ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-04-15-g-full

សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា បើក​កិច្ច​ប្រជុំ បូកសរុប​ការ​ងារ ត្រីមាស​ទី​១​និង​ដាក់ទិសដៅ ត្រីមាស​ទី​ពី​ឆ្នាំ២០១៥

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី៤ មេសា សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​បូកសរុប ការ​ងារ ត្រីមាស​ទី​១​ឆ្នាំ​២០១៥ និង​បន្ត​ដាក់​ទិសដៅ ត្រី​មាស ទី​ពី សម្រាប់​ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ពិធី​នោះ​មានការ​ចូលរួម​ពី​លោក សំហេង បុរស់ អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច​និង​លោក វង្ស សុវណ្ណ អតីត​ប្រធាន​សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា និង​ជា​អគ្គ​លេខាធិការរង​គណៈ​កម្មការ​ដោះស្រាយ បាតុកម្ម កូដកម្ម និង កម្មករ កម្មការិនី​ជា​សមាជិក​សហជីព​ជាច្រើន​រូប។

លោក ងួន ហេ ប្រធាន​សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា​បាន​លើកឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​សំហេង បុរស​. ..​លោក​បណ្ឌិត​វង្ស សុវណ្ណ អគ្គ​លេខាធិការ​រង​គណៈ​កម្មការ​ដោះស្រាយ បាតុកម្ម កូដកម្ម និង កម្មករ កម្មការិនី​ជា​សមាជិក​សហជីព​ជាច្រើន​រូប។

លោក​ងួន ហេ បន្ត​ថា ក្នុង​រយៈពេល​១​ត្រីមាស​ក្នុង​ដើមឆ្នាំ​២០១៥​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ចុះ​ពង្រឹង​និង​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ជូន​ដល់​សមាជិក និង បាន​ចុះ​ចងក្រង​សហជីព​ថ្មី​នៅ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឲ្យ​សមាជិក​សហជីព​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់។ លោក​បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​អភិវឌ្ឍន៍​សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ទាំង​បរិមាណ​និង​គុណភាព។

ប្រធាន​សហជីព​រូប​នេះ​បន្ត​ទៀត​ថា ជាក់ស្តែង​ក្រុមការងារ​សហជីព​បាន​ចុះ​ចរចា​និង​ដោះស្រាយ​លក្ខខណ្ឌ​បាន​៩​ចំណុច​នៅ​រោងចក្រ​សាន់​វើ​ល​, ដោះស្រាយ​លក្ខខណ្ឌ​បាន​៦​ចំណុច​នៅ​រោងចក្រ​ស្គៃ​ន​ឌី​ណា​វៀន , ដោះស្រាយ​លក្ខខណ្ឌ​ការងារ​បាន​១៣​ចំណុច​នៅ​រោងចក្រ​ស៊ូ​ព្រី​មៀរ​ធូ​,​ដោះស្រាយ​លក្ខខណ្ឌ​បាន​៩​ចំណុច​នៅ​រោងចក្រ​GDM,​ដោះស្រាយ​លក្ខខណ្ឌ​បាន​២១​ចំណុច​នៅ​រោងចក្រ​យូ​ស៊ី​នី​ត​, ដោះស្រាយ​លក្ខខណ្ឌ​ការងារ​បាន​១៣​ចំណុច​នៅ​រោងចក្រ​លី​ដ​វី​ង​ស៊ូ​(​ថៃ​អាន​), ដោះស្រាយ​លក្ខខណ្ឌ​ការងារ​បាន​២៧​ចំណុច​នៅ​រោងចក្រ​ប៉ុន​តឺ​ស​ហ្វ៊ូ​ត​វែ​រ​, ដោះស្រាយ​បញ្ហា​ជូន​កម្មករ​សិប្បកម្ម​តម្បាញ​ធាន​ឡុង​បាន​១៧​នាក់​ខណៈ​ពេល​សិប្បកម្ម​ប្តូរ​ទីតាំង​និង​ដោះស្រាយ​ជូន​កម្មករ​រោងចក្រ​លាន ស៊ឹង​ចំនួន​១១០​នាក់​ខណៈ រោងចក្រ​ផ្លាស់ប្តូរ​ម្ចាស់​ភាគហ៊ុន​ថ្មី។

ក្រៅពីនោះ​សហព័ន្ធ​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​រួម​នៅ​រោងចក្រ​ស៊ូ​ព្រី​មៀរ​ធូ ,​បាន​សហការ​ចងក្រង​សហជីព​មូលដ្ឋាន​ថ្មី​នៅ​រោងចក្រ​សៀន​ហ្វា​ង​និង​កំពុង​បន្ត​ចងក្រង​នៅ​រោងចក្រ​លាន​ហាវ​ហ្គា​ម៊ី​ន​(​ខេ​ម​បូ​ឌា​)​បន្ថែម​ទៀត។ លោក​ក៏បាន​លើកឡើង​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​នៅ​ឆមាស​ទី​១​និង​ទី​២​ឆ្នាំ​២០១៥​ឲ្យ​ទទួល​បាន​ជោគជ័យ។

លោក​បណ្ឌិត​វង្ស សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​សូម​ធ្វើការ​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​របស់​សហជីព​ទាំង​៤​ដែល​បាន​សម្រេច​បាន​នា​ពេល​កន្លងមក។ លោក​បន្ត​ថា​ដើម្បី​ឲ្យ​ការងារ​ ការពារ​កម្មករ​ឲ្យ​បាន​ទទួលជោគជ័យ​បន្ថែម​ទៀត សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា​ត្រូវតែ​ពង្រឹងសមត្ថភាព ការ​ចុះ​អនុសារណៈ​រួម​នៅ​តាម​បណ្តា​រោងចក្រ​។ លោក​បាន​បន្ត​ថា ការ​ផ្តល់​អនុសញ្ញា​រួមមាន​តែ​នៅ​កម្ពុជា​ដែល​ផ្តល់​សិទ្ធ​អោយ​សហជីព​ធ្វើការ​ងារ​បំរើ​ផល​ប្រ​យោ​ជ​ន៏​ជូន​កម្មករ។

លោក​សំហេង បុរស់ បាន​មាន​ប្រសា​ស​ន៍​ថា លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​ដែល​សហជីព​សម្រេច​បាន​ក្នុង​ត្រី​មាន​ទី​១​និង​ដាក់​ទិសដៅ​បន្ត​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៥។ ក្រោយពី​បញ្ចប់​អង្គពិធី​និង​តំណាង​កម្មករ បាន​ហូបបាយ​សាមគ្គី​អបអរសាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាងមុខនេះ​។ ការ​ងារ​សហជីព​ជា​ការ​ងារ​សំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​សិទ្ធ​ជូន​កម្មករ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684