ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-02-18-full-O

ស្វែងយល់​ពី​ច្បាប់ ៖ គោលការណ៍​មិន​ប្រតិសកម្ម​ករណី​ច្បាប់​បាន​ជម្រះ​លើ​អំពើ​នោះ​រួចហើយ​

​ ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ណាមួយ ឬ ផ្សេងទៀត​មុនពេល​ច្បាប់​ថ្មី​ចូលជា​ធរមាន​រួច​អំពើ​នោះបាន​ជំនុំជម្រះ​ជា​ស្ថាពរ​ហើយ នោះ​ច្បាប់​ថ្មី​គ្មាន​អានុភាព​អនុវត្ដទៅលើអំពើ​នោះ​បាន​ទេ​។ យើង​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា ការសម្រេច​របស់​តុលាការ​ជា​ស្ថាពរ​ទៅលើ​អំពើ​ណា​មួយ​ហើយ គឺ​គ្មាន​នូវ​ច្បាប់​ថ្មី​ណាមួយ​មាន​អានុភាព​ប្រតិសកម្ម​ទៅលើ​អំពើ​នោះ​ឡើយ​។​
បញ្ហា​មួយទៀត​អាច​ចោទឡើង នៅពេលដែល​បុគ្គល​ធ្លាប់​ត្រូវបាន​ផ្ដន្ទាទោស​ជា​ស្ថាពរ រួច​ហើយ​ក្រោម​អំណាច​នៃ​ច្បាប់ព្រហ្មទណ្ឌ​ចាស់ ដែល​ពុំទាន់​បានចែង​ពី​ស្ថាន​ទម្ងន់ទោស ក្នុងករណី​មិន​រាងចាល​។ ក្នុងករណីនេះ​ជនល្មើស​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទី​ពីរ ក្រោយពេល​ក្រម​ព្រហ្មទណ្ឌ​ចូល​ជា​ធរមាន​ពោល គឺ​ជនល្មើស​គួរតែ​បានដឹង ហើយ​ថា​ខ្លួន​អាច​នឹងត្រូវ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​ជាង​ធម្មតា នៅ​ពេល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​លើក​ក្រោយនេះ​។ ហេតុដូច្នេះ​គប្បី​អនុញ្ញាត​ឲ្យ​យក​ការ​ផ្ដន្ទាទោស មុន​ពេល​ក្រមព្រហ្មទណ្ឌ​ចូល​ជា​ធរមាន​មក​ធ្វើជា​មូលដ្ឋាន នៃ​ការ​កំណត់​ថា​ជា​ករណី​នៃ​ការ​មិន​រាង​ចាល សម្រាប់​បទល្មើស​ដែល​ប្រព្រឹត្ត​នៅពេល​ក្រោយនេះ​បាន​។​
ឧទាហរណ៍ ​៖
ឈ្មោះ ​ក ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ពី​បទ​ចោរកម្ម​តាម​បញ្ញត្តិ​នៃ​មាត្រា​៤៣​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​អន្តរកាល​ដោយ​ដាក់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​។ សាលក្រម​ផ្ដន្ទាទោស​បាន​ចូល​ជា​ស្ថាពរ​នៅ​ថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០០៩ (​មុន​ពេល​ក្រមព្រហ្មទណ្ឌ​ចូល​ជា​ធរមាន​)​។ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១១ ឈ្មោះ​ ក បាន​លួច​យក​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ម្ដងទៀត ដោយ​មិន​រាងចាល ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​។ យោង​តាម​មាត្រា​៨៨​នៃ​ក្រមព្រហ្មទណ្ឌ​ឈ្មោះ​ ក បាន​ប្រព្រឹត្ត​បទ​ល្មើស​ថ្មី​មួយទៀត ដូច្នេះ​បុគ្គល ក មាន​ការ​មិន​រាងចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទ​មជ្ឈិម​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684