ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-04-15-n-full

ការ​ប្រមូល​ព័ត៌មាន ពី​ប្រាសាទ​ថ្ម បាយក្អែក

 

តាមរយៈ​ប្រវត្តិ​ព័ត៌មាន​ពី​ប្រាសាទ​ថ្ម បាយក្អែក​ជា​ប្រភេទ​ប្រាសាទតូច​ដែល មជ្ឈដ្ឋាន​ភ្ញៀវ​មិន​សូវ​មាន​ការចាប់អារម្មណ៍​ក្នុង​ការ​ចូល​ទស្សនា​នោះ​ទេ។ ប្រាសាទ​នេះ​ឋិត​ជាប់​នឹង​គូ​ទឹក ខាងត្បូង​អង្គរធំ និង​នៅ​ខាងជើង​ប្រាសាទបក្សីចាំក្រុង មាន​ចម្ងាយ​១២៦​ម៉ែត្រ​ពី​ផ្លូវ​ចូល​អង្គរធំ​។ តួ​ប៉ម​ប្រាសាទ​មានតែ​២​ទេ ដោយ​កសាង​អំពី​ឥដ្ឋ តែ​សព្វថ្ងៃ​នេះ​មានការ​បាក់បែក​អស់​កំពូល​ក៏​ថា​បាន ឬក៏​អាច​សន្និដ្ឋាន​ថា ជា​ការ​មិនទាន់​ហើយ​ស្រេច​តាំងពី​បុរាណ​មក​ក៏​ថា​បាន។

មាន​ឯកសារ​ខ្លះទៀត​ដែល​យើង​បាន​ស្រង់​ចេញពី​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត បាន​បង្ហាញ​អំពី​ប្រាសាទ​ថ្ម បាយក្អែក​ដូច​មាន​សេចក្តី​សង្ខេប​គឺ ប្រាសាទ​នេះ​មាន​លក្ខណៈ​ដូច​ប្រាសាទបី​ដែរ​។ ហួស​ពី​ប្រាសាទបក្សីចាំក្រុង បន្តិច​គេ​នឹង​បាន​ទៅដល់​ទីតាំង​មួយ​ដែល​បច្ចុប្បន្ន​នៅសល់​តែ​ស៊ុមទ្វារ​និង​ផ្តែរ​។ មាន​ព្រះ​សិវលិង្គ​អំពី​ថ្ម​មួយ​នៅ​សេសសល់​កណ្តាល់​តួ​ប្រាសាទ​តែ​គេ​ពុំបាន​ឃើញ​ទម្រង់​នៃ​យោនី​នោះទេ​។ គេ​បាន​សន្និដ្ឋានថា ប្រាសាទ ថ្ម​បាយក្អែក​ក៏ដូចជា​តួ​ប៉ម​មួយ​ក្នុងចំណោម​តួ​ប៉ម​រាប់រយ​ដែល​ព័ទ្ធជុំវិញ​ភ្នំ​បាខែង​(​លើ​ភ្នំ​បាខែង មាន​តួ​ប៉ម​ដល់​ទៅ​១០៨)​។ ឯកសារ​ដដែល​នេះ​បាន​អះអាងថា ប្រាសាទ ថ្ម​បាយក្អែក ឋិត​នៅក្នុង​រចនាបថ​បាខែង ហើយ​ដែល​ឋិត​ក្រោម​ព្រះរាជ​បញ្ជា​អោយ​កសាង​ដោយ​ព្រះបាទ យ​សោ​វរ្ម័នទី​១ ដូចជា​ប្រាសាទបី​ដែរ​។ លើសពី​នេះ​ទៅ​ទៀត​គេ​រក​ឃើញ​សន្លឹក​មាស​ដែល​មាន​ឆ្លាក់​រូប​គោ​ន​ន្ទិ​ជា​ជំនិះ​របស់​ព្រះ​ឥសូរ។

