សកម្មភាព ប្រកបដោយសីលធម៌ក្នុងការទាក់ទងរវាងមនុស្ស និងមនុស្សនោះ គឺការជួយគ្នាទៅវិញទៅមក។ មានពេលខ្លះ យើងត្រូវជួយគេ និងមានពេលខ្លះគេជួយយើង ទៅតាមតម្រូវការចាំបាច់នៃ ជីវភាពរស់នៅ។ ជាក់ស្តែងចំពោះការបោះឆ្នោតគាំទ្រទៅលើគណបក្សនយោបាយនោះក៏មានលក្ខណៈស្របទៅតាមតម្រូវការទៅវិញទៅមកដែរ។ ដូចនេះក្រោយពីបានបោះឆ្នោតរួចក៏ម្ចាស់ឆ្នោតនៅរង់ចាំមើលស្នាដៃរបស់គណបក្សនីមួយៗ ថាតើ គណបក្សនយោបាយនោះមានទង្វើអ្វីខ្លះជាផលប្រយោជន៍ក្នុងការជួយជាតិ។
ចំពោះទស្សនៈ របស់មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រនយោបាយតែងយល់ឃើញថា ត្រើយនាយ របស់រដ្ឋ គឺជាសុភមង្គលរបស់សមាជិកក្នុងរដ្ឋ។ មានន័យថាគណបក្សនយោបាយនីមួយៗ បានបង្កើតផែនការព្រមទាំងបញ្ចេញនូវសកម្មភាពយ៉ាងណាក្នុងការជួយសង្គមជាតិក៏ដូចជាជួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យមានការរស់នៅប្រកបដោយសុខក្សេមក្សាន្ត និងមានការរីកចម្រើន ព្រមទាំងមានជីវភាពធូរធារហៅថា ជាការកាត់បន្ថយនូវភាពក្រីក្រយ៉ាងនោះដែរ។
ទន្ទឹមនេះដែរសាធារណមតិបានបញ្ជាក់ថា ចំពោះគោលនយោបាយរបស់ គណបក្សនីមួយៗ នៅពេលឃោសនារកសំឡេងឆ្នោតនោះឃើញថា ល្អប្រពៃមែន ឬហៅថាជាការតម្រូវតាមទឹកចិត្តប្រជាពលរដ្ឋតែម្តង។ ប៉ុន្តែហេតុអ្វីក៏ក្រោយការបោះឆ្នោតមកនេះ ធ្វើឲ្យគោលនយោបាយនោះសម្ងំនៅតែក្នុងក្រដាស ឬឯកសារទៅវិញ? គេយល់ថា មេគណបក្សនយោបាយគួរតែលើកយកគោលការណ៍នៃខ្លឹមសារនយោបាយមកអនុវត្តតាមតិចតាមច្រើន និងតាមរយៈធនធាន ឬជាកម្លាំងនៃសមត្ថភាពរបស់ខ្លួនរែកទូលបានប៉ុនណា ជាហូរហែបន្តទៅ?
មជ្ឈដ្ឋានសាធារណៈ តែងយល់ឃើញថា ធ្វើនយោបាយលុះត្រាតែមានការសន្សំពីតូចទៅធំឬពីតិចទៅច្រើន ក្នុងការជួយជាតិ ទើបជាតិមើលឃើញជាបន្តទៅដែរ។ គេបាននិយាយថា ប្រជាពលរដ្ឋតូច ដែលមានអាសនៈ តិចនៅក្នុងសភាក៏ដោយក៏ជាចំណែកមួយក្នុងការចូលរួមពីឆន្ទៈ ប្រជាពលរដ្ឋដែរ។ គឺគួរតែគណបក្សនយោបាយនោះបញ្ចេញសកម្មភាពតាមមានតាមបានក្នុងការជួយជាតិ ឬជួយប្រជាពលរដ្ឋទៅ ទើបមានន័យថា ជាការតបស្នងសងគុណ ម្ចាស់ឆ្នោត។ មកដល់ចំណុចនេះគេតែងធ្វើការកត់សំគាល់ឃើញថា គណបក្សតូចតាចមិនទាន់មានទង្វើណាជួយជាតិដើម្បីឲ្យប្រជាពលរដ្ឋចិញ្ចឹមចិត្តនិងឆន្ទៈរបស់ខ្លួនដើម្បីគាំទ្រលើកក្រោយទៀតឡើយ។ គឺកន្លងមកនេះ គេឃើញតែគណបក្សជាប់ឆ្នោតលំដាប់នាំមុខគេ ឬមានឈ្មោះថា ជាគណបក្សកាន់អំណាចនោះទេ ដែលមានស្នាដៃកសាងជាតិយ៉ាងលេចធ្លោលើសគេ។ ប្រជាពលរដ្ឋតែងបានទទួលផលប្រយោជន៍ និងការរួមរស់ជាមួយគ្នា ប្រកបដោយការដឹងសុខទុក្ខប្រជាពលរដ្ឋពីសំណាក់នៃអ្នកនយោបាយកាន់អំណាចយ៉ាងស្អិតល្មួតបំផុត។ ជាពិសេសអំពើល្អទាំងនេះ កាន់តែរីកចម្រើន ដុះដាលក្នុងការសាងវឌ្ឍនភាពដល់សង្គម ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។
បើគេធ្វើការប្រៀបធៀបទៅតាមទង្វើជាក់ស្តែងនៃគណបក្ស នយោបាយទាំងតូចទាំងធំនោះគេបានស្គាល់ច្បាស់អំពីមុខមាត់ ឬអត្តចរិតនៃអ្នកនយោបាយទាំងអស់នោះពិតប្រាកដទៅហើយថាមានអ្នកនយោបាយជួយជាតិ និងក៏មានអ្នកនយោបាយតាមបែបពាក្យចាស់ថា “មិនជួយចូកចែវ បែរជាយកជើងរាទឹក“។ មានមតិខ្លះទៀតបានឲ្យដឹងថា ខ្វះអ្វីលុយ! គឺគណបក្សតូចមែនតែមានគេឧបត្ថម្ភ លុយពីក្រៅឬពីក្នុងមិនស្ទើរទេ ដែលគេមានបំណងឲ្យគណបក្សនេះ ធ្វើទុនក្នុងការបង្កើនប្រជាប្រិយភាពក្នុងសង្គមសម្រាប់ធ្វើឲ្យមានសំឡេង គាំទ្រនាអាណតិ្តក្រោយទៀតនោះ។ ប៉ុន្តែបើមេនៃគណបក្សតូចតាចនោះមិនមានអ្វីសងគុណម្ចាស់ឆ្នោតទេនោះក៏សន្មតថា លើកក្រោយកាន់តែខើចនិងចុះថយពិតប្រាកដ។
សរុបមកមានតែគណបក្សនយោបាយណាបានធ្វើឲ្យប្រជាពលរដ្ឋមានការកក់ក្តៅនិងមានសង្ឃឹមជឿជាក់គឺ ហ៊ានថា ហ៊ានធ្វើក្នុងការជួយម្ចាស់ឆ្នោតនោះ ទេទើបម្ចាស់ឆ្នោតនៅតែបន្តនិងបង្កើនការគាំទ្រគ្រប់ៗ អាណតិ្តក្រោយៗ ទៀតដោយនៅតែជាប់ឆ្នោតនាំមុខគេដដែល៕