ព័ត៍មានទាន់​ហេតុការណ៏
Search
20

ចោរ​ឆ្លងដែន​ជនជាតិ​ថៃ​ម្នាក់​លួច​ម៉ូតូ​ខ្មែរ ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

 

ប៉ៃលិន ​៖ បុរស​ញៀន​ថ្នាំ​ដែល​ជា​ជនជាតិ​ថៃ​ម្នាក់ បែកគំនិត​លួច​ម៉ូតូ​ជនជាតិ​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ម៉ូតូ ពី​បទ​លួច កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ហេតុការណ៍​ចាប់​ឃាត់​ខ្លួន​ចោរ​ដែល​ជា​ជនជាតិ​ថៃ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​រសៀល​ ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

ជនសង្ស័យ ​ដែល​ជា​ចោរ​ជនជាតិ​ថៃ​ឈ្មោះ ឆ័យ យ៉ា​នុត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​ប៉ាន​យ៉​ក ឃុំ​មឿង ស្រុក​រ៉ាក់យ៉ង ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ​។ ចំណែក​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ ហ៊ុយ ប៊ុនថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ទាហាន រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំណែក​ម៉ូតូ​ដែល​ចោរ​ជនជាតិ​ថៃ​លួច ម៉ាក​វ៉េវ​អាល​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-6503​។​

ប្រភព ​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ដែល​​ជា​ជនជាតិ​ថៃ​ខាងលើ​ដើរចេញ​ចូល​តាម​ច្រក​ទ្វារ​ អន្តរជាតិ​ព្រំ​ជា​រៀងរាល់ថ្ងៃ ជា​មនុស្ស​ញៀន​ថ្នាំ មាន​ស័ក្ដិ​ពេញ​ខ្លួន ​តាំងពី​ក្បាល​រហូតដល់​ជើង ហើយ​មួយថ្ងៃៗ​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​មិនដឹង​មូលហេតុ​ថា​នឹង​រក​ អ្វី​។ ប្រភព​ព័ត៌មាន​បន្ត​ថា​ ចោរ​ឆ្លងដែន​នេះ​បាន​មក​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជាង​មួយឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​ចេញចូលៗ លុះ​នៅពេល​កើតហេតុ​ចោរ​រូប​នេះ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ទុកចោល​នៅមុខ​ផ្ទះ មិនឃើញ​ម្ចាស់ ក៏​ធ្វើ​សកម្មភាព​លួច​តែម្តង​។ ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​ ពេល​លួច​បាន ​ជនសង្ស័យ​ដែល​ជា​ចោរ​ឆ្លងដែន​រូប​នេះ បាន​ជិះ​ម៉ូតូ​មក​ទិស​ខាងកើត​បាត់ស្រមោល ហើយ​ម្ចាស់​ម៉ូតូ​ក៏​ដាក់ពាក្យ​បណ្ដឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន រួច​ក៏​ធ្វើការ​ឃាត់​ខ្លួន​បាន​នៅ​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​

លោក​ អនុសេនីយ៍ឯក ស៊ិន តាំង នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ប៉ៃលិន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា​ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ថា​មាន​ករណី​ចោរលួច​ម៉ូតូ​នៅ​ភូមិ​ ផ្សារ​ព្រំ ហើយ​ជនសង្ស័យ​ជិះ​សំដៅ​ទៅ​ស្រុក​កំរៀង ខាង​ការិយាល័យ​លោក​ក៏​ធ្វើ​ការ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ដែល​ជា​ចោរ​ឆ្លងដែន​បានសម្រេច នៅ​ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង​តែម្តង​។ លោកនាយ​ការិយាល័យ​បន្ត​ទៀត​ថា​ ជនសង្ស័យ​ដែល​ជា​ចោរ​ឆ្លងដែន​ឈ្មោះ ឆ័យ យ៉ា​នុត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ថៃ រស់​នៅ​ភូមិ​ប៉ាន​យ៉​ក ឃុំ​មឿង ស្រុក​រ៉ាក់យ៉ង ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ​។ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ហ៊ុយ ប៊ុនថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ទាហាន រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​ម៉ូតូ​ដែល​ចោរ​ជនជាតិ​ថៃ​លួច ម៉ាកវ៉េវ​អាល​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-6503​។ បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ជា​ចោរ​ឆ្លងដែន​ជនជាតិ​ថៃ ត្រូវ​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​ខេត្ត​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684