ព័ត៍មានទាន់​ហេតុការណ៏
Search
02

ស្វែងយល់​អំពី​សំណង់ ក្រោល​រមាស ឬ​ជា​ក្រោល​ដំរី​នៅ​សម័យអង្គរ

 ក្នុង​សម័យ​អង្គរ​ដែល​គេ​គិត​ពី​គ​.​ស ៨០២ ដល់​គ​.​ស ១៤៣២ ជា​សម័យ​ដែល​មាន​ការ​រីកចម្រើន​នៃ​ជាតិខ្មែរ​ហៅថា ខ្ពង់ខ្ពស់​ដល់​កំពូល​តែម្តង​។ សម័យ​អង្គរ​បាន​បង្ហាញ​ភស្តុតាង​ដ៏​ច្បាស់ក្រឡែត​គឺ​ប្រាង្គ​ប្រាសាទ​នានា ប្រកបដោយ​អច្ឆរិយ​បំផុត​។ ក្រៅពី​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ​នោះ​ក៏​គេ​បានឃើញ​សំណង់ ឬ​កន្លែង​មួយ​ហៅថា ក្រោល​រមាស ដែល​អ្នកខ្លះ​ហៅថា ក្រោល​ដំរី មាន​មួយ​កន្លែង​ផង​ដែរ​។ បន្ទាប់​ទៅ​នេះ​ខ្ញុំ​បង្ហាញ​អំពី​ប្រ​វ​តិ្ត​ព័ត៌មាន​សង្ខេប​នៃ​ក្រោល​រមាស ឬ​ក្រោល​ដំរី ព្រមទាំង​ធ្វើការ​វិភាគ និង​ពិចារណា​ដូច​ខាងក្រោម​នេះ ៖

បើ​តាម​ប្រ​វ​តិ្ត​ព័ត៌មាន​នៃ​ក្រោល​រមាស ឬ​ក្រោល​ដំរី នេះ​មាន​ស្តួចស្តើង​ណាស់ ព្រោះ​ពុំ​មាន​ឯកសារ​ណាមួយ​បង្ហាញ​ឲ្យ​បាន​ច្បាស់​ថា តើ​ក្រោល​រមាស​សម្រាប់​ដាក់​សត្វ​រមាស ឬក៏​សម្រាប់​ដាក់​សត្វ​ដំរី​នោះ​ឲ្យ​បាន​ប្រាកដប្រជា​នោះ​ទេ​។ ជាពិសេស​ក៏​ពុំ​មាន​ឯកសារ​ណាមួយ​បាន​បញ្ជាក់​ថា តើ​ក្រោល​រមាស ឬ​ក្រោល​ដំរី​នេះ​កសាង​កាលពី​ឆ្នាំ​ណា និង​ដោយសារ​ស្តេច​អង្គណា​នោះទេ។

បើ​ផ្អែក​តាម​ឯកសារ​តំបន់​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទំព័រ ១៤៩ របស់​លោក កែវ​.​ភួង​បាន​ឲ្យដឹងថា ក្រោល​រមាស​ឋិត​នៅ​ប្រហែល​៥០០​ម៉ែត្រ​ខាង​ទិសឦសាន​នៃ​ទ្វារ​ដី​ឆ្នាំង នៅ​ខាងកើត​ផ្លូវ​វង់​ធំ​ចម្ងាយ​ប្រហែល​៦០​ម៉ែត្រ​។ កន្លែង​នេះ​កសាង​ជាប់​និង​ទំនប់​បារាយណ៍​ដែល​មាន​បណ្តោយ​៩៨​ម៉ែត្រ និង​ទទឹង​៤០​ម៉ែត្រ​។ វា​មាន​ជញ្ជាំង​២​ជាន់​ធ្វើ​អំពី​ថ្មបាយក្រៀម និង​មាន​ជណ្តើរ​នៅ​ខាងជើង​ភ្ជាប់​ទៅនឹង​ទំនប់​បារាយណ៍​។ តាម​សេចក្តី​បញ្ជាក់​ខាងក្រោម​នៃ​អត្ថបទ​នេះ​បាន​ឲ្យ​ដឹង​ថា អ្នកស្រុក​បាន​ហៅ​ទីនោះ​ថា​ជា​កន្លែង​សម្រាប់​ដាក់​រមាស តែបើ​ដាក់​ដំរី​ដូចជា​មិន​សម ព្រោះ​ដំរី​ធំៗ​ណាស់។

ចំពោះ​ឯកសារ​សៀវភៅ​មគ្គុទ្ទេសក៍​នគរ​របស់​លោក អាចារ្យ ប៉ាង​ខាត់​ទំព័រ​៩៥ បាន​បញ្ជាក់​អំពី​ក្រោល​ដំរី​ថា ក្រោល​នេះ​មាន​កំពែង​ថ្មបាយក្រៀម​វង់​មូល​កំពស់​៣​ម៉ែត្រ មាន​ផ្លូវ​ចូល​ពីរ​កន្លែង កន្លែង​សម្រាប់​ផ្សាំង​ដំរី​ដែល​ទើប​ចាប់បាន​។ គឺ​ក្រោល​ដំរី​នេះ​នៅ​ជិត​នគរធំ​ដែរ ដែល​មាន​ចម្ងាយ​៤០០​ម៉ែត្រ​ពី​នគរធំ។

