ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-04-15-l-full

ក្រុម​ជួយសង្គ្រោះ បាន​ដឹក​ស្បៀងអាហារ​ទៅកាន់​តំបន់​ភ្នំ​ហិមពាន្ត ក្រោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេ​ប៉ាល់​

 

ក្រុម​អាជ្ញាធរ បាន​ដឹក​ជំនួយ​ជា​ស្បៀងអាហារ និង​ចាប់ផ្តើម​ស្តា​ប្រព័ន្ធ​ផ្លូវ​ឆ្ពោះ​ទៅកាន់​តំបន់​ភ្នំ​ហិមពាន្ត ដែល​ស្ថិតនៅ​ភូមិភាគ​ឌុន​ឈី​នៅ​ប៉ែក​កណ្តាល​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ពោលគឺ​រយៈពេល​១​សប្តាហ៍ ក្រោយពី​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត បានសម្លាប់​មនុស្ស​ជាង​៧​ពាន់​នាក់​។

ភូមិភាគ​ឌុន​ឈី គឺជា​តំបន់​រដ្ឋបាល​មួយ​របស់​ស្រុក​រ៉ា​ស៊ូ​វ៉ា និង​ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត ដោយសារ​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៧.៨​រ៉ិ​ច​ទ័​រ។

ដោយសារ​ផ្លូវ​មួយចំនួន​ចូល​ទៅ​កាន់​តំបន់​រងគ្រោះ​ខូចខាត​ដោយសារ​បំណាក់​ដី​ស្រុត​នោះ កងកម្លាំង​ទ័ពអាកាស​ឥណ្ឌា​បាន​ចូលរួម​កិច្ច​សហប្រតិបត្តិការ ដើម្បី​ដឹក​ជញ្ជូន​ស្បៀងអាហារ ក៏ដូចជា​ជួយសង្គ្រោះ​អ្នកភូមិ ដែល​បាន​អះអាង​ថា ការ​ដឹក​ជញ្ជូន​តាម​ឧទ្ធម្ភាគចក្រ គឺជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​ចូល​ទៅដល់​កន្លែង​ពួកគេ​រស់នៅ។

លោក​ម៉ា​សល អាប់​ខា​ជី​ត សី​ញ គឺជា​មន្ត្រី​បញ្ជាការ​នៃ​កងទ័ពអាកាស​ឥណ្ឌា ដែល​កំពុង​សម្របសម្រួល​ការងារ​សង្គ្រោះ និង​ជំនួយ​សប្បុរសធម៌​នៅក្នុង​តំបន់​រង​នោះ បាន​ឲ្យ​ដឹង​ថា ឧទ្ធម្ភាគចក្រ​ទាំងនេះ បាន​ដឹក​ជនរងគ្រោះ​៨០០​នាក់ ក្នុង​នោះ​រួមមាន​ទាំង​ទារក​រង​របួស​ផង​ដែរ ព្រមទាំង​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​ទៀត ដែល​បាន​ជាប់​នៅ​តាម​តំបន់​ដាច់​ស្រ​យោល​ជាប់​នឹង​តំបន់​ភ្នំ​ហិមពាន្ត។

រីឯ​ពលរដ្ឋ​មួយ​រូប​ឈ្មោះ​ស៊ូ​វ៉ាស់ ខាល បាន​អះអាង​ថា ក្រុម​អ្នកស្រុក​ទាំងនេះ បាន​ជាប់​ក្នុងភូមិ​ដោយសារតែ ផ្លូវ​ខូចខាត​ដែល​បណ្តាល​មក​ពី​បំណាក់​ដី​ស្រុត។

យោង​តាម​សេចក្តី​រាយការណ៍​ពី​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង​៦​ម៉ឺន​ខ្នង បាន​ដួល​រលំ និង​រង​ការ​ខួច​ខាត​គ្មាន​សល់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684