទៀត​ថា សត្វ​ដំរី​របស់គាត់​មានការ​តុបតែង​ប្រកបដោយ​ភាព​ទាក់ទាញ​រួម​ទាំង​ការ​ស្លៀកពាក់​របស់​គាត់​ផង​ដែរ​តាមរបៀប​សម័យ​អង្គរ​ ដើម្បី​ជា​ការ​ចាប់អារម្មណ៍​សំរាប់​ភ្ញៀវ​ទេសចរ ដោយ​ក្នុង​នោះ​ជនបរទេស​ចូលចិត្ត​ខ្លាំង​ណាស់​។ ការ​ដឹក​ភ្ញៀវទេសចរ​ដោយ​សត្វ​ដំរី​ដើរ​ទស្សនា​តំបន់​អង្គរ​របស់​គាត់​អាច​ដឹក​ក្នុង​មួយ​ជើង​បាន​មនុស្ស​៣​ នាក់​ក្នុង​ម្នាក់​គិត​តំលៃ​១៥​ដុល្លារ​ដែល​ចាប់​ចេញដំណើរ​ពី​ទន្លេ​អុំ​ទៅដល់​ប្រាសាទបាយ័ន​ព័ទ្ធ​មួយ​ជុំ​រួច​ត្រឡប់មកវិញ ហើយ​ភ្ញៀវ​ទេសចរ​ទាំងអស់​ក៏​អាច​ជួល​ដំរី​គាត់​ជិះ​ឡើង​ទៅលើ​ភ្នំ​បាខែង​ បាន​ថែម​ទៀត​ផង​ឬក៏​ទៅ​ទស្សនា​នៅ​តាម​តំបន់​មួយ​ចំនួនទៀត​។​

លោក​ឆឺ​យ ឆន​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប នៅ​តំបន់​អង្គរ​យើង​ឃើញ​មាន​សត្វ​ដំរី​សំរាប់​ដឹក​ភ្ញៀវទេសចរ​ដើរ​កំសាន្ត​ប្រមាណ​ជាជាង​២០​ក្បាល ​ដែល​សត្វ​ដំរី​ទាំងនោះ​ជា​របស់​ប្រជា​ពលរដ្ឋ​យើង​ចិញ្ចឹម​និង​កំពុង​ទទួល​បាន​នូវ ​ការ​ពេញនិយម​ខ្លាំងណាស់​ចំពោះ​ភ្ញៀវទេសចរ​បរទេស​ដែល​មកលេង​ប្រាសាទ​អង្គរ​។ យើង​គាំទ្រ​និង​ចូលរួម​អភិរក្ស​ចំពោះ​សត្វ​ដំរី​នេះ​ឲ្យ​មាននៅ​ក្នុង​តំបន់​អង្គរ​សំរាប់​បំរើ​ឲ្យ​វិស័យ​ទេសចរណ៍​ដឹក​ភ្ញៀវ​ដើរ​ទស្សនា ​ប្រាសាទបុរាណ​ខ្មែរ​ឬក៏​អាចបង្កើត​បានជា​សហគម​ន៍​មួយ​គឺ​កាន់តែ​ល្អ ពីព្រោះ​បើ​តាម​ការសង្កេត​ឃើញ​របស់​គាត់​សព្វថ្ងៃ​អ្នកទេសចរ​ពោលគឺ​ជនបរទេស​ពួកគេ​មាន​ចំណូល​ចិត្តខ្លាំង​ នឹង​ការជួល​ដំរី​ជិះ​គយគន់​វិសាលភាព​តំបន់​អង្គរ​។ អ្វីដែល​សំខាន់​ទៅទៀត​នោះ​ គឺ​ប្រភព​ចំណូល​ដែល​បាន​មកពី​ភ្ញៀវ​ជួល​ដំរី​ជិះ​នោះ​អាច​ចូលរួម​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​បាន​មួយ​កម្រិត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684