ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-04-15-m-full

សិស្ស​ចេះ សម្របសម្រួល យោបល់​គ្នា

 

ការសិក្សា​នៅ​តាម​សាលារៀន​នីមួយៗ​មាន​ឥរិយាបថ​ពីរ បែប​ជា​ផលប្រយោជន៍​ដល់​សិស្ស​គឺ​ទី​១ សិស្ស​ទទួល​បាន​ចំណេះដឹង​ទូទៅ ឬ​ជា​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ ទាំង​វិទ្យាសាស្ត្រ​ពិត​និង​ទាំង​វិទ្យាសាស្ត្រ​សង្គម​។ ទី​២ សិស្ស​បាន​ទទួល​នូវ​ឥរិយាបថ​ខាង​ចរិយា ឬ​ហៅថា​ចរិយា​សម្បត្តិ​ដែល​សំដៅ​ទៅលើ​ការប្រព្រឹត្ត​ប្រកបដោយ​សីលធម៌​ក្នុង​ការ​រស់នៅ​។ ចំណេះដឹង​ខាង​សីលធម៌​នេះ​ហើយ​ដែល​មាន​បំណង​អប់រំ​សិស្ស​អោយ​ចេះ​រួមរស់​ជាមួយគ្នា​ចេះ​ធ្វើការ​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខសាន្ត​នោះ។

ក្នុង​ការ​រស់នៅ​គេ​តែង​សង្កេតឃើញ​នូវ​ចរិយា​សម្បតិ្ត​នៃ​មនុស្ស​ពីរ​យ៉ាង គឺ​មនុស្ស​ចេះ​សម្របសម្រួល​ជាមួយ​ទង្វើ​របស់​មនុស្ស និង​មនុស្ស មិន​ចេះ​មានការ​សម្របសម្រួល​ជាមួយ​មនុស្ស​នោះ​ទេ។ ក្នុង​ខណៈ​នេះ​ខ្ញុំ​លើក​មក​បង្ហាញ​មុនគេ​ចំពោះ​មនុស្ស​ដែល​មិន​ចេះ​មានការ​សម្របសម្រួល​ជាមួយនឹង​ទង្វើ​នានា​របស់​មនុស្ស​។ មានន័យថា មនុស្ស​ប្រភេទ​នេះ​មិនសូវ​ចេះ​រួមរស់​ជាមួយ​គេ​នោះ​ទេ ឬក៏​មិន​ចេះ​ធ្វើការ​ឲ្យ​បាន​សុខ​សប្បាយ​ជាមួយនឹង​គេ​ដែរ​។ ជាពិសេស​ជន​ប្រភេទ​នេះ​តែង​សម្លឹង​មើល​ឃើញ​តែ​កំហុស​របស់​គេ​តែម្តង ឬអ្វី​ដែល​ជា​កំហុសឆ្គង​តូចតាច​របស់​គេ​សោះ​បែរ ជា​បដិសេធ​យោបល់​គេ​និង​ច្រានចោល​ទង្វើ​របស់​គេ​ទាំងស្រុង​តែម្តង​។ ទន្ទឹមនេះដែរ​ជន​នោះបាន​ឆ្លៀត​បង្ហាញ​ឲ្យគេ​ដឹងថា មានតែ​គំនិត​យោបល់​និង​ទង្វើ​របស់ខ្លួន​នោះទេ​ដែល​ត្រឹមត្រូវ​នោះ​។ បុគ្គល​ប្រភេទ​នេះហើយ​ដែល​គេ​យល់ថា ជា​អ្នក​មិនចេះ​សម្របសម្រួល​ក្នុងការ​រស់នៅ​នោះទេ​។ ជាមួយនេះដែរ​គេ​តែង​យល់ថា “​បុគ្គល​ប្រភេទ​នេះ​មានការ​អប់រំ​ខ្សោយ ឬ​មានការ​អប់រំ​តិច​បំផុត​