ព័ត៌មាន​ខ្លី​តែ​ប៉ុណ្ណឹង​ទេ សម្រាប់​ការវិភាគ​បន្ត បាន​ឲ្យ​ដឹង​ថា ជាទូទៅ​បើ​និយាយ​ថា ជា​ក្រោល​ដំរី​សម្រាប់​ផ្សាំង​ក្រោយ​ពេល​ដែល​ទើប​ទាក់​បាន ឬ​ចាប់បាន (​ដំរី​) នោះ​ទើប​មាន​លក្ខណៈ​សម​ហេតុផល​ជាង​។ ប៉ុន្តែ​បើ​និយាយ​ជា​ក្រោល​រមាស​នោះ ដូចជា​មិន​សម​នោះ​ទេ ព្រោះ​រមាស​គេ​មិនដែល យក​វា​ទៅ​ប្រើ​ប្រាស់​ឬ​បម្រើ​ការងារ​ជា​ជំនួយ​ដល់​មនុស្ស​នោះ​ឡើយ​។ ប៉ុន្តែ​ប្រហែលជា​មានការ​ដាក់​សត្វរមាស​នៅ​ទីនោះ​ម្តងម្កាល ក្រោយពី​ការ​ផ្សាំង​ដំរី​បាន​បញ្ចប់​នោះ​ទើប​អាច​មាន​។ ជួនកាល​អ្នកស្រុក​នៅ​ជិត​នោះ​តែង​និយាយ​ព្រម​ជាមួយគ្នា​ថា ក្រោល​រមាស និង​ក្រោល​ដំរី​សំដៅ​ទៅ​ទីនោះ​ក៏​ថា​បាន​ដែរ ទៅតាម​ទម្លាប់​នៃ​ការ​និយាយ​ឲ្យ​បាន​ហូរហែ​និង​ក្បោះក្បាយ។

ធាតុ​ពិត​នៃ​ការពិចារណា អំពី​ក្រោល​នេះ​គឺអាច​មានការ​យល់ស្រប​គ្នា​នឹង​មតិ​ភាគច្រើន​ថា ជា​ក្រោល​ដំរី​តែម្តង​។ ដ្បិត​បញ្ហា​ដំរី​ជា​យានជំនិះ​ដ៏​ឧត្តុង្គឧត្តម​ប្រសើរ​ថ្លៃថ្លា​ខ្ពង់ខ្ពស់​នា​សម័យអង្គរ​។ ជាពិសេស​ព្រះទីន័ង​គជេន្ទ្រ (​ដំរី​ជំនិះ​ក្សត្រិយ៍​)​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​ទំព័រ ៤៣១​។ បាន​សេចក្តី​ថា សម័យ​អង្គរ​ពុំ​មានរ​ថយ​ន្ត ឬ​យានជំនិះ​ឯណា ប្រសើរ​ជាង​ដំរី​នោះឡើយ​ហើយ​បន្ទាប់មក​គឺ​សេះ​។ ឯ​បញ្ហា​ធ្វើសឹក​សង្គ្រាម​នោះ​ក៏​កងទ័ព​ដំរី​ជា​កំពូល​នៃ​ការប្រយុទ្ធ​នោះដែរ​។ កាលណោះ​ប្រទេស​កម្ពុជា​យើង​សម្បូរ​ព្រៃព្រឹក្សា​ហើយក៏​មាន​សត្វ​ដំរីព្រៃ​រស់នៅ​តាមបែប​ធម្មជាតិ​ច្រើន​ដែល​មាន​ហ្មដំរី​ទាក់​បាន​ពី​ព្រៃ​ជា​ញឹកញាប់។

គេ​តែង​បានឮ​ការ​និទាន​ពី​ចាស់ៗ​កន្លង​មកពី​រឿង​ស្តេច​យាង​តាម​ព្រៃ ដើម្បី​ទាក់ដំរី​ទៀតផង​។ ចំពោះ​ដំរី​ដែល​ទាក់​បាន ឬ​ចាប់បាន​នោះ​តែង​យកទៅ​ផ្សាំង​ធ្វើអោយ​ស្លូត​តាម​ការបង្ហាត់​ហ្វឹកហ្វឺន​ពី​ហ្មដំរី​ឲ្យ​មាន​បែបបទ​ទើប​យក​ទៅ​ប្រើប្រាស់​ទាំង​យានជំនិះ​និង​ទាំង​ការ​អូសទាញ​ថ្ម ដើម្បី​កសាង​ប្រាសាទ​។ ដូចនេះ​កន្លែង​ក្រោល​រមាស ឬ​ក្រោល​ដំរី​នេះ​ជា​មជ្ឈមណ្ឌល​ផ្សាំង​ដំរី​ដែល​ទើប​ទាក់​បាន គឺជា​រឿង​ត្រឹមត្រូវ​និង​សម​ហេតុផល​ប្រាកដ​មែន៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684