ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-04-15-o-full

ការ​ស្តី​បន្ទោស នាំឲ្យ​អាប់ប្រាជ្ញា

 

វត្ថុបំណង​ដ៏​ធំ​មួយ​នៃ​ការ​កែលំអ គុណភាព​របស់​សាលារៀន គឺ​សាលា​រៀន​មាន​សិស្ស​ចូលរួម​រៀន​យ៉ាងច្រើន ឬ​គេ​ហៅថា ជា​ជោគជ័យ​នៃ​ការ​ប្រមូល​សិស្ស​ចូលរៀន​។ ប៉ុន្តែ​ក៏​គេ​ដឹង​ថា គឺ​សកម្មភាព​នៃ​កា​បង្រៀន​និង​រៀន​នោះ​ហើយ​ដែល​ជា​មូលដ្ឋាន​នៃ​ការ​ទាក់ទាញ​សិស្ស​ឲ្យ​កាន់តែ​ចង់​សិក្សា ឬ​ចង់​មក​សាលារៀន​រាល់ថ្ងៃ​។ ក្នុង​នោះ​គេ​ឃើញ​មាន​វិធានការ​ដ៏​ល្អ​របស់​គ្រូបង្រៀន​ដែល​គាត់​បាន​ប្រើប្រាស់​ល្បិច​នៃ​ការ​បង្រៀន​នោះ​គេ​ហៅថា ជា​ការ​ជំរុញ​លើកទឹកចិត្ត​សិស្ស​ដើម្បីឲ្យ​សិស្ស​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ក្នុង​ការ​សិក្សា​ប្រកបដោយ​ជោគជ័យ​។ ទន្ទឹមនេះដែរ​ចំពោះ​វប្បធម៌​នៃ​ការស្តីបន្ទោស ឬ​ការទម្លាក់​កំហុស​ដល់​សិស្ស​នោះ​គប្បី​មិនបាច់​ប្រើប្រាស់​នោះទេ ព្រោះ​វា​គ្មានអ្វី​ចំណេញ​ក្រៅពី​ធ្វើឲ្យ​សិស្ស​អាប់ប្រាជ្ញា​នោះឡើយ។

ដូចនេះ​យើង​នឹង​បន្ត​នូវ​ការ​បញ្ជាក់​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​អំពី​កត្តា​ពីរ​យ៉ាង​ដែល​មាន​ការ​ប៉ះពាល់​ដល់​សិស្ស ហើយ​ដែលនាំឲ្យ​សិស្ស​មានការ​ប្រែប្រួល​ផ្លូវចិត្ត​និង​អាកប្បកិរិយា​គឺ​ទី​១ ការស្តីបន្ទោស​សិស្ស និង​ទី​២ ការជំរុញ​លើកទឹកចិត្ត​សិស្ស។

ខ្ញុំ​ជា​អ្នក​រៀបចំ​អត្ថបទ​នេះ​ក៏​ជា​អតីត​អ្នកសម្របសម្រួល​ការងារ​កែលំអ​គុណភាព​អប់រំ​ប្រចាំ​ខេត្ត​គោលដៅ​ក្នុង​គម្រោង​ផង​ដែរ ម្ល៉ោះហើយ​តែង​បាន​ស្គាល់​បញ្ហា​នេះ​បាន​ច្បាស់​អំពី​ភាព​ក្តៅ ឬ​ត្រជាក់​របស់​វា​ពិតប្រាកដ។

ទី​១ បញ្ហា​ស្តី​បន្ទោស​សិស្ស ឬ​ទម្លាក់កំហុស​ដល់​សិស្ស​វា​នាំឲ្យ​សិស្ស​បាត់បង់​នូវ​ភាព​ក្លាហាន និង​ការ​ច្នៃប្រឌិត​របស់​ខ្លួន ឬ​ធ្វើឲ្យ​សិស្ស​លែង​មាន​ការ​ទុកចិត្ត​លើ​ខ្លួនឯង​តែម្តង។

គ្រូ​ស្តី​បន្ទោស​សិស្ស​នៅពេលដែល​សិស្ស​សរសេរ​មិនត្រូវ ឬ​ឆ្លើយ​មិនត្រូវ​។ ការស្តីបន្ទោស​សិស្ស​ក្នុង​ថ្នាក់ ឬ​ក្នុង​សមូហភាព​សិស្ស​យ៉ាងនេះ​តែង​ធ្វើឲ្យ​សិស្ស​នោះ​មានការ​ខ្មាសអៀន​ដល់​សិស្ស​ដទៃ ដែល​បណ្តាល​ឲ្យ​កើតមាន​នូវ​ភាព​ចំអកឡកឡឺយ​យ៉ាង​ផុសផុល​កងរំពង​។ ទង្វើ​បែប​នេះ​ហើយ​ដែល​ធ្វើឲ្យ​ទឹកចិត្ត​ដែល​គ្រូ​ស្តី​បន្ទោស ឬ​ទម្លាក់កំហុស​តាមរយៈ​ការវាយតម្លៃ​ដោយ​ការ​បង្អាប់​បន្តុះ​នោះ នឹង​បាត់បង់​ចំណង់​ចំណូលចិត្ត​នៃ​ការសិក្សា ក៏ដូចជា​បាត់បង់​នូវ​ការ​ដុះ​គំនិត​ដោយ​ធ្វើឲ្យ​គំនិត​ទាំងនោះ​រេច​រិល ឬក៏​ដូចជា​ពាក្យចាស់​ពោល​ថា ជា​ការ​ក្ដិចត្រួយ​ឲ្យ​អន្តរាយ​ជា​អសារ​បង់​។ បើ​សិស្ស​ប្រភេទ​នេះ​ត្រូវ​ទទួលរង​នូវ​ការ ស្តី​បន្ទោស​ជារឿយៗ​នោះ​ប្រាកដជា​សិស្ស​នោះ​លែង​ចង់​មក​រៀន​ពិតប្រាកដ ឬ​សិស្ស​នោះ​រមែង​មើល​ឃើញ​តែ​ការ​ឈប់​រៀន​និង​បោះបង់​ការសិក្សា​នោះ​ទេ​ទើប​រក​ភាពសុខសាន្ត​ឲ្យ​ខ្លួន​បាន​ប្រសើរ​ជាង​ការ​មក​រៀន។