ដោយឡែក​ចំពោះ​មនុស្ស​ដែល​ចេះ​មានការ​សម្របសម្រួល​ល្អ​នោះ គឺជា​ប្រភេទ​បុគ្គល​ដែល​រស់នៅ​ចុះសម្រុង​នឹង​សង្គម​។ ដ្បិត​គេ​តែង​និយាយ​ជារឿយៗ​ថា មនុស្ស​ម្នាក់ៗ​មិនមែន​ល្អឥតខ្ចោះ​នោះទេ​។ បានសេចក្តី​ថា គ្រប់​ទង្វើ​របស់​មនុស្ស​ទាំង​ផ្លូវកាយ ទាំង​ផ្លូវ​វាចា​និង​ទាំង​ការងារ​កំពុងតែ​គិត​នោះ​វា​មិនមែន​ត្រឹមត្រូវ​មួយរយ​ភាគរយ​នោះទេ គឺ​អ្វី​ដែលជា​ចំណុច​ខ្វះខាត​នោះ​វា​តែងតែមាន​ពិតប្រាកដ​។ ជាពិសេស​ចំណង់​ចំណូលចិត្ត និង​អ្វី​ដែលជា​យោបល់​របស់​មនុស្ស​នោះ​វា​មិន​ដូចគ្នា​បេះបិទ​នោះទេ​។ ជួនកាល​យើង​ថា​ត្រូវ ឬថា​ល្អ តែ​សម្រាប់​គេ​វិញ​យល់ថា មិនទាន់​ត្រូវ និង​មិនទាន់​ល្អ​។ ឯ​អ្វីដែល​ជាការ​កត់សំគាល់​បន្ថែមទៀត​នោះ​គឺ បញ្ហា​ខុសគ្នា ឬ​លើសលស់​បន្តិចបន្តួច​នោះ​តែង​កើតមាន​ជាធម្មតា​ទៅហើយ​ពោលគឺ​មិនមែន​ដូចគ្នា​ដូចជា​ការបោះពុម្ព​នោះទេ​។ ឧទាហរណ៍​សិស្ស​ម្នា​ក់បាន​និយាយ អំពី​បញ្ហា​អ្វីមួយ​ដែល​គេ​ឃើញថា មានបំណង​ចូលក្នុង​គំនិត​ធំ​នោះ​ហើយ​តែ​សិស្ស​នោះ​នៅ​មិនទាន់​រៀបចំ​ឃ្លាប្រយោគ​បានល្អ​នៅឡើយ​។ ដូចនេះ​ចំពោះ​សិស្ស​ទី​២ ដែល​ជា​អ្នក​បាន​ស្តាប់​ហើយ​នោះ​តែងមាន​ការទទួលស្គាល់​ថា ពិត​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ក្នុងនោះ​ក៏​សិស្ស​នោះបាន​ធ្វើការ​សម្របសម្រួល និង​ជួយ​រៀបចំ​គំនិត​នោះ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ទង្វើ​របៀបនេះ​ហើយ​ទើប​គេ​ហៅថា ជា​អ្នកមាន​ការ​សម្របសម្រួល​ល្អ ជាពិសេស​ទៅទៀត​គេ​យល់ថា ជា​អ្នកមាន​ការអប់រំ​បាន​ល្អ​។

នៅ​មាន​ច្រើន​ទៀត​ចំពោះ​សិស្ស​រៀនសូត្រ​សព្វថ្ងៃ​នេះ​តាមរយៈ​ការ​បង្រៀន​របស់​គ្រូ​ហៅថា តាម​គោល​វិធី​សិស្ស​មជ្ឈមណ្ឌល​នោះ​គឺ​គ្រូបង្រៀន​ជា​អ្នកសម្របសម្រួល​ដ៏​ល្អ​នៃ​កិច្ចការ​របស់​សិស្ស​ដែល​ធ្វើអោយ​សិស្ស​កាន់តែ​មានការ​ប្រឹងប្រែង​បន្តទៅទៀត​។ បានសេចក្តីថា គ្រូបង្រៀន​មិនមែនជា​អ្នក​ច្រានចោល​យោបល់​សិស្ស​ភឹងៗ​នោះទេ ពោល​គឺ​គាត់​ជា​អ្នកសម្របសម្រួល​ការងា​រ​សិស្ស​ឲ្យ​កាន់តែ​បានល្អ​ថែមទៀត​។ ទង្វើ​នៃ​ការ​សម្របសម្រួល​នេះហើយ​ដែលជា​ការ​បន្ទន់​ចិត្ត ឬ​បង្អោន​ចិត្ត​ឲ្យទទួល​យកគំនិត​គេ​ឬ​ទង្វើ​របស់គេ​ឲ្យមាន​លក្ខណៈ​ត្រឹមត្រូវ​ផងដែរ ព្រោះ​អ្វី​ដែលជា​រឿង​ត្រឹមត្រូវ​នោះ​មាន​ច្រើនយ៉ាង​ណាស់​ជាក់ស្តែង​ដូច​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​ជាដើម​។ នេះ​ហើយ​ដែល​ជា​មេរៀន​ដល់​សិស្ស​ឲ្យ​ចេះ​មានការ​សម្របសម្រួល​ក្នុង​ការងារ​ក្រុម​ដ៏​ល្អ​ប្រសើរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684