ប្រាសាទ​នេះ​កសាង​ឡើ​ដោយ​ថ្មភក់​ដែល​បាន​តម្រៀប​ជា​ខឿន​ទ្រ​ប្រាសាទ​មាន​៣​ជាន់​តាម​ទម្រង់​ជា​ពពួក​ប្រាសាទភ្នំ​ដោយ​សន្មត​ផង​ដែរ​។ ជាពិសេស​ការស្ថាបនា​កាំជណ្តើរ​ខ្លោងទ្វារ​(​ស៊ុមទ្វារ​)​ដោយ​ថ្មភក់​កាត់​តម្រឹម​តម្រៀប​គ្នា គរ​លើ​គ្នា​យ៉ាង​ជិត និង​ល្អ​ប្រណីត​បំផុត​។ ប៉ុន្តែ​ដោយ​ឡែក​តែ​តួ​ប៉ម​នៃ​ប្រាសាទ​ប៉ុណ្ណោះ​ដែល​កសាង​អំពី​ឥដ្ឋ​ដី​ដុត​។ តាមរយៈ​ការ​សន្និដ្ឋាន​ជាទូទៅ​ថា ក្រុម​ប្រាសាទ​ដែល​កសាង​អំពី​ឥដ្ឋ​ដី​ដុត​ដែល​ពេញនិយម​នោះ​គឺ​ឋិត​ក្នុងសម័យ​អាណាចក្រ​ចេនឡា​។ ជាក់ស្តែង​ដូចជា​ក្រុម​ប្រាសាទ​នៃ​ប្រាសាទសំបូរព្រៃគុក​នៅ​ខេត្តកំពង់ធំ​ជាដើម​។ ប៉ុន្តែ​ដោយឡែក​ចំពោះ​ប្រាសាទ​ថ្ម​បាយក្អែក​ក៏​គេ​យល់​ឃើញ​ថា ជា​ប្រាសាទ​ដែល​ឋិត​នៅ​ខាងដើម​នៃ​សម័យអង្គរ​ហើយ​ដែល​ស្ថាបត្យកម្ម​អំពី​ឥដ្ឋ​បាន​វិ​វត្តន៍​ចេញពី​សម័យ​នៃ​ការកសាង​ប្រាសាទ​ពី​សម័យ​ចេនឡា​ពិតប្រាកដ​។ ជាពិសេស​អ្វី​ដែល​ប្លែក​ជាង​ឬ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ​នោះ​គឺ ប្រាសាទ​មាន​ខឿន​តម្កល់​ក្នុង​អត្ថន័យ​តម្រង់​គំនិត​ទៅ​រក​ប្រាសាទភ្នំ​ផង ហើយ​សំណង់​នោះ​មាន​លាយឡំ​ដោយ​ថ្មភក់​ផង។

ចំពោះ​បញ្ហា​សាមញ្ញ​មួយ​ក្នុង​ជំនឿ​នៃ​ការ​កសាង​ប្រាសាទ​ថ្ម បាយក្អែក​គឺជា​ការថ្វាយ​ដល់​ព្រហ្មញ្ញ សាសនា​ខាង​និកាយ​ព្រះ​ឥសូរ​តែម្តង​។ ព្រោះ​គេ​ឃើញ​មានតែ​ភស្តុតាង​គឺ លិង្គព្រះឥសូរ​(​បដិមា​អំពី​ថ្ម​) និង​គេ​ឃើញ​សន្លឹក​មាស​ផ្នែក​កណ្តាល​មាន​ចម្លាក់​គោ​ន​ន្ទិ​ជា​ជំនិះ​របស់​ព្រះ​ឥសូរ​ផង​។

ដោយឡែក​ចំពោះ​ការវិភាគ​ម្យ៉ាងទៀត​ទៅលើ​ឈ្មោះថា “​ថ្ម​បាយក្អែក​បើ​គេ​គិត​តាម​ការ​និយម​តៗ​មក​របស់​ប្រជាពលរដ្ឋ​យើង​គឺ​វា​មានការ​ទាក់ទង នឹង​សំណុំ​បាយ​ហើយនឹង​ក្អែក​ដែល​សត្វ​ក្អែក​ហែក​ចឹក​សំណុំ​បាយ​នោះ ទើបបាន​ជាប់​ឈ្មោះ​ទីនោះ​ថា ថ្ម​បាយក្អែក​រហូតមក​។ ឧទាហរណ៍ ប្រជាកសិករ​ខ្មែរ​យើង​តែង​វេច​ខ្ចប់​បាយ​ដាក់​តាម​ខ្លួន​ទៅធ្វើ​ការ​តាម​ព្រៃ​ដូចជា​ទីនោះ​នៅពេល​មិនទាន់មាន​ប្រាសាទ​នៅឡើយ ក៏​មាន​ដុំ​ថ្ម​មួយ​ផ្ទាំង​ដែល​គេ​សម្រាប់​ទុក​សំណុំ​បាយ​នៅ​ទីនោះ​។ នៅពេល​ជាប់ដៃ​ធ្វើការ មិនបាន​ដឹងថា បាយ​ត្រូវ​អន្តរាយ​ដោយ​ក្អែក​ចឹក​ស៊ី​នោះ​ទេ បន្ទាប់មក​ទើប​ត្រឡប់មកវិញ​បាន​ក្រឡេក​ភ្នែក​ឃើញ​ក្អែក​ស៊ី​បាយ​លើ​ថ្ម​នោះ ដែល​បណ្តាលឲ្យ​គេ​ដាក់ឈ្មោះ​ទីនោះ​ថា ថ្ម​បាយក្អែក​។ ក្រោយមក​មាន​ប្រាសាទ​កសាង​នៅ​ទីនោះ​ទើប​គេ​អោយឈ្មោះ​ប្រាសាទ​នេះ​ថា ជា​ប្រាសាទ ថ្ម​បាយក្អែក​រហូត​ទល់នឹង​បច្ចុប្បន្ន​។ នេះ​គ្រាន់តែ​ជាការ​សន្មត និង​ការវិភាគ​អំពី​ឈ្មោះថា ប្រាសាទ ថ្ម​បាយក្អែក​ប៉ុណ្ណោះ​។ តែ​ចំពោះ​រឿង​ពិត ឬ​ជា​រឿង​ខាងដើម​យ៉ាងណា​នោះ​គឺ​ឋិត​នៅ​អាថ៌កំបាំង​នៅឡើយ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684