ការស្តីបន្ទោស​ពី​មិត្តភក្តិ ឬ​សិស្ស​ជា​មិត្ត​រួម​ថ្នាក់​ជាមួយគ្នា​ក៏​បណ្តាលឲ្យ​សិស្ស​នោះ​មិន​ចង់​ជួប​មុខ​គេ​ដែរ​។ បើ​សិស្ស​នោះ​ធ្វើ​អ្វី​ក៏​ខុសៗ​នោះ​ប្រាកដជា​សិស្ស​នោះ​សុញគំនិត ឬ​ទាល់ច្រក​ហៅថា​មានគំនិត​ខ្មៅ​ងងឹត​បង្កើត​នូវ​គំនុំ និង​សំអប់​ក្នុង​ខ្លួន និង​នាំមក​នូវ​ការ​មិន​ទុកចិត្ត​គ្នា​ទៀត​ផង។ លើសពី​នេះ​ទៅ​ទៀត​ចំពោះ​សិស្ស​ដែល​គេ​បង្អាប់​បន្តុះ​ញឹកញាប់​នោះ​តែង​មាន​គំនិត​ខ្មៅ​កខ្វក់ ឬ​ហៅថា ជា​ការ​អាប់ប្រាជ្ញា​ដោយ​លែង​គិត​អ្វី​សម្រាប់​រួមបញ្ចូល​ក្នុង​ការ​សន្ទនា​ជាមួយ​គេ​នោះ​ទៀតឡើយ។ មាន​ផ្លូវ​តែ​ម្យ៉ាង​សម្រាប់​សិស្ស​ប្រភេទ​នេះ​គឺ​ការបោះបង់​ការសិក្សា ឬ​មានគំនិត​ស្អប់​សាលារៀន​យ៉ាង​ខ្លាំង​ក្រៃលែង​។ នេះ​គឺជា​ការខូចខាត​អនាគត​របស់​សិស្ស ប្រភេទ​នេះ​ចោល​ទទេ​តែម្តង។

ទី​២ ចំពោះ​ការជំរុញ​លើកទឹកចិត្ត​សិស្ស​គឺជា​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​ចិត្តសាស្ត្រ ក្នុង​ការ​អប់រំ​ដែល​ឈាន​ទៅ​រក​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ជា​ការ​ពិត​ណាស់​កាលណា​គេ​ធ្វើ​អ្វីមួយ​ដែល​ប្រកបដោយ​ការ​ប្រឹងប្រែង​ស្ទុះស្ទា អស់ពី​ចិត្ត​ពី​ថ្លើម​នោះ​កាលណា​ត្រូវ​បាន​ទទួល​នូវ​ការ​សរសើរ​ឬ​ការ​លើកទឹកចិត្ត​នោះ អ្វីៗ​ដែល​ជា​ការ​ហត់នឿយ​នោះ​ត្រូវ​បាន​សុខកាយ​សុខ​ចិត្តជា​ថ្នូរ​នៃ​ការ​ពេញចិត្ត​ទៅវិញ​យ៉ាងនេះ​ហើយ​ទើប​គេ​ដឹង​ថា ទោះជា​សិស្ស​ឆ្លើយ​ខុស​ឬ​ការ​សរសេរ​ខុស​ក្តី​ក៏​លោកគ្រូ​បង្រៀន​ប្រាប់​ថា ជិត​ត្រូវ​ហើយ​ឬ​គ្រាន់បើ​ហើយ​តើ​! ព្រោះ​មាន​ចំណុច​ល្អ​ត្រង់នេះ​ឬ ត្រង់នោះ​ផង​ដែរ​។ ម្ល៉ោះហើយ​សិស្ស​នោះ​តែង​ខំប្រឹង​ធ្វើ​បន្ត​ទៅ​ទៀត​លុះត្រាតែ​បាន​ល្អ​ឬ​បាន​ត្រឹមត្រូវ​និង​បាន​ពិន្ទុ​ល្អ ព្រមទាំង​បាន​ទទួល​នូវ​ការ​សរសើរ​ពី​គ្រូ​និង​ពី​សិស្ស​ទាំងអស់គ្នា​ផង។

ជា​បច្ច័យ​ល្អ​ក្នុង​ការ​បង្រៀន​និង​រៀន​គឺ​ត្រូវ​មាន​ការជំរុញ​លើកទឹកចិត្ត​ទើប​ការរៀន​របស់​សិស្ស​កាន់​តែមាន​ប្រសិទ្ធភាព​។ ផ្ទុយទៅវិញ​បើ​សិស្ស​ចេះតែ​មានការ​ទទួលរង​នូវ​ការស្តីបន្ទោស ឬ​ការ​ទម្លាក់កំហុស​ជា​ញឹកញាប់​នោះ​ប្រាកដជា​ធ្វើអោយ​សិស្ស​នោះ​មានការ​អាប់ប្រាជ្ញា​មិនខាន​